រដ្ឋសភានឹងក្លាយជា«សមរភូមិក្តៅ»!
ចុះផ្សាយនៅថ្ងៃ៖
អំណឹះតទៅ រដ្ឋសភាទំនងជាមិនមែនជាទីកន្លែងស្ងប់ស្ងាត់ដូចមុនទៀតទេ។ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥ នាក់ដែលនឹងចូលទៅបង្គ្រប់កៅអី ១២៣ របស់រដ្ឋសភាច្បាស់ជាត្រូវរូតរះបញ្ចេញសកម្មភាពដើម្បីបង្ហាញប្រាប់អ្នកគាំទ្ររបស់ខ្លួនថា ពួកគេមិនមែនចូលទៅសម្ងំស្ងៀមដូចការសង្ស័យនោះទេ។ នៅក្នុងស្ថានភាពបែបនេះ រដ្ឋសភាច្បាស់ជានឹងក្លាយទៅជា«សមរភូមិក្តៅ» រវាងគណបក្សទាំងពីរយ៉ាងពិតប្រាកដ។ «សមរភូមិ»នេះអាចនឹងផ្តល់ផលល្អឬអាក្រក់អាស្រ័យទៅលើគោលដៅរបស់អ្នកនយោបាយនៃគណបក្សទាំងពីរ។នេះគឺជាវិញ្ញាសាដ៏សំខាន់សម្រាប់វាស់ស្ទង់ភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់អ្នកនយោបាយខ្មែរ។
ដំណើរចូលទៅអង្គុយក្នុងរដ្ឋសភារបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ៥៥នាក់គឺជាការបញ្ចប់ភាពតានតឹងនយោបាយដែលបានអូសបន្លាយពេញមួយឆ្នាំ។ ប៉ុន្តែ វាមិនមែនជាដំណឹងល្អសម្រាប់អ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាច្រើនដែលប្រាថ្នាចង់ឃើញការផ្លាស់ប្តូរនោះទេ។ ប្រឈមនឹងការរិះគន់ដូចទឹកបាក់ទំនប់ គណបក្សសង្គ្រោះជាតិប្រាកដជាមិនអាចសម្ងំស្ងៀមបានឡើយ។
ពួកគេច្បាស់ជាមិនបង្អង់យូរឡើយក្នុងការបញ្ចេញសកម្មភាពដើម្បីបង្ហាញអ្នកគាំទ្ររបស់ខ្លួនថាពួកគេចូលក្នុងសភាមិនមែនដើម្បីបង្គ្រប់កៅអីឲ្យស្ថាប័ននីតិប្បញ្ញត្តិដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះទេ ប៉ុន្តែ ពួកគេចូលសភាដើម្បីតតាំងជាមួយគណបក្សកាន់អំណាច។ រហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជាហាក់បានបង្ហាញជំហរទន់ភ្លន់និងសម្របសម្រួលច្រើនជាមួយគណបក្សសង្គ្រោះជាតិដើម្បីឲ្យគណបក្សនេះមានទំនុកចិត្តក្នុងការចូលទៅអង្គុយក្នុងរដ្ឋសភា។ ប៉ុន្តែ គេមិនដឹងថា បន្ទាប់ពីបក្សប្រឆាំង ចូលទៅអង្គុយក្នុងសភារួចហើយ ការស្រុះស្រួលគ្នាអាចនឹងកើតមានបន្តទៀតឬយ៉ាងណានោះទេ?
មានសម្មតិកម្មពីរដែលអាចកើតឡើងចំពោះមុខ៖ ទី១ ប្រសិនបើគណបក្សប្រជាជនកម្ពុជាចង់«ខ្ចីដៃ»គណបក្សសង្គ្រោះជាតិដើម្បីសម្រេចគោលដៅកំណែទម្រង់របស់ខ្លួន បក្សកាន់អំណាចប្រហែលជាអាចផ្តល់កិច្ចសហការល្អជាមួយគណបក្សប្រឆាំងពីព្រោះការលុបបំបាត់បាតុភាពអសកម្មនានាដែលកើតឡើងគឺជាបេសកកម្មសំខាន់ណាស់ក្នុងការស្តារប្រជាប្រិយភាពរបស់ខ្លួនឡើងវិញរបស់បក្សកាន់អំណាច។ ក្នុងករណីនេះ កម្តៅក្នុងរដ្ឋសភាទំនងជាអាចកាត់បន្ថយបាន ហើយផលប្រយោជន៍នឹងបានទៅភាគីទាំងសងខាងជាពិសេសបានទៅប្រជាជនខ្មែរទូទាំងប្រទេស។
ទី២ ប្រសិនបើគណបក្សប្រជាជនកម្ពុជានៅតែចង់រក្សាគោលការណ៍ដឹកនាំប្រទេសតាមរបៀបចាស់ហើយគណបក្សប្រឆាំង ខិតខំទាមទារនូវអ្វីដែលខ្លួនចង់បានដើម្បីផ្គាប់ចិត្តអ្នកគាំទ្ររបស់ខ្លួននោះ ការប៉ះទង្គិចគ្នាក្នុងរដ្ឋសភានឹងមានសភាពខ្លាំងក្លាដែលអាចនឹងបង្កការគំរាមកំហែងសារជាថ្មីដល់ស្ថិរភាពនយោបាយជាមិនខាន។
ជាការពិតណាស់ ពីការតវ៉ាតាមដងផ្លូវទៅកាន់ការតវ៉ាក្នុងរដ្ឋសភាគឺជារបត់ផ្លូវទ័លដែលគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងលោក កឹម សុខា មិនអាចចៀសវាងបានបន្ទាប់ពីបានចំណាយពេលតវ៉ាតាមដងផ្លូវអស់រយៈពេលពេញមួយឆ្នាំ។ មេដឹកនាំបក្សប្រឆាំងដែលធ្លាប់បានបង្ហាញជំហររឹងដូចដែកនោះ ទីបំផុតក៏ព្រមទទួលស្គាល់ថា គ្មានជម្រើសអ្វីល្អជាងការតវ៉ាដោយសន្តិវិធីក្នុងរដ្ឋសភាទេ។
ប៉ុន្តែ ដោយឈរលើបទពិសោធអតីតកាលថ្មីៗផង និងដោយត្រូវប្រឈមមុខជាមួយសម្ពាធពីអ្នកគាំទ្រផង បន្ទប់ប្រជុំរដ្ឋសភាទំនងជាមិនត្រឹមតែជាទីលានតស៊ូមតិប៉ុណ្ណោះទេ តែវាក៏នឹងក្លាយជាទីលានដណ្តើមប្រជាប្រិយភាពនយោបាយផងដែរ។ ដូច្នេះ អំណឹះតទៅ ភាពតានតឹងនៅតាមដងផ្លូវអាចស្ងប់ស្ងាត់មួយរយៈមែន ប៉ុន្តែ រដ្ឋសភាជាតិនឹងក្លាយជា«សមរភូមិក្តៅ»វិញម្តង។ បើទោះបីជាបន្ទប់ប្រជុំបំពាក់ដោយម៉ាស៊ីនត្រជាក់ក៏ដោយ ក៏ពេលខ្លះចំហាយម៉ាស៊ីនត្រជាក់ទំនងជាមិនអាចទប់ញើសដែលហូរចេញពីថ្ងាសរបស់អ្នកតំណាងរាស្ត្រគណបក្សទាំងពីរបានដែរ។
សម្រាប់ប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យ វាជារឿងធម្មតាទេដែលអ្នកតំណាងរាស្ត្រត្រូវតតាំងគ្នាយ៉ាងក្តៅគគុកនៅក្នុងរដ្ឋសភា។ ប៉ុន្តែ សម្រាប់ប្រទេសដែលប្រជាធិបតេយ្យនៅក្មេងខ្ចី ជាពិសេសប្រទេសមួយដែលផ្នត់គំនិតអ្នកនយោបាយនៅតែជោគជាំដោយវប្បធម៌«អញនិយម»យ៉ាងខ្លាំងនៅឡើយនោះ កម្តៅនយោបាយនៅក្នុងរដ្ឋសភាងាយនឹងផ្ទុះឆេះរាលដាលដែលអាចនឹងបំផ្លាញស្ថិរភាពនយោបាយដ៏ផុយស្រួយឲ្យខ្ទេចខ្ទាំទៅវិញយ៉ាងឆាប់រហ័សក៏ថាបាន។
ដូច្នេះ ដើម្បីទប់កុំឲ្យកម្តៅក្នុងរដ្ឋសភាឆេះរោលរាលខ្លាំងពេក គណបក្សទាំងពីរគួរតែបង្ហាញភាពចាស់ទុំខាងប្រជាធិបតេយ្យបានច្រើនបំផុត។ ពួកគេគួរតែប្រែក្លាយ«សមរភូមិក្តៅ»នៅក្នុងរដ្ឋសភាឲ្យទៅជាផលប្រយោជន៍សម្រាប់ប្រទេសជាតិនិងប្រជាជន។ សូមកុំភ្លេចថា រយៈពេល៤ឆ្នាំខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ក៏ដូចជាគណបក្សសង្គ្រោះជាតិដែរសុទ្ធតែត្រូវការស្តារនិងពង្រឹងប្រជាប្រិយភាពរៀងៗខ្លួនសម្រាប់ការបោះឆ្នោតសភាលើកក្រោយ។ ក្នុងន័យនេះ តើគណបក្សទាំងពីរអាចអង្គុយធ្វើការជាមួយគ្នាក្នុងរដ្ឋសភាបានយូរប៉ុណ្ណា? ចម្លើយនឹងបង្ហាញច្បាស់ក្នុងរយៈពេលមិនយូរប៉ុន្មានខាងមុខនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ