កម្ពជា

បក្ស​ប្រឆាំង​ក្រើន​រំឭក​អ្នក​គាំ​ទ្រ​ខ្លួន​ឲ្យ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ​សម្ដី​លើ​បណ្ដាញ​សង្គម

យុវជន​ដែល​ត្រូវ​ចាប់​ខ្លួន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ​ក្រោយ​ពី​បាន​បញ្ចេញ​មតិ​វិះ​គន់​ទៅ​កាន់​លោក ហ៊ុន សែន។​
យុវជន​ដែល​ត្រូវ​ចាប់​ខ្លួន​ទៅ​កាន់​តុលាការ​ក្រុង​ភ្នំពេញ ​ក្រោយ​ពី​បាន​បញ្ចេញ​មតិ​វិះ​គន់​ទៅ​កាន់​លោក ហ៊ុន សែន។​ Facebook

គណបក្ស​សង្គ្រោះជាតិ​គឺ​ជា​គណបក្ស​នយោបាយ​ដំបូង​គេ​ដែល​បាន​ក្រើន​រំឭក​ទៅ​អ្នក​គាំទ្រ​របស់ខ្លួន​ឲ្យ​រក្សា​នូវ​ភាព​ថ្លៃ​ថ្នូរ ដោយ​មិន​ត្រូវ​ជេរ ឬ ប្រើ​រូបភាព​ប្រមាថ ក្នុង​ការ​បញ្ចេញ មតិ​យោបល់​ឬការ​រិះ​គន់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា។  ការ​ក្រើន​រំឭក​របស់​បក្ស​ប្រឆាំង​នៅ​ពេល​នេះ​ធ្វើ​ឡើង​តែប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី យុវជន​ម្នាក់​ដែល​បាន​គំរាម​សម្លាប់ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​សេចក្ដី​សម្រេច​របស់​តុលា​ការ។

ផ្សាយពាណិជ្ជកម្ម

ការ​អំពាវ​នាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ក្រោយ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ទ្រៃយ៍ របស់​បក្ស​កាល​ពី​ថ្ងៃ​ទី​១៣​មករា។ ក្នុង​នោះ​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ថា សីលធម៌​សង្គមកំពុង​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ​ការ​សសេរ​ពាក្យ​អសុរោះ ជេរប្រមាថ ប្រើរូបភាពប្រមាថ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​ផ្ទុយ​ពី​គុណ​តម្លៃ​ដែល​បាន​កំណត់​ដោយ​គណបក្ស​សង្គ្រោះជាតិ​គឺ​លើក​ការ​លើក​ស្ទួយ ការគោរព និង​ការ​ពារ​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​មនុស្ស។ 

លោក យ៉ែម ប៉ុញ្ញាឬទ្ធ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ការក្រើន​រំឭក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​គឺជា​ការ​ចូល​រួម​ចំណែក​ជម្រុញ​ឲ្យ​យុវជននិង​ប្រជាពលរដ្ឋ​ទូទៅ​ចាប់​អារម្មណ៍​រឿង​សីលធម៌​សង្គម។ លោកថា អ្នក​នយោបាយ​និង​យុវជនមួយ​ចំនួន​នៅ​តែ​បន្ត​ប្រើប្រាស់​រូបភាព​និង​ពាក្យ​សម្ដី​ខ្វះ​សីលធម៌។ អ្នក​នាំ​ពាក្យ​រូប​នេះ​មិន​ហ៊ានសន្និដ្ឋាន​ទេ​ថា កន្លង​មក​អ្នក​គាំទ្រ​របស់​ខ្លួន​ធ្លាប់​ប្រើ​ពាក្យ​សម្ដី​អសុរោះ​និង​រូបភាព​ខ្វះ​សីលធម៌លើ​បណ្ដាញ​សង្គម។

សូម​បញ្ជាក់​ថា ការ​អំពាវ​នាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​យុវជនជា​ច្រើន​រូប​មក​ហើយ​ត្រូវ​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ធ្វើ​ការ​ឃុំ​ខ្លួន​ទាក់​ទង​ការ​ប្រើ​ពាក្យ​សម្ដីប្រមាថ​និង​ការ​គំរាម​សម្លាប់​ទៅ​លើ​ថ្នាក់​ដឹក​នាំ។ ការ​អំពាវ​នាវ​នេះធ្វើ​ឡើង​ក៏​ស្រប​និង​ការ​ចង់បាន​របស់​រដ្ឋាភិបាល​នា​ពេល​កន្លង​មក​ដែរ។ រដ្ឋាភិបាល​បាន​ឈាន​ទៅ​ដល់​ការ​តាត់​តែង​សេចក្ដីព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​ប្រព័ន្ធ​អ៊ិន​ថើណែត​ដើម្បី​ឈាន​ទៅ​កម្រិត​សិទ្ធិ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដែរ។

គួរ​ជម្រាប​ជូន​ថា ទាក់​ទង​បញ្ហា​នេះ យុវជន ម៉ាន់ សំអ៊ាន់ អាយុ​២៨​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ ខេត្ត​កំពង់ធំ ត្រូវ​បាន​តុលាការឃុំខ្លួន ក្រោយ​ពី​រូប​គេ​បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​បុក ដែល​មាន​ខ្លឹមសារ​គំរាម​សម្លាប់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និង​បាន​រិះគន់​ទៅ​លើ​អត្ថន័យ​នៃ​ថ្ងៃ​៧មករា ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រារព្ធ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៧​មករា។ មុន​នេះ​ទៀត​គឺ​យុវជន គង់ រ៉ាយ៉ា ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​ចោទ​ប្រកាន់​ពី​គម្រោង​ធ្វើ​បដិវត្តន៍​ព័ណ៌ប្រឆាំង​រដ្ឋាភិបាល​តាម​រយៈ​សំណេ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​និង​យុវជន​ម្នាក់​ត្រូវ​បាន​ឃុំខ្លួន​បន្ទាប់​ពី​គំរាម​សម្លាប់ លោក​បណ្ឌិត សុខ ទូច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI