មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានផ្តួចផ្តើមគំនិតបង្កើតយុទ្ធនាការដើរប្រមូលសំរាមនៅតាមផ្លូវក្នុងក្រុង
ចុះផ្សាយនៅថ្ងៃ៖
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអះអាងនៅថ្ងៃទី១៥ ខែធ្នូនេះថា លោកមានបំណងបង្កើតក្រុមយុវជនស្ម័គ្រចិត្តមួយក្រុម ដើម្បីដើររើសសំរាមនៅតាមដងផ្លូវទាំងអស់នៅក្នុងក្រុងភ្នំពេញ។ ជាយុទ្ធនាការ ដែលគ្រោងធ្វើឡើង ដើម្បីអប់រំពលរដ្ឋ និងសម្អាតបរិស្ថាននៅក្នុងក្រុងផង។
លោក នេត្រ ភក្ត្រា ជាអ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអះអាងថាយុទ្ធនាការនេះគឺជាការផ្តួចផ្តើមគំនិតឡើង ដើម្បីសម្អាតអនាម័យបរិស្ថាន ដោយយកថ្ងៃសៅរ៍-អាទិត្យ ដើររើសសំណល់សំរាមប្លាស្ទិក ដែលរាយប៉ាយនៅតាមដងផ្លូវក្នុងក្រុងភ្នំពេញ។ ជាការថ្លែងនៅថ្ងៃទី១៥ ខែធ្នូនេះ ក្នុងវេទិកាយុវជន ស្តីពី"ទណ្ឌកម្មប្លាស្ទិក" នៅសាលាអន្តរទ្វិបអាមេរិចកាំង(AIS) ដែលរៀបដោយអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន។
តាមរយៈវិទ្យុបារាំងអន្តរជាតិលោកបានបន្ថែមថា បច្ចុប្បន្ននេះទោះបីជាមានការចូលរួមពីប្រជាពលរដ្ឋក្តី ប៉ុន្តែលោកឃើញថាសំណល់ប្លាស្ទិកនៅតែបន្តរាយប៉ាយនៅតាមដងផ្លូវក្នុងរាជធានី ដូច្នេះការបង្កើតយុទ្ធការប្រមូលសំរាមនៅតាមដងផ្លូវ គឺជាសកម្មភាពសង្គម ក៏ដូចជាការផ្ញើសារអប់រំទៅសាធារណជនផង ហើយចូលរួមសម្អាតនៅតាមដងផ្លូវផង។
រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានឲ្យដឹងថា នៅប្រទេសកម្ពុជា សំណល់សំរាម ដែលបានបង្កើតឡើងនៅក្នុងមួយឆ្នាំមានប្រមាណជាង ៤លានតោន ក្នុងនោះប្រមាណ ២០% ជាសំណល់ប្លាស្ទិក។ ខេត្តរាជធានីធំៗ ដែលបង្កើតបរិមាណសំរាមច្រើនរួមមាន៖ រាជធានីភ្នំពេញប្រមាណជា ៣ ០០០ តោនក្នុងមួយថ្ងៃដែលនៅក្នុងនោះ ២០% ជាសំណល់ប្លាស្ទិក។
ក្នុងមួយថ្ងៃ រាជធានីភ្នំពេញប្រើប្រាស់ថង់ប្លាស្ទិកប្រមាណជាង ១០ លានថង់។ ចំណែកនៅក្រុងព្រះសីហនុ មានបរិមាណសំរាមប្រមាណ ៧០០ តោនក្នុងមួយថ្ងៃ និងក្រុងសៀមរាប មានប្រមាណ ៤០០ តោនក្នុងមួយថ្ងៃ។ តាមការប៉ានប្រមាណ ភាគរយនៃប្លាស្ទិកដែលប្រមូលបានតាមរយៈការបោសសម្អាត នៅតាមផ្លូវក្នុងក្រុងសៀមរាបមាន ២០,៧% និង ៣៤% ក្នុងខេត្តព្រះសីហនុ។ យោងតាមការសិក្សាស្រាវជ្រាវ ប្រជាពលរដ្ឋនៅទីក្រុងម្នាក់បានប្រើប្រាស់ថង់ប្លាស្ទិកច្រើនជាង ២០០០ ថង់ នៅក្នុងមួយឆ្នាំ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ