អតីតមន្ត្រីបក្សប្រឆាំងអំពាវនាវឲ្យមានការស៊ើបអង្កេត បន្ទាប់ពីមន្ត្រីរបស់ខ្លួនត្រូវគេវាយឲ្យរងរបួសក្បាលធ្ងន់ធ្ងរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អតីតមន្ត្រីគណបក្សសង្រ្គោះជាតិម្នាក់ទៀតហើយ ដែលត្រូវបានជនមិនស្គាល់មុខលបវាយបណ្តាលឲ្យរងរបួសក្បាលកាលពីថ្ងៃទី២១ ខែធ្នូ។ សកម្មភាពនេះ ត្រូវបានអតីតមន្ត្រីអតីតបក្សប្រឆាំងអំពាវនាវឲ្យអង្គការជាតិ និងអន្តរជាតិជួយស៊ើបអង្កេត។ គិតមកដល់ថ្ងៃនេះ សកម្មជនអតីតបក្សប្រឆាំង ក្នុងរាជធានីភ្នំពេញ ត្រូវបានគេលបវាយឲ្យរបួសចំនួន១៣នាក់ហើយ។
អតីតសមាជិកក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យនៃគណបក្សប្រឆាំង លោក ហេង ច័ន្ទសុទ្ធី ត្រូវបានជនមិនស្គាល់មុខលបវាយបណ្តាលឲ្យរងរបួសបែកក្បាល និងសន្លប់ កាលពីថ្ងៃទី២១ ខែធ្នូ។ នេះបើតាមមន្ត្រីអតីតគណបក្សសង្រ្គោះជាតិ លោក ហូ វណ្ណ និងសកម្មជនមូលដ្ឋាន។
លោក ហេង ច័ន្ទសុទ្ធី ជាអតីតមន្ត្រីគណបក្សសង្រ្គោះជាតិម្នាក់ ក្នុងចំណោមមនុស្សជាង៨០នាក់ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ក្នុងការប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល ប៉ុន្តែត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ទៅក្រសួងយុត្តិធម៌ឱ្យធ្វើការជាមួយតុលាការ ដើម្បីដោះលែងអ្នកគាំទ្រអតីតបក្សប្រឆាំងក្រោយព្រឹត្តិការណ៍ថ្ងៃទី ០៩ វិច្ឆិកា។
លោក ហូ វណ្ណ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក បានអំពាវនាវអង្គការជាតិ និងអន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិប្រចាំកម្ពុជាជួយស៊ើបអង្កេតករណីនេះ និងថ្កោលទោសចំពោះការវាយប្រហារមកលើសកម្មជនអតីតគណបក្សប្រឆាំងខាងលើនេះ។
វិទ្យុបារាំងអន្តរជាតិមិនអាចទាក់ទងសុំការបំភ្លឺពីអតីតប្រធានប្រតិបត្តិអតីតបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញបានទេ នៅថ្ងៃទី២២ ខែធ្នូនេះ។ ប៉ុន្តែតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២១ ខែធ្នូ លោក ម៉ន ផល្លា បានឲ្យដឹងថា គិតមកដល់ថ្ងៃនេះ សកម្មជនអតីតបក្សប្រឆាំង ក្នុងរាជធានីភ្នំពេញ ត្រូវបានគេលបវាយឲ្យរបួសដងខ្លួន និងរបួសក្បាលចំនួន១៣នាក់ហើយ។ ប៉ុន្តែលោកបានបញ្ជាក់ថា អាជ្ញាធរក្រុងភ្នំពេញ មិនដែលចាប់ខ្លួន ជនដៃដល់ យកមកផ្តន្ទាទោសបានម្តងណាទេ។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា ជាទូទៅ កាលណាពលរដ្ឋរបស់ខ្លួនមានរងគ្រោះដោយអំពើហិង្សានោះសមត្ថកិច្ចនឹងរៀបចំសំណុំរឿង ដើម្បីស្វែងរកមុខជនដៃដល់។ លោកបន្តថាពលរដ្ឋខ្លះក៏ប្តឹង ហើយពលរដ្ឋខ្លះក៏មិនបានប្តឹង ប៉ុន្តែយ៉ាងណាក៏សមត្ថកិច្ចនៅតែសុំឲ្យគាត់ដាក់ពាក្យបណ្តឹង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ