ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ព្រះ​បរម​សារីរិកធាតុ និង​ព្រះ​សុវណ្ណ​កោដ្ឋ ត្រូវ​បាន​អះអាង​ថា«ពិត» ថ្វី​បើ​មាន​ការសង្ស័យ

សំឡេង ០៩:៤១
ព្រះ​បរម​សារីរិកធាតុ និង​ព្រះ​សុវណ្ណ​កោដ្ឋ ដែលត្រូវបានរកឃើញវិញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤។
ព្រះ​បរម​សារីរិកធាតុ និង​ព្រះ​សុវណ្ណ​កោដ្ឋ ដែលត្រូវបានរកឃើញវិញ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៤។ ©អគ្គស្នងការដ្ឋាននគរបាលជាតិ

ព្រះ​បរម​​សារីរិកធាតុ​នៃ​ព្រះ​សម្មា​សម្ពុទ្ធ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​ទទួល​បាន ដោយ​កម្រ ពី​ប្រទេស​ស្រីលង្កា ក្នុង​ពុទ្ធ​សករាជ២៥០០ ត្រូវ​នឹង​គ្រិស្ត​សករាជឆ្នាំ​១៩៥៧ ត្រូវ​បាន​រកឃើញ​វិញ​ហើយ បន្ទាប់​ពី​ចោរ​បាន​លួច​ទៅ កាលពីរំលងអធ្រាត ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣។ រយៈពេល​២​ខែ​​​នៃ​ការស្រាវ​ជ្រាវ អាជ្ញាធរ​បាន​នាំ​ត្រឡប់​មក​វិញ ទាំង​​ព្រះ​សុវណ្ណ​កោដ្ឋ ទាំង​វត្ថុ​ជា​ទី​សក្ការៈ «ទំហំ​ប៉ុន​គ្រាប់​សណ្ដែក​បាយ​មួយ​ចំហៀង ពណ៌​ដូច​មាស»នោះ ក្នុង​ទម្រង់​«ដូចដើម» រួម​ទាំង​ព្រះពុទ្ធ​បដិមា​ជាច្រើន​​ទៀត។ អ្នក​តាមដាន​ខ្លះ​ថា នេះ​ជា​«ភ័ព្វ​សំណាង»​របស់​កម្ពុជា តែ​ខ្លះ​មានការ​​មន្ទិល​ចំពោះ​ការរកឃើញ​នោះ។ ក្នុង​រឿង​នេះ​ ទាំង​មន្ត្រី​រដ្ឋាភិបាល ទាំង​មន្ត្រី​សង្ឃ សុទ្ធ​តែ​បាន​បញ្ជាក់​ថា «ឥត​មាន​ប្រែប្រួល​អ្វី​ទេ» ដោយសារ​ជន​ល្មើស​មិន​បាន​កែទម្រង់​វត្ថុ​ទាំងពីរ​មុខ​នេះ។