អានតួអត្ថបទ
កម្ពុជា

វិនិយោទុន​​ចិន​​នៅ​កម្ពុជា​​កើន​ឡើង​ប្រមាណ​ ៩​ពាន់​លាន​ដុល្លារ​ នៅ​ឆ្នាំ​២០១៣​

លោក Wang Junmin អនុលេខាបក្ស ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។
លោក Wang Junmin អនុលេខាបក្ស ខេត្តសានទុង នៃសាធារណរដ្ឋប្រជាមានិតចិន (ឆ្វេង) និង​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន។ @AKP
១៣ នាទី

យោង​តាមគេហទំព័ររបស់​គណបក្ស​ប្រជាជន​កម្ពុជា គិត​មក​ដល់​ឆ្នាំ​២០១៣​នេះ ទុន​វិនិយោគ​របស់​ចិននៅ​ក្នុង​ប្រទេស​កម្ពុជាបាន​កើន​ដល់​ប្រមាណជា ៩ពាន់​លាន​ដុល្លារ​​អាមេរិក។ គេហទំព័រ​បក្សកាន់អំណាចបាន​បង្ហាញទៀត​ថា ចិនជាប្រទេសដែល​បានដាក់ទុន​វិនិយោគខ្ពស់​ជាងគេ ក្នុង​ចំណោម​ប្រទេស​ដែល​បាន​មក​វិនិយោគ​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ចរបស់​គណប្រតិភូ​ចិននៅ​ក្នុង​ប្រទេសកម្ពុជា ក្នុង​រយៈពេល​ថ្មីៗនេះ ចិន​បាន​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាច្រើន​ ជាមួយ​កម្ពុជា ពិសេស​គឺ​ការ​វិនិយោគទុន។ បន្ទាប់​ពី​ជួប​ពិភាក្សាជាមួយ លោកស្រី ឡៃ​ យូឡាន អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃ​យ៍​នៃ​សភា​ប្រជាជន​​ចិន​ ខេត្ត​ក្វាង​ទុង កាល​ពី​ថ្ងៃទី២៨​ តុលា លោក ហេង សំរិន ប្រធាន​​រដ្ឋ​សភា​កម្ពុជាបាន​ឲ្យ​ដឹង​ថា ទំនាក់​ទំនង​នៃ​ការ​វិនិយោគ​រវាង​ចិន និងកម្ពុជា មក​ដល់​ពេលនេះ គឺ​បាន​កើន​ឡើង​រហូត​​ដល់ ៩ពាន់​លានដុល្លា​រ​អាមេរិក។

នៅ​ក្នុង​ជំនួប​នោះ ទាំងភាគី​ចិន និង​កម្ពុជា សុទ្ធ​តែ​ប្តេជ្ញា​ថា នឹងរក្សា​ទំនាក់​ទំនង​ទ្វេភាគី​ឱ្យ​បាន​កាន់​តែ​រឹង​មាំ និង​ជាពិសេស គឺ​សហការ​ពង្រឹង​វិស័យ​ពាណិជ្ជកម្ម​ឱ្យ​កើន​ដល់ ៥​ពាន់​ដុល្លារ​ជារៀង​រាល់​ឆ្នាំ។ ​នេះបើយោងតាម​រយៈ​គេហទំព័រ​ ​គណបក្ស​ដែលកំពុងដឹកនាំរដ្ឋាភិបាល។

ចិននិងកម្ពុជាបានបញ្ជាក់អះអាង​ថា ចំណង​មិត្ត​ភាព​រវាងប្រទេសទាំងពីរនឹង​មិន​អាចបំបែក​បាន ពី​ព្រោះ​ប្រទេសទាំងពីរ​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូតជាមួយ​គ្នា​ តាំងពី​ឆ្នាំ ១៩៥៨ មក។ តាម​លោក ហេង សំរិន ទំនាក់​ទំនង​នេះបញ្ជាក់ថា ចិនគឺ​ជា​មិត្ត​ប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយ​ចិន​នឹង​នៅ​តែបន្ត​ផ្តល់​ជំនួយដាក់​ទុន​វិនិយោគ​នៅ​កម្ពុជាជារៀងរហូត។

សូម​បញ្ជាក់ថា ទោះបី​ជា​មេដឹក​នាំ​គណបក្ស​សង្គ្រោះជាតិ បាន​ផ្ញើ​​លិខិត​ទៅ​កាន់​ស្ថានទូត​ចិន​នៅ​កម្ពុជា​ និយាយ​ពី​ការ​មិន​គោរព​រដ្ឋធម្មនុញ្ញ​របស់​គណបក្ស​ប្រជាជនកម្ពុជា និង​រដ្ឋាភិបាល​បច្ចុប្បន្ន​ក៏​ដោយ ​រដ្ឋាភិបាល​ចិនហាក់​មិន​បាន​ខ្វាយខ្វល់​ពី​បញ្ហា​នេះ​ទេ។ ជាក់​ស្តែង បន្ទាប់ពី​មហាបាតុកម្មលើក​ទី​៣ ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ប្រតិភូចិន​មាន​ទាំងប្រតិភូមក​ពី​ខេត្ត​សាន​ទុង និង​ខេត្ត​ក្វាងទុង​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ភ្លាមៗតែម្តង។

​ដំណើរ​ទស្សកិច្ច​នោះមាន​គោល​បំណងសិក្សាពីលទ្ធភាព​បណ្តាក់ទុន​វិនិយោគក្នុង​​ច្រើន​​វិស័យ​នៅ​កម្ពុជា។ វិនិយោគិន​ចិន ក៏​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ខេត្ត​កំពត ​ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​វិនិយោគទុន​ លើ​​ដំណាំ​ម្រេច​ផង​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ