សង្គមស៊ីវិលមួយចំនួនស្នើឲ្យរដ្ឋសភា លុបចោលសារាចររបស់ប្រធានរដ្ឋសភាថ្ងៃ១២កញ្ញា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យ៉ាងហោចណាស់មានតំណាងអង្គការសង្គមស៊ីវិល ចំនួន ១៣ ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២តុលានេះ ដើម្បីស្នើឲ្យលោកហេង សំរិន ប្រធានរដ្ឋសភា លុបចោលនូវសារាចររបស់ខ្លួនចេញថ្ងៃទី១២កញ្ញា។ សារាចរណែនាំរបស់ប្រធានរដ្ឋសភា ដែលកំណត់រាល់កិច្ចការនានានៅក្នុងរដ្ឋសភា រាប់ទាំងអ្នកចេញចូលរដ្ឋសភា ត្រូវមានការយល់ព្រមពីប្រធានរដ្ឋសភា ត្រូវបានអង្គការសង្គមស៊ីវិល អះអាងថា មិនស្របតាមក្របខណ្ឌច្បាប់ និងគោលការណ៍ប្រសិទ្ធភាព តម្លាភាព និងប្រជាធិបតេយ្យ។
ក្រុមអង្គការសង្គមស៊ីវិល នៅកម្ពុជា ចំនួន ១៣ ស្ថាប័ន រួមមានអង្គការខុមហ្វ្រែល អាដហុក និងអង្គការនីកហ្វិក ជាដើម បានយល់ឃើញថា សារាចរណែនាំស្តីពី បែបបទការងារ ស្តីពី គណៈកម្មការនានានៃរដ្ឋសភា ចុះថ្ងៃទី១២កញ្ញា ចេញដោយប្រធានរដ្ឋសភា គឺមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ តម្លាភាព ប្រសិទ្ធភាព ពិសេសគឺមិនស្របតាមរដ្ឋធម្មនុញ្ញ និងផ្ទុយពីបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
តាមសេចក្តីថ្លែងការណ៍រួម រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មិនមានចែងមាត្រាណាមួយ ផ្តល់អំណាចឲ្យប្រធានសភាចេញ សារាចរ ឬបទបញ្ជាឯកត្តភូត តាមតែការនឹកឃើញ ដើម្បីកំណត់សិទ្ធិអំណាច និងបែបបទការងារផ្ទៃក្នុងរបស់គណៈកម្មការជំនាញនានានៃរដ្ឋសភា។ សារាចរណែនាំរបស់ប្រធានរដ្ឋសភានោះ ក៏បានដកសិទ្ធិគណៈកម្មការជំនាញរបស់រដ្ឋសភា ដែលចែងថា គណៈកម្មការពុំត្រូវអញ្ជើញសង្គមស៊ីវិល ឬសាធារណៈជន មកចូលរួមប្រជុំរបស់ខ្លួនឡើយ។
ក្នុងសន្និសីទកាសែត នៅអង្គការខុមហ្វ្រែល នាព្រឹកថ្ងៃទី២តុលានេះ តំណាងអង្គការសង្គមស៊ីវិល ជាហត្ថលេខីទាំង ១៣ ស្ថាប័ន លោក គល់ បញ្ញា លោក អ៊ូ វីរៈ និងលោក នី ចរិយា បានលើកឡើងថា សារាចររបស់ប្រធានរដ្ឋសភានោះ កាន់តែធ្វើឲ្យប្រធានរដ្ឋសភា មានតួនាទីច្រើន ហើយសំខាន់ធ្វើឲ្យប្រធានរដ្ឋសភា ក្លាយជាអ្នកយាមនៅខ្វោងទ្វារ ដើម្បីមើលអ្នកចេញចូលរដ្ឋសភាទៅវិញ។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ចាត់ទុកថា សារាចររបស់ប្រធានរដ្ឋសភា គ្រាន់តែជាការត្រួតត្រាសកម្មភាពរបស់គណបក្សប្រឆាំង នៅពេលដែលគណបក្សប្រឆាំង កាន់កាប់គណៈកម្មការច្រើននៅរដ្ឋសភា។ សង្គមស៊ីវិល នឹងស្នើជាលាយលក្ខណ៍ដល់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យលោកហេង សំរិន លុបចោលសារាចរ ដែលរំលោភរដ្ឋធម្មនុញ្ញនោះ។
ជុំវិញការលើកឡើងខាងលើ លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភា បានទាមទារឲ្យសង្គមស៊ីវិល បកស្រាយឲ្យច្បាស់ថា សារាចររបស់ប្រធានរដ្ឋសភា រំលោភរដ្ឋធម្មនុញ្ញ ត្រង់មាត្រាណា?។ មួយវិញទៀត តាមលោក ឈាង វុន ការលុបចោលសារាចររបស់ប្រធានរដ្ឋសភា មិនមែនជាភារកិច្ចរបស់សង្គមស៊ីវិលទេ តែជាភារកិច្ចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ