ក្រុមអ្នកបញ្ជាទិញជំរុញជាថ្មីឲ្យរដ្ឋាភិបាលកម្ពុជាមានដំណោះស្រាយជាក់លាក់ពាក់ព័ន្ធនឹង EBA
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រុមអ្នកបញ្ជាទិញធំៗ បានចេញសេចក្តីថ្លែងការណ៍ជាថ្មីម្តងទៀត កាលពីថ្ងៃព្រហស្បតិ៍ ដោយសម្តែងក្តីបារម្ភបន្ថែមទៀត ចំពោះដំណើការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប ឬ EBA សម្រាប់ស្ថានភាពនៅកម្ពុជា។ នៅចំពោះមុខក្តីបារម្ភនេះ ក្រុមអ្នកបញ្ជាទិញ បានស្នើឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដំណោះស្រាយជាក់លាក់ឲ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។
យោងតាមលិខិតចុះថ្ងៃទី០៤ខែមេសា ក្រុមអ្នកបញ្ជាទិញធំៗ តំណាងឲ្យក្រុមហ៊ុនអន្តរជាតិ ដែលទិញសម្លៀកបំពាក់ ស្បែកជើង និង សម្ភារៈធ្វើដំណើរពីកម្ពុជា បានស្នើឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានដំណោះស្រាយជាក់លាក់ចំពោះក្តីកង្វល់របស់ក្រុមអ្នកបញ្ជាទិញ ដែលបានលើកឡើងកាលពីខែវិច្ឆិកាឆ្នាំ២០១៨។ ក្នុងលិខិតកាលពីខែវិច្ឆិកា២០១៨ ក្រុមអ្នកបញ្ជាទិញចំនួន៨ បានលើកឡើងថា ការព្រមានព្យួរ EBA របស់សហភាពអឺរ៉ុប និង GSP របស់អាមេរិក នឹងធ្វើឲ្យឧស្សាហកម្មកម្ពុជាខូចខាត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើពលរដ្ឋខ្មែររាប់លាននាក់ដែលធ្វើការក្នុងវិស័យនេះ។ ជាងនេះទៅទៀត វាក៏នឹងធ្វើឲ្យខាតបង់ដល់ការខិតខំរបស់រដ្ឋាភិបាលកម្ពុជា ដែលផ្តោតលើការអភិវឌ្ឍឧស្សាហកម្មមួយនេះ ដើម្បីបាននាំមកនូវផលប្រយោជន៍ដ៏សម្បើមដល់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០១៩ នេះ សហភាពអឺរ៉ុបបានប្រកាសជាផ្លូវការនៃការដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសំអាងពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
ដូចគ្នាដែរ ក្រុមហ៊ុនអ្នកបញ្ជាទិញធំៗទាំង៨ដែលភាគច្រើនមកពីសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប តាមរយៈលិខិតរបស់ខ្លួននៅថ្ងៃទី៤ខែមេសា ពួកគេក៏បានរំឮកពីគុណតម្លៃរួមនៃភាពជាដៃគូពាណិជ្ជកម្មជាមួយនឹងកម្ពុជាក្នុងវិស័យកាត់ដេរគឺឈរលើគោលការណ៍គោរពសិទ្ធិការងារ និងសិទ្ធិមនុស្សជាដើម។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី ២៩ មីនា នេះ ក្នុងវេទិការវាងរដ្ឋាភិបាលនិងវិស័យឯកជន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវកញ្ចប់វិធានការកំណែទម្រង់ជិត២០ចំណុច សំដៅលើកកម្ពស់ការវិនិយោគនៅកម្ពុជា និងជាអ្វីដែលគេជឿថា ជាវិធានការដើម្បីត្រៀមទប់ទល់ ពេលកម្ពុជាបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA។ បើតាមប្រមុខរដ្ឋាភិបាលខ្មែរ សរុបជារួម ការកាត់បន្ថយលើថ្លៃសេវាកម្ម និងកំណែទម្រង់សេដ្ឋកិច្ចក្នុងដំណាក់កាលទី១នេះ នឹងធ្វើឲ្យវិស័យឯកជនកាត់បន្ថយការចំណាយនានា ដែលគិតជាទឹកប្រាក់ជាង៤០០លានដុល្លារអាមេរិក ហើយធ្វើឲ្យអ្នករកស៊ីមានលទ្ធភាពក្នុងការបង់ពន្ធ បើសហភាពអឺរ៉ុបផ្តាច់EBA។
តែបើតាមក្រុមអ្នកបញ្ជាទិញ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុបនិង GSP របស់អាមេរិក កម្ពុជាបាននាំចេញទំនិញទៅទីផ្សារប្រទេសលោកសេរីទាំងនេះ គិតជាទឹកប្រាក់ ៨,៥ពាន់លាន ដុល្លារ ក្នុងឆ្នាំ២០១៨ ពោលទំហំពាណិជ្ជកម្មនេះ គឺស្មើនឹង ១ភាគ៣ ឬ ៣៨% នៃផលទុនជាតិសរុប ឬហៅថា GDP របស់កម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ