លោក ស ខេង ណែនាំឲ្យគណៈកម្មការបច្ចេកទេសពិនិត្យមើលគ្រប់សំណង់នៅខេត្តព្រះសីហនុ
ចុះផ្សាយនៅថ្ងៃ៖
មិនគ្រប់គ្រាន់ទេ! ការពិនិត្យសំណង់កំពុងសាងសង់ គឺត្រូវពិនិត្យទាំងអស់ ដើម្បីជៀសវាងរឿងអាក្រក់កើតឡើងទៀត។ នេះជាការលើកឡើងរបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងថ្ងៃប្រកាសតែងតាំងអភិបាលខេត្តថ្មី សម្រាប់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ ខែមិថុនានេះ។
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា លោកបានចាប់អារម្មណ៍ពីដើមមកជុំវិញបញ្ហាសំណង់នៅខេត្តព្រះសីហនុក្នុងចំណោមសមាជិករដ្ឋាភិបាលផ្សេងទៀត ប៉ុន្តែការចាប់អារម្មណ៍មុនឬក្រោយមិនមែនជាបញ្ហាទៀតទេនាពេលនេះ។
លោក ស ខេង បានណែនាំឲ្យគណៈកម្មការបច្ចេកទេស ដែលរដ្ឋាភិបាលទើបបង្កើត មិនមែនត្រឹមតែទៅពិនិត្យសំណង់ ដែលកំពុងសាងសង់នោះទេ ប៉ុន្តែត្រូវពិនិត្យមើលរាល់សំណង់ ដែលបានសាងសង់រួចហើយ។ លោកបន្ថែមប្រសិនបើបណ្តែតបណ្តោយឲ្យសំណង់សាងសង់រួច ធ្វើប្រតិបត្តិការដោយគ្មានការត្រួតពិនិត្យទេ នោះអាចនឹងមានបញ្ហាធំ ដូចជាការដួលរលំជាដើម។
ការថ្លែងរបស់លោក ស ខេង ធ្វើឡើងនៅក្នុងពិធីប្រកាសតែងតាំង លោក គួច ចំរើន អតីតអភិបាលខេត្តកំពង់ចាម ជាអភិបាលខេត្តព្រះសីហនុ ជាផ្លូវការ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នេះ។ ការផ្លាស់ប្តូរអភិបាលខេត្តនេះ ធ្វើឡើងបន្ទាប់ពីលោក យន្ត មីន អតីតអភិបាលខេត្តព្រះសីហនុលាលែងពីតំណែង ក្រោយរឿងរ៉ាវរលំអាគារកម្ពស់៧ជាន់សម្លាប់មនុស្ស២៨នាក់ និងរបួស២៦នាក់ កាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បានប្តេជ្ញាធ្វើការជាមួយគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ ដើម្បីធ្វើឲ្យប្រាកដថាគុណភាពសំណង់នៅក្នុងខេត្តនេះមានគុណភាព និងជៀសវាងករណីដួលរលំអាគារកើតឡើងជាថ្មីទៀត។
លោក យ៉ាន់ ធី អគ្គលេខាធិការរបស់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិថា បញ្ហាសំណង់នៅក្នុងខេត្តព្រះសីហនុ គឺជារឿងសំខាន់ ហើយនេះមិនមែនជារឿងថ្មីទេ ព្រោះកន្លងមកអាជ្ញាធរក៏ធ្លាប់បានក្រើនរំលឹកពីបញ្ហាគុណភាពសំណង់ និងសំណង់ខុសច្បាប់នៅក្នុងខេត្តមួយនេះ តាមរយៈលិខិតរបស់ក្រសួងរៀបចំដែនដីកាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ។
សូមជម្រាបជូនថា ក្រៅពីបញ្ហាសំណង់ ដែលជាបញ្ហាប្រឈមរបស់ខេត្តព្រះសីហនុ ក៏មានបញ្ហាសំខាន់ៗផ្សេងទៀត ដែលកំពុងប្រឈម ដូចជាទំនាស់ដីធ្លី, សន្តិសុខ និងសណ្តាប់ធ្នាប់, ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគមន៍ និងបញ្ហាលូ ទឹកកខ្វក់ក្នុងក្រុងនៃខេត្តមួយនេះ។ នេះបើតាមលោក ស ខេង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ