កម្ពុជា-សេដ្ឋកិច្ច

CCHR៖ ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មាន​ផល​វិជ្ជ​មាន​ តែ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​សហគមន៍​មូល​ដ្ឋាន​

ផ្លូវទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ក្នុង​ខេត្ត​ពោធិ៍​សាត់
ផ្លូវទៅកាន់​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មដា​ក្នុង​ខេត្ត​ពោធិ៍​សាត់ @កម្ពុជាថ្ងៃថ្មី

អង្គការ​សិទ្ធិ​មនុស្ស​​ក្នុង​ស្រុក​មួយ​ បាន​កត់​​សម្គាល់​ថា​ ​តំបន់​​សេដ្ឋ​កិច្ច​​ពិសេស​​មាន​ផល​​វិជ្ជ​មាន​​ក្នុង​​ការ​​អភិវឌ្ឍ​​សេដ្ឋ​​កិច្ច​​ ប៉ុន្តែ​​ក៏​មាន​ផល​​ប៉ះ​ពាល់​​ធ្ងន់​ធ្ងរ​​ផង​ដែរ​ ដល់​​​សិទ្ធិ​​​សហគមន៍​មូលដ្ឋាន​។​ នេះ​គឺ​ជា​​ការ​លើក​ឡើង​​នៅ​ក្នុង​សលាកប័ត្រ​ព័ត៌មាន​​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​ប្រ​ចាំខែ​កញ្ញា​ឆ្នាំ​២០១៨​។​ ការ​​ចេញ​​ផ្សាយ​របាយ​ការណ៍​នេះ​ ធ្វើ​ឡើង​​ស្រប​​ពេល​ដែល​​សហគមន៍​ជា​ច្រើន​​បាន​និង​​កំពុង​​តែ​​រៀប​​ចំ​​ទិវា​​សិទ្ធិ​​លំនៅ​ឋាន​​ពិភព​លោក​។​

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សលាកប័ត្រ​ព័ត៌មាន​របស់​ខ្លួន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​បាន​លើក​យក​ករណី​សិក្សា​មួយ​កន្លែង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ប្រទេស​កម្ពុជា​។​ តំបន់​សេដ្ឋកិច្ច​ពិសេស​គឺ​សំដៅ​ដល់​កន្លែង​ប្រមូល​ផ្តុំ​សកម្មភាព​ឧស្សាហកម្ម​ ការ​នាំចេញ-នាំចូល ដែល​ស្ថិត​ក្រោម​ច្បាប់​កំណត់​។​

​តាម​ការ​សិក្សា​របស់​​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បាន​ផ្ដល់​​ផល​វិជ្ជ​មាន​ក្នុង​ការ​អភិវឌ្ឍ​​សេដ្ឋ​​កិច្ច​ ប៉ុន្តែ​ក៏​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សិទ្ធិ​សហគមន៍​មូលដ្ឋាន​ផងដែរ​។​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេសថ្ម​ដា ក្នុង​ខេត្ត​ពោធិ៍​សាត់ ជាប់​ព្រំដែន​ថៃ ដែល​គ្រប់​គ្រង​ដោយ​ឧកញ៉ា ទ្រី ភាព ​អង្គការ​នេះ​រក​ឃើញថា ​មាន​ពលរដ្ឋ​៩៧​គ្រួសារ​រង​ផល​ប៉ះ​ពាល់ ដោយ​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាក​ចេញ​ដោយគ្មាន​ការ​​ជូន​ដំណឹង​ជា​មុន ​និង​ថែម​ទាំង​មាន​ប្រើ​អំពើ​ហិង្សា និង​ខូច​ខាត​ព្រទ្យ​សម្បត្តិ​ទៀត​ផង។​ នេះ​ជា​ការ​បញ្ជាក់​នៅ​ក្នុង​សលាកប័ត្រ​ព័ត៌មាន​អង្គការ CCHR។​

រហូត​មក​ទល់​​ពេល​នេះ ​នៅ​សល់​ពលរដ្ឋ​១៧​គ្រួសារ​ទៀត ​ដែល​មិន​ទាន់​ទទួល​បាន​សំណង​ពី​ការ​បណ្តេញ​ចេញ​ ខណៈ​ពលរដ្ឋ​ផ្សេង​ទៀត​បង្ខំ​ចិត្ត​ទទួល​យក​សំណង​មិន​សមរម្យ​។ ​នេះ​បើ​តាម​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​។

ឆ្លើយ​តប​នឹង​បញ្ហា​ទាំង​នេះ ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បានផ្តល់​អនុសាសន៍​ថា ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ដែល​រង​ការ​ប៉ះពាល់​ជា​មុន ដោយ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម ​មុន​យល់​ព្រម​ឲ្យ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស។​ លើស​ពី​នេះ​ទៀត​ ក៏​ត្រូវ​ទទួល​យក​មក​ពិចារណា​ការ​អនុវត្តសិទ្ធិ​មនុស្ស និង​គោល​នយោបាយ​វិនិយោគិន ​ព្រម​ទាំង​បង្កើត​យន្តការ​ទទួល​ពាក្យ​បណ្តឹង​ដោយ​ឯករាជ្យ​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​ជាអវិជ្ជមាន​នៅតំបន់​សេដ្ឋ​កិច្ច​ពិសេស។ តំបន់​សេដ្ឋកិច្ច​ពិសេសនៅកម្ពុជាដែល​ចំនួន៣៨​កន្លែង​គិត​ត្រឹម​ឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI