កម្ពុជា-នយោបាយ

កម្ពុជា ទុកចិត្ត​អ្នក​ជំនាញ​ការ​ជប៉ុន លើ​ការ​គ្រប់​គ្រង​សុវត្ថិភាព​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ

@RFI

ទាំង គណៈ​កម្មការធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) និង​អង្គការ​សង្កេត​ការណ៍​បោះឆ្នោត​នៅ​កម្ពុជា ខុមហ្វ្រែល និចហ្វិក សុទ្ធ​តែ​ជឿ​ជាក់​ថា អ្នក​ជំនាញការ​រដ្ឋាភិបាល​ជប៉ុន និង​សហភាព​អឺរ៉ុប អាច​ធានា​សុវត្ថិភាព ​ប្រព័ន្ធគ្រប់​គ្រង លើ​ទិន្នន័យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​បាន ។ តែ​យ៉ាង​ណា​ក៏​ដោយ អង្គការ​ខុម​ហ្រ្វែល និង​និច​ហ្វ្រិក នៅ​តែ​មាន​កង្វល់ លើ​ការ​បញ្ជូន​ទិន្នន័យ​ពី​ថ្នាក់​មូល​ដ្ឋាន និង​តម្លាភាព ក្នុង​អំឡុង​ពេល ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មីតាម​ប្រព័ន្ធ​កុំព្យូទ័រ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

គណៈ​កម្មការធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គជប) កំពុង​សហការណ៍​ជាមួយ​នឹង​ អ្នក​ជំនាញការ​មក​ពី​រដ្ឋាភិបាល​ជប៉ុន និង​សហភាព​អឺរ៉ុប ដើម្បី​ការពារ​ទិន្នន័យ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។ ជា​ការពារ​ដែលចែក​ចេញ ជា​ច្រើន​ដំណាក់​កាល ​ រាប់​បញ្ចូល ការ​ដាក់​លេខ​កូដ​សម្ងាត់​ដែល​ដឹង​តែ​បុគ្គល​សំខាន់​ពីរនាក់ ការ​ប្រើប្រាស់​ប្រព័ន្ធ​ជំនួយ Backup Data ព្រម​ទាំង​ កម្មវិធី​ផ្តល់​សញ្ញាណ​អាសន្ន​ នៅពេល​មាន​អ្នក​ប៉ុន​ប៉ង​ចូល​លួច​កែប្រែ​ទិន័្នយ​ជា​ដើម​។

អ្នក​នាំ​ពាក្យ (គជប) លោក ហង្ស ពុទ្ធា បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅថ្ងៃ​ច័ន្ទ​នេះ​ថា ទិន្នន័យ​តួលេខ​បញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​ មាន​សុវត្ថិភាព​ខ្ពស់​ ព្រោះ ប្រធាន គជប ជា​អ្នក​ដាក់​លេខ​កូដ​សម្ងាត់ គ្រប់​គ្រង​ទិន្នន័យ​ធំ ហើយ​មា​នតែ មនុស្ស​ពីរ​នាក់ បាន​ដឹង គឺ ប្រធាន​គជប និង​ប្រធាន​ក្រុម​ជំនាញ​ការ​បរទេស ប៉ុណ្ណោះ។ លោក បានបន្ថែម​ថា ប្រព័ន្ធ​សុវត្ថិភាព​នេះ អ្នក​ជំនាញ​សិក្សា​ជាង​មួយ​ឆ្នាំ​មក​ហើយ ទើប​សម្រេច​ តម្លើង Server គ្រប់​គ្រងទិន្នន័យ​ធំ ទុក​នៅ​ គជប តែ​មួយ​គត់ ហើយ​គ្មាន​ការ​ប៉ះ​ពាល់​ឡើយ ដូច្នេះ អ្នក​ប៉ុង​ប៉ង​លួច​ទិន្នន័យ​ ឬ Hackers អាច​ចូល​បាន​ត្រឹម​តែ​ខាង​ក្រៅ ឬ​ទិន្នន័យ​បន្ទាប់​សន្សំ​ប៉ុណ្ណោះ  ។

លោក សម គន្ធាមី នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យា​ក្រឹត និង​យុត្តិធម៌​ដើម្បី​បោះឆ្នោត​ដោយសេរី (និចហ្វិក) បាន​បញ្ជាក់​ថា លោក​ជឿ​ជាក់​លើ​អ្នក​ជំនាញ​ការ​ជប៉ុន បន្ទាប់​ពី​ស្តាប់​បទ​បង្ហាញ​ពី​ប្រព័ន្ធ​សុវត្ថិភាព​បញ្ជីឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​គជប។ តែ​លោក នៅ​បារម្ភ​ក្នុង​ពេល​បញ្ជូន​ទិន្នន័យ​ពី ឃុំ​សង្កាត់ ឡើង​មក មណ្ឌល​ទិន្នន័យ រាជធានី​ភ្នំពេញ ខ្លាច​ត្រូវ​គេ លួច​ជ្រៀត​ចូល ព្រម​ទាំង​នឹង​ការ​ដាក់​បង្ហាញ​ជា ទិន្នន័យ​សាធារណៈ ​តាម​គេហទំព័រ គជប ដែល​ធ្លាប់​ត្រូវ​បាន​គេ​លួច​កែ​ប្រែ​ជា​ច្រើន​ដង​មក​ហើយ។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា (ខុមហ្វ្រែល) ក៏ ជឿ​លើ​អ្នក​បច្ចេក​ទេស ជប៉ុន​ដូច​គ្នា តែ​លោក​ចង់​បាន​តម្លាភាព​ក្នុង​ពេល​ចុះ​ឈ្មោះ​បោះឆ្នោត​បន្ថែម​ទៀត។ លោក​បន្ថែម​ថា ខុម​ហ្វ្រែល កំពុង​ស្នើ​ទៅ​ គជប ដើម្បី​តាម​ដាន លេខ​ហាស់​កូដ ពេល​បើក និង​បិទ​កុំព្យូទ័រ តើទិន្នន័យ​ដូច​គ្នា​ដែរ​ឬ​ទេ ? ពេល​ចប់​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ខុមហ្វ្រែល ចង់​បាន ទិន្នន័យ​ដែល​វិភាគ​តាម​កុំព្យូទ័រ​បាន ដែល​មិនមែន​គ្រាន់​ជា​ឯកសារ​ PDF ទេ ដើម្បី​ងាយ​ស្រួល​ធ្វើ​សវនកម្ម​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត។

លោក ​ម៉ម បញ្ញាវុធ​ សាស្ត្រាចារ្យ​ជំនាញ IT ឯកទេស​ខាង Programming នៅ​វិទ្យាស្ថាន​ស៊ីតិក (SETEC) បានគាំទ្រ​នឹង​ការ​បង្កើត server ដោយ​ខ្លួន​ឯង​នៅ គជប ដោយ​លោក​យល់​ថា វា​អាច​ការពារ​ការ​លួច​ជ្រៀត​ចូល​លួចបំផ្លាញ​ទិន្នន័យ បើ​ទោះ​បី​ជា ហែកគ័រ ស្គាល់ IP address និង port រួច​អាច​ចូល​ទៅ​លួច​បាន តែ​ប្រព័ន្ធ​ server ដែល​តម្លើង​ដោយ​ខ្លួន​ឯង នឹង​ងាយ​ស្រួល​ក្នុង​ថែទាំ។ លោក​សាស្រ្តាចារ្យ បាន​បន្ថែម​ថា ដើម្បី​ការពារ​ទិន្នន័យ​អោយ​មាន​ប្រសិទ្ធភាព គជប គួរ​មាន Trust IP  និង​បុគ្គលិក​គ្រប់​គ្រាន់ ដើម្បី​រង់ចាំ​ការពារ​ ២៤ម៉ោង។

គួររំលឹកថា ជា​ញឹក​ញាប់ គេហទំព័រ​សំខាន់ៗ​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​ តែង​រង​ការ​លប​ចូល​លួច​កែ​ប្រែទិន្នន័យ ដោយ Hacker  សូម្បី គេហទំព័រ (Website) របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន (www.samdechhunsen.gov.kh) ក៏​ត្រូវ​បាន​ Hacked ដែរ កាលពីថ្ងៃ​ទី​៧ ខែ​ឧសភា ២០១៦​កន្លង​ទៅ​។ ហើយ​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៤ រដ្ឋាភិបាល​កម្ពុជា បាន​​ចាប់​ខ្លួន​ Hacker ជា យុវជន ២​នាក់ ដែលជា​និស្សិត​ឆ្នាំ​៣ នៅ​វិទ្យា​ស្ថាន​ស៊ីតិក (SETEC)។ ក្រោយ​មក តុលាការ​បាន​សម្រេចភ្ជួរទោស Hacker ទាំងពីរ តែបង្គាប់​អោយ​ពួកគេ ចូល​បម្រើ​ការងារ​ក្នុង​ក្រសួង​មហាផ្ទៃ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI