កម្ពុជា

បាតុកម្ម​បាន​ឈាន​ចូល​ដល់​ថ្ងៃទី​២​ជាមួយ​នឹង​ការ​ហែរ​ញត្តិ​ទៅ​កាន់​ប្រទេស​មហា​អំណាច​

ក្រុមបាតុករគណបក្សសង្គ្រោះជាតិលើកញាត្តិចុះពីឡាន
ក្រុមបាតុករគណបក្សសង្គ្រោះជាតិលើកញាត្តិចុះពីឡាន RFI/Siv Channa

ថ្ងៃទី​ពីរ​នៃ​បាតុកម្ម​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ បាតុករ​ដែល​ដឹកនាំ​ដោយ មេបក្ស​ប្រឆាំង​ទាំងពីរ បាន​ដង្ហែរ​ញត្តិ​ដោយ​សុវត្ថិភាព​ទៅកាន់ ស្ថានទូត​ប្រទេស​មហាអំណាច​ចំនួន៣ ដើម្បី​ស្នើសុំ​ឲ្យ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​ទាំងនោះ អន្តរាគមន៍​ទៅដល់​ការគោរព​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ជំរុញ​ឲ្យ​មានការ​ស្វែងរក​យុត្តិធម៌​នៅក្នុង​ការបោះឆ្នោត​នៃ​ប្រទេស​កម្ពុជា។ ការ​ដង្ហែរ​ញត្តិ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​បាតុករ​បានដាក់​ញត្តិ ទៅកាន់​ការិយាល័យ អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី២៣ ដែលជា​ថ្ងៃ​បាតុកម្ម​ទីមួយ។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្សី និង​លោក កឹម សុខា ហែរ​ហម​ដោយ​អ្នក
គាំទ្រ​ជាច្រើន​ពាន់​នាក់​បានធ្វើ​ដំណើរ​កាត់​តាម​ដង​វិថី​នានា​ដោយ​ជើង​ឆ្ពោះទៅកាន់​ស្ថានទូត
ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ដើម្បី​សុំ​ឲ្យ​ប្រទេស​ជា​ម្ចាស់​ហត្ថលេខី​ជំរុញ​ឲ្យ​មានការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១។

បាតុករ​ដែល​ដឹកនាំ​ដោយ​មេបក្ស​ប្រឆាំង​ទាំងពីរ​ដែល​នៅលើ​ថ្ងាស​របស់គេ​មាន​ជួតក្បាល
ក្រណាត់​ពណ៌​ស្បង់​លោក បាននាំគ្នា​ដើរ​ផង​ស្រែក​ជ័យ​ឃោស​ផង សុំ​ឲ្យ​រដ្ឋាភិបាល​គោរព​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ពាក្យ​ពេចន៍ផ្សេងៗទៀត ដែលជា​ការមិនសប្បាយចិត្ត​ចំពោះ
ទង្វើ​របស់​រដ្ឋសភា​ឯក​បក្ស​និង​រដ្ឋាភិបាល​នីតិកាល​ទី៥ ដែល​ពួកគេ​អះអាងថា បានកើត​ឡើង​ដោយ​មិន​ស្របទៅនឹង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ដោយសារ​មាន​ភាពមិនប្រក្រតី​ក្នុងការ​បោះឆ្នោត។ពួកគេ​ធ្វើដំណើរ​ដោយ​មិន​ខ្លាច​នឿយហត់ នៅ​នឹង​ដៃ​មាន​កាន់​ទង់ជាតិ​កម្ពុជា និង​ទង់ជាតិ​របស់​ប្រទេស​ហត្ថលេខី ទីក្រុង​ប៉ារីស ទង់ជាតិ​សហរដ្ឋអាមេរិក និង​ទង់​សហភាព​អឺរ៉ុប។

បន្ទាប់ពី​ដើរ​ដង្ហែរ​ក្បួន​អស់​រយៈពេល​ពេញ​មួយ​ព្រឹក​លោក កឹម សុខា អនុប្រធាន​គណបក្ស
សង្គ្រោះ​ជាតិ​បាន​ឡើងលើ​វេទិកា​រ ហើយ​ថ្លែងប្រាប់​អ្នកគាំទ្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថា
បាតុករ​បាន​នាំយក​ញត្តិ​ដែលមាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ចំនួន​ជាង ២លាន​នាក់​ជូន​ដល់​នាយករដ្ឋមន្ត្រី​បារាំង មុនគេ​នៅថ្ងៃនេះ បន្ទាប់មក​ជូនទៅ​ប្រទេស​អង់គ្លេស ហើយ​ចុងក្រោយ​ដាក់ជូន​ប្រទេស​អាមេរិក តាមរយៈ​តំណាង​ស្ថានទូត​របស់គេ​នៅ​ប្រទេស​កម្ពុជា។

ការដាក់​ញត្តិ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ដល់​បណ្តា​ប្រទេស​ទាំងនេះ​គឺ​ដើម្បី​ទាមទារ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​មួយ ឲ្យ​រដ្ឋាភិបាល​គោរព​នូវ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​និង​ទាមទារ​ឲ្យ​រក​យុត្តិធម៌​ក្នុងការ​បោះឆ្នោត​កន្លងមក នេះ​បើតាម​ការប្រកាស​របស់​លោក កឹម សុខា។ អនុប្រធាន​គណបក្សប្រឆាំង​បន្តថា​តំណាង​ប្រទេស​ទាំងអស់​ដែល​បាតុករ​បានដាក់​ញត្តិ​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​សន្យា​បញ្ជូន​ញត្តិ​ទាំងនេះ​ទៅដល់​មេដឹកនាំ​រដ្ឋាភិបាល​គេរៀងៗខ្លួន​ ដើម្បី​ជួយ​ដល់​កម្ពុជា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ។

ក្រោម​សម្លេង​ហ៊ោរ​ទះដៃ​ពី​អ្នកគាំទ្រ លោក សម រង្សី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បន្ថែមថាថ្ងៃស្អែក​ទី២៥ តុលា ដែលជា​ថ្ងៃ​បាតុកម្ម​ចុងក្រោយ លោក​នឹង​ដើរ​ជាមួយ​អ្នកចូលរួម​នៅលើចំងាយ​ផ្លូវ​ឆ្ងាយ និង​មានការ​ចូលរួម​ពី​មនុស្ស​ច្រើនជាង​នេះ ដើម្បី​យក​ខ្លឹមសារ​ញត្តិ​ទៅជូន​ដល់ស្ថានទូត​បរទេសមួយ​ចំនួន​ទៀត។

យោងតាម​កម្មវិធី​ដែល​បានគ្រោង​ទុក ក្រុមបាតុករ​នឹងធ្វើ​ការដើ​ក្បួ​ទៅកាន់​ស្ថានទូត អូស្ត្រាលី
ទូត​រុស្សី ទូត​ជប៉ុន ឥណ្ឌូនេស៊ី និង​ស្ថានទូត​ចិន​ជា​ចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI