កម្ពុជា

បាតុករ​តាម​បណ្ដា​ខេត្ត​បន្ត​ចូល​រួម​មហាបាតុ​កម្ម​ទោះ​ជា​មាន​ការ​ឆែក​ឆេរ​​តាម​ផ្លូវ​

មន្ត្រី​អាវុធហត្ថឆែកឆេអាវុធជាតិផ្ទុះតាមបណ្ដាចក្ររាជធានីភ្នំពេញ
មន្ត្រី​អាវុធហត្ថឆែកឆេអាវុធជាតិផ្ទុះតាមបណ្ដាចក្ររាជធានីភ្នំពេញ RFI/Siv Channa

ប្រជាពលរដ្ឋ​មកពី​តាម​បណ្ដា​ខេត្ត​នានា បន្តធ្វើ​ដំណើរ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​ចូលរួម​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ តុលា គឺជា​ទី២ នៃ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​មួយ​នេះ ហើយ​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ជាច្រើន បានធ្វើ​ដំណើរ​តាម​ម៉ូតូ​ផ្ទាល់ខ្លួន រ៉ឺម៉ក ឡាន​តាក់ស៊ី និង ឡាន​ទ្រុង មកកាន់​រាជធានី​ភ្នំពេញ។ គួររម្លឹកថា នៅតាម​បណ្ដោយ​ផ្លូវជាតិ​មួយចំនួន ក៏មាន​ផងដែរ នូវ​ការត្រួតពិនិត្យ​យាន្ដ​ជំនិះ និង​អាវុធជាតិផ្ទុះ​ពី​សំណាក់​ក្រុម​កងរាជអាវុធហត្ថ។

ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​នានា បន្ត​ចូលរួម​មហា​បាតុកម្ម​ថ្ងៃទី២ របស់​គណ​សង្គ្រោះ​ជាតិ ទោះបីជា ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ការឆែកឆេរ​យានជំនិះ និង ឆែក​រក​អាវុធជាតិផ្ទុះ​ក៏ដោយ។

លោក ចាន់ សុ​វ៉េ​ត មន្ត្រី​ស៊ើបអង្កេត​របស់​អាដហុក បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ឲ្យ​ដឹងថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៤ តុលា នេះ ក្រុម​សមត្ថកិច្ច​បានដាក់​រនាំង​ដែក តាមផ្លូវ​ជាតិ​លេខ ២ ៣ ៤ និង ៦A ដើម្បី​ធ្វើការ​ឆែកឆេរ​យានជំនិះ និង អាវុធជាតិផ្ទុះ។ ហើយ​ថា ក្រៅពី​ការឆែកឆេរ​ទាំងនេះ សមត្ថកិច្ច​ក៏បាន​សួរនាំ​ពី​គោលបំណង របស់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើដំណើរ​ចូល​រាជធានី​ភ្នំពេញ​ផងដែរ។ យ៉ាងណាក៏ដោយ គ្មាន​ការឃាត់​ឃាំង​មិន​ប្រក្រតី​ណាមួយ​ពី​សំណាក់​សមត្ថកិច្ច​ឡើយ។

លោក ចាន់ សុ​វ៉េ​ត​បន្ថែមថា បើ​ប្រៀបធៀប​ទៅនឹង​ចំនួន​បាតុករ​មកពី​តាម​បណ្ដា​ខេត្ត​ដែល​ធ្វើដំណើរ​ចូលរួម​បាតុកម្ម​កាលពី​ម្សិលមិញ ចំនួន​បាតុករ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​នៅថ្ងៃនេះ។ ហើយ​ថា ពួគគេ​ភាគច្រើន ធ្វើដំណើរ​តាម​ម៉ូតូ​ផ្ទាល់ខ្លួន រ៉ឺម៉ក ឡាន​តាក់ស៊ី និង ឡាន​ទ្រុង។

ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជូនដំណឹង​ទៅកាន់​ក្រុមបាតុករ​នៅតាម​ខេត្ត​មួយចំនួន​មិន​ឲ្យ​មក​ទីក្រុង​ភ្នំពេញ និង ឲ្យ​ក្រុមបាតុករ​មួយចំនួន​វិល​ត្រលប់​ទៅ​ខេត្ត​វិញ។  មូល​ហេតុដែល​គណបក្ស​ធ្វើបែបនេះ ពីព្រោះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​មាន​លក្ខណៈ​ចង្អៀត​ណែន ក្នុងការ​ឲ្យ​ក្រុមបាតុករ​ទាំងអស់​សំរាក​នៅ​ទីនោះ។ ហើយ​អ្វី​ជា​បញ្ហា​ចោទ​មួយទៀត​នោះ គឺ​កង្វះខាត​បង្គន់​អនាម័យ ដែល​បង្ក​ឲ្យ​មាន​បញ្ហា​អនាម័យ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែម្ដង។

យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​គណបក្សប្រឆាំង​រូបនេះ អះអាងថា​ការធ្វើ​មហា​បាតុកម្ម​លើក​នេះ​អ្នកចូលរួម​មាន​ចំនួន​ច្រើនជាង​លើកមុនៗទាំងអស់។ លោក​អះអាងថា ការ​ពី​ម្សិលមិញ​ចំនួន​បាតុករ​មាន​ចំនួន​ពី​ចន្លោះ៤ម៉ឺន​នាក់ ទៅ ៥ម៉ឺន​នាក់។ ចំណែក​ក្នុងថ្ងៃនេះ លោក​រំពឹងថា​ក្រុមបាតុករ​នឹងមាន​ការកើនឡើង​នៅពេល​ល្ងាច ដោយសារតែ​ប្រជាជន​នៅ​ភ្នំពេញ​មួយចំនួន​ជាប់រ​វ​លើ​ធ្វើការ​នៅពេល​ព្រឹក និង ពេល​រសៀល។

សូមបញ្ជាក់ថា សា​ហ៊ុយ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​មួយចំនួន​មកពី​តាម​បណ្ដា​ខេត្ត ត្រូវបាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​ចេញខ្លះៗផងដែរ។ បើតាម​អ៊ុំ​ស្រី​ម្នាក់​ដែលជា​បាតុករ​មកពី​ខេត្តកំពុងចាម​បាន​ឲ្យ​ដឹងថា គាត់​និង​គ្នីគ្នា​របស់គាត់​ជួល​ឡាន​តម្លៃ៤៥ម៉ឺន​រៀល ហើយ​ក្នុងនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ ២០ម៉ឺន​រៀល។ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI