អានតួអត្ថបទ
កម្ពុជា-អាស៊ាន-ចិន

កម្ពុជា៖បញ្ហា​សមុទ្រខាងត្បូង​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី

លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា
លោក ហោ ណំាហុង ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា ©វណ្ណារ៉ា
ដោយ៖ សឿន វឌ្ឍនា
១៤ នាទី

កម្ពុជា​គាំទ្រ​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី និង​ស្រប​តាម​សេចក្ដី​ថ្លែង​ការរួម DOC (Declaration of Conduct)។ ប្រមុខ​ការទូត​កម្ពុជា​បង្ហាញ​ជំហរ​​បែប​នេះ នៅ​ក្នុង​សន្និសីទ​តំបន់​ស្ដីពី​អាស៊ាន និង​សមុទ្រ​ចិន​ខាងត្បូង សមិទ្ធផល ការ​ប្រឈម និង​ទិសដៅ​អនាគត​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា​នេះ។

ផ្សាយពាណិជ្ជកម្ម

 

សន្និសីទ​តំបន់​ស្ដីពី​អាស៊ាន និង​សមុទ្រ​ចិន​ខាងត្បូង​ទាក់ទង​នឹង​សមិទ្ធផល ការ​ប្រឈម និង​ទិសដៅ​អនាគត​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី១៩ កញ្ញា នៅ​សណ្ឋាគារ LE ROYAL ក្នុង​គោលបំណង​ត្រួត​ពិនិត្យ​ដំណើរការ និង​ការ​ប្រឈម ទាក់ទង​ទៅ​នឹង​សេចក្ដី​ថ្លែងការណ៍​រួមDOC និង​ដើម្បី​វាយតម្លៃ​តួនាទី​របស់​សមាគម​អាស៊ាន​ក្នុង​ការ​ពង្រឹង​សេចក្ដីថ្លែងការណ៍​រួម​មួយ​នេះ ជា​លើក​ទី​ពីរ (Track-II)។ នៅក្នុង​សុន្ទរកថា​របស់លោក​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដែល​បាន​អាន​ដោយ​លោក​កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួង​ កម្ពុជា​ចង់​ឲ្យ​ភាគី​អាស៊ាន និង​ចិន​អនុវត្ត​ទៅ​តាម​សេចក្ដី​ថ្លែង​ការណ៍រួម DOC ដែល​បង្កើត​ឡើង​ដោយ​កម្ពុជា​ក្នុង​ឆ្នាំ ២០០២។

គួរ​បញ្ជាក់​ថា សេចក្ដីថ្លែងការណ៍​រួម DOC គឺ​ជា​សមិទ្ធផល​នៃ​ការ​ប្ដេជ្ញាចិត្ត និង​ជា​ឱសានវាទ​រយៈពេល​វែង​រវាង​អាស៊ាន និង​ចិន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី។ បច្ចុប្បន្ន​មាន​សមាជិក​អាស៊ាន​ចំនួន​បួន​ប្រទេស​រួម​មាន វៀតណាម ហ្វីលីពីន ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ​កំពុង​ដណ្តើម​គ្នា​ជាមួយ​ចិន ដោយ​ភាគី​នីមួយៗ​សុទ្ធ​តែ​អះអាង​ថា ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន។ នៅ​ក្នុង​សុន្ទរកថា​នេះ​ដដែល​បាន​ឲ្យ​ដឹង​ថា កម្ពុជា​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ដំណើរការ​វិឌ្ឍន៍ និង​ភាព​ស៊ីជម្រៅ​រវាង​ដៃគូ​យុទ្ធសាស្ដ្រ​នៃ​ភាគី​អាស៊ាន ចិន និង​គាំទ្រ​រក្សា​ឱសានវាទ​ក្នុង​ការ​អនុវត្តន៍​​សេចក្ដីថ្លែងការណ៍​រួម DOC បន្ត​ឲ្យ​ភាគី​ទាំងអស់​ពិចារណា​ចំពោះ​លទ្ធភាព​កិច្ចសហប្រតិបត្តិការ និង​ការ​ការពារ​រវាង​ភាគី​ទាំងពីរ។

លោក​កៅ គឹមហួន រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​បាន​និយាយ​ថា ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ការ​ពេលវេលា​យូរ សម្រាប់​ពិភាក្សា​គ្នា​បន្ត ដើម្បី​ធ្វើ​យ៉ាង​ណា​បង្កើត​ឲ្យ​បាន​នូវ​ក្រម​ប្រតិបត្តិ ដែល​ហៅ​កាត់​ថា​CoC ប៉ុន្តែ​អ្វី​ដែល​គេ​ចង់​បាន​នោះ គឺ​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​បាតុភាព​អាក្រក់​កើត​ឡើង​នៅ​តំបន់​សមុទ្រ​ដ៏​សម្បូរបែប​មួយ​នេះ។ គួររម្លឹកថា សមុទ្រ​ចិន​ខាងត្បូង គឺ​ជា​ដែនសមុទ្រ​ដែល​សម្បូរ​ទៅ​ដោយ​ធនធានធម្មជាតិ ដូច​ជា រ៉ែប្រេង ឧស្ម័ន ដែក មាស  ហើយ​ក៏​ជា​តំបន់​ចំណត​សេដ្ឋកិច្ច​របស់​ពិភពលោក​ផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ