កម្ពុជា-ច្បាប់

សង្គម​ស៊ីវិល​ជំរុញជា​ថ្មី​ឲ្យ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​

អ្នកសារព័ត៌មានកម្ពុជា
អ្នកសារព័ត៌មានកម្ពុជា @RFI

អង្គការ​ និង​សមាគម​ជិត​២០​ស្ថាប័ន ​កាលពី​ម្សិល​មិញ​ បាន​ជំរុញជា​ថ្មីទៀត​ ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ឲ្យ​កាន់​តែ​ឆាប់​ ខណៈ​សេចក្តី​ព្រាង​ច្បាប់​នេះ ​ត្រូវ​បានរៀប​ចំ​តាក់​តែង​ និង​ពិភាក្សា​ដោយ​ប្រើ​ពេល​ជាង​១០​ឆ្នាំ​មក​ហើយ​។​

ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត​៤ ​ដាច់​ដោយ​ឡែក​ពី​គ្នា​ទៅ​ស្ថាប័ន​កំពូល​របស់​រដ្ឋ ​និង​រដ្ឋាភិបាល ​ក្រុុម​អង្គការ​សង្គមស៊ីវិល​បាន​គាំទ្រ​ដំណើរ​ការ​តាក់​តែង​ច្បាប់​ និង​អនុម័ត​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​ ដោយ​ថា ​ដើម្បី​លើក​កម្ពស់​អភិបាល​កិច្ច​ល្អ ​និង​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​។

អង្គការ​ និង​សមាគម​ទាំង​១៩ ​រួមមាន​ វិទ្យាស្ថានតស៊ូមតិ ​និង​គោលនយោបាយ​ គណកម្មាធិការ​សហប្រតិ​បត្តិការ​ដើម្បី​កម្ពុជា ​វេទិកា​នៃអង្គការ​មិន​មែន​រដ្ឋាភិបាល ​ស្តីពី​កម្ពុជា ​មជ្ឈមណ្ឌលអប់រំច្បាប់​សម្រាប់​សហគមន៍ ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ ក្រុមការងារ​ដើម្បី​ដោះស្រាយទំនាស់ ​សមាគម​IDEA សមាគម មន្ត្រីរាជការ ឯករាជ្យ កម្ពុជា​ជាដើម។

អង្គការ​សង្គម​ស៊ីវិល​ នៅថ្ងៃ​ទី​០៨​ ខែ​កុម្ភៈ​​បាន​លិខិត​ដាច់​ដោយឡែក​ពីគ្នា​នេះ ​ទៅ​ក្រសួងព័ត៌មាន​ ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និងរដ្ឋាភិបាល ដើម្បី​ជំរុញ​ទៅស្ថាប័ន​រដ្ឋទាំង​នោះ​ធ្វើ​ការពិនិត្យ ​ដេញដោល​ និង​អនុម័ត​ច្បាប់​ស្តីពី ​សិទ្ធិ​ទទួល​បានព័ត៌មាន​ឲ្យបាន​ឆាប់ៗ​ និង​ដាក់​បញ្ជូល​ក្នុង​ផែន​ការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ ​(២០១៩-២០២៣)​ ក្នុង​នីតិកាល​ទី​៦នេះ ​ដើម្បីលើក​កម្ពស់អភិបាល​កិច្ចល្អ និងសិទ្ធិទទួលបានព័ត៌មាន។

ក្នុង​ជំនួបលើកទី​៣​របស់​ប្រមុខ​រដ្ឋាភិបាល​ ជាមួយ​អ្នកសារ​ព័ត៌មាន​ កាលពីថ្ងៃទី១១​ ខែ​មករា​ ឆ្នាំ​២០១៩​ លោក​ហ៊ុន សែន ក៏បានថ្លែង​គាំទ្រ និង​ធានាឲ្យមាន​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បានព័ត៌មាន​ក្នុង​នីតិកាល​ពី​៦នេះ។

បើតាម​អង្គការ​សង្គម​ស៊ីវិល​ ស្ថាប័ន​សាធារណៈ ​ត្រូវ​បំពេញ​ភារៈកិច្ច​ប្រកប​ដោយ គុណភាព​ ប្រសិទ្ធិភាព​ តម្លាភាព​ និង​គណនេយ្យភាព​ ជាពិសេស​កាត់​បន្ថយព័ត៌មាន​សម្ងាត់​ឲ្យ​មាន​កម្រិតទាប​បំផុត​ និង​ធានា​ឲ្យមាន​ការ​ចូលរួម​ពី​សាធារណៈជន​ក្នុង​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​កិច្ចការ​វប្បធម៌​ជាតិ​យ៉ាង​សកម្ម​ និង​មាន​គុណភាពខ្ពស់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI