ក្រៅពីការដង្ហែញត្តិ ការបញ្ចេញមតិរបស់បាតុករជាកម្មវិធីសំខាន់ក្នុងមហាបាតុកម្មថ្ងៃទី២
ក្រោយពីការបានដង្ហែរញត្តិទៅកាន់ ស្ថានទូតបារាំង អង់គ្លេស និង អាមេរិក ដើម្បីស្នើសុំឲ្យបណ្តាមេដឹកនាំនៃប្រទេសមហាអំណាចទាំងនេះ អន្តរាគមន៍ជួយដោះស្រាយរកយុត្តិធម៌នៅក្នុងការបោះឆ្នោត នោះ មហាបាតុកម្មនៅទីលានប្រជាធិបតេយ្យក៏ជាវេទិកាសម្តែងមតិរបស់អ្នកចូលរួមផងដែរ។ អ្នកចូលរួមបាតុកម្មត្រូវបានអនុញ្ញាតឲ្យសម្តែងមតិអំពីគោលបំណងរបស់ខ្លួនក្នុងការចូរួមមហាបាតុកម្មនេះ។
ចុះផ្សាយនៅថ្ងៃ៖
នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៤ តុលានេះ មេបក្សប្រឆាំងទាំងពីរ លោក សម រង្ស៊ី និង លោក កឹម សុខា បានប្រគល់វេទិកាមហាបាតុកម្ម ទៅឲ្យប្រជាជនមកពីតាមបណ្តាខេត្តនានា បញ្ចេញមតិរបស់ពួកគេ។
មតិរិះគន់រដ្ឋាភិបាលចំៗ សម្រែកទាមទារយុត្តិធម៌នៃការបោះឆ្នោត និង ការឈឺចាប់បន្ទាប់ពីបាត់បង់ដីធ្លី ត្រូវបានប្រជាជនមកពីខេត្តមួយចំនួននិយាយផង និង សូត្រជាកំណាព្យផង ដាក់មេក្រូដោយមិនសំចៃមាត់។ បាតុករទាំងនោះមកពីខេត្ត បាត់តំបង រតនគីរី កំពង់ស្ពឺ សៀមរាប បន្ទាយមានជ័យ និង កំពង់ចាមជាដើម។
ពួកគេម្នាក់ៗសុទ្ធតែ បានលើកឡើងពីភាពអយុត្តិធម៌នៃការបោះឆ្នោតអាណត្តិទី៥នេះ។ មិនតែប៉ុណ្ណោះប្រជាពលម្នាក់មកពីខេត្តរតនគិរី ក៏បានលើកឡើងពីបញ្ហាអន្តោប្រវេសន៍ខុសច្បាប់របស់ប្រជាជនវៀតណាមផងដែរ។ចំណែកប្រជាពលរដ្ឋមកពីខេត្តកំពង់ស្ពឺវិញ មិនភ្លេចទេការរៀបរាប់ពីការរិបអូសដីធ្លីខុសច្បាប់ និង ការធ្វើសម្បទានដីធ្លីឲ្យទៅឈ្មួញឯកជន។ អ្នកខ្លះទៀតក៏បាននិយាយពីបញ្ហាបាត់បង់ព្រៃឈើ និង ធនធានធម្មជាតិផ្សេងៗទៀត។
ប្រធានមេបក្សប្រឆាំង លោក សម រង្ស៊ី ក៏បានថ្លែងលើកទឹកចិត្ត និងជំរុញឲ្យបាតុករបន្តធ្វើបាតុកម្មដោយក្ដីរីករាយ និង ហើយថាយប់នេះលោក និង លោក កឹម សុខា នឹងសម្រាកនៅទីលានប្រជាធិបតេយ្យជាមួយក្រុមបាតុករ។ គួររម្លឹកថា ប្រជាជនជាច្រើនប្រជ្រៀតគ្នានៅក្បែរជណ្តើរវេទិកា ដើម្បីទាមទារឱកាសឡើងថ្លែងពីមិតិរបស់ពួកគេ ប៉ុន្តែត្រូវបានក្រុមសន្តិសុខរារាំង។
ក្នុងចំណោមអ្នកឡើងបញ្ចេញមតិទាំងនោះ ស្ដ្រីម្នាក់បានសម្តែងពីគោលបំណងរបស់ខ្លួនថា ចង់ឲ្យលោក សម រង្ស៊ីធ្វើជានាយករដ្ឋមន្ត្រី និង ឲ្យលោក កឹម សុខា ធ្វើជាប្រធានរដ្ឋសភា។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាតុករដឹកនាំដោយលោកសម រង្ស៊ី និងលោក កឹម សុខា បាននាំគ្នាហែញត្តិទៅប្រគល់ជូនស្ថានទូតបារាំង ស្ថានទូតអាមេរិក និងស្ថានទូតអង់គ្លេសប្រចាំទីក្រុងភ្នំពេញ។ បើយោងតាមកម្មវិធីដែលបានគ្រោងទុក ក្រុមបាតុករនឹងបន្តដើរក្បួនទៅកាន់ស្ថានទូតចំនួន៥ទៀត នៅព្រឹកថ្ងៃសុក្រ។ ទូតទាំង៥នោះ រួមមាន ទូតអូស្ត្រាលី ទូតរុស្សី ទូតជប៉ុន ទូតឥណ្ឌូនេស៊ី និងទូតចិន។
នៅយប់ថ្ងៃព្រហស្បតិ៍នេះ គណបក្សសង្គ្រោះជាតិគ្រោងចាក់បញ្ចាំងខ្សែភាពយន្តឯកសារមួយ ដែលមានចំណងជើងថា «បក្សីត្រូវការសំបុក» ។ ជាខ្សែភាពយន្តឯកសារ និយាយអំពីការបណ្តេញចេញពីលំនៅស្ថានរបស់ប្រជាជនកម្ពុជា ជាពិសេសគឺការបណ្តេញចេញអ្នកភូមិបឹងកក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ