អានតួអត្ថបទ
កម្ពុជា

មេ​បក្ស​សង្គ្រោះ​ជាតិ​ផ្តើម​បញ្ចេញ​សកម្មភាព​ឡើង​វិញ​ប​ន្ទាប់​ពី​វិបត្តិ​នយោបាយ​

លោក ​សម ​រង្ស៊ី ​(ស្តាំ)​ និង​​ លោក​ កឹម ​សុខា ​(ឆ្វេង)​ ។
លោក ​សម ​រង្ស៊ី ​(ស្តាំ)​ និង​​ លោក​ កឹម ​សុខា ​(ឆ្វេង)​ ។ RFI/Siv Channa
ដោយ៖ ស៊ុន មេសា
១៦ នាទី

នៅ​​ថ្ងៃ​​សុក្រ​ ទី ​១៥ ​សីហា ​​នេះ ​ប្រធាន​និង​​អនុ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​ បាន​​បែង​ចែក​​កា​រ​ងារ​​គ្នា​​ដាច់​ដោយ​ឡែក​​ពី​គ្នា​។ ​ប្រធាន​​គណបក្ស​​សង្គ្រោះ​​ជាតិ​​ទៅ​​ជួប​​ប្រជា​ពលរដ្ឋ​​ដែល​មាន​​ជម្លោះ​ដី​ធ្លី ​ចំណែក​​ឯ​​អនុ​ប្រធាន​​គណបក្ស​​ចុះ​​ពង្រឹង​​មូល​ដ្ឋាន​​នៅ​តាម​​ខេត្ត​។ ​ប៉ុន្តែ​​អ្នក​វិភាគ​​នយោ​បាយ​​បាន​​ស្នើ​ឱ្យ​​គណបក្ស​​សង្គ្រោះ​​ជាតិ​​យក​​បញ្ហា​​ដែល​​កើត​ឡើង​​ប្រើ​​ក្នុង​​យន្តការ​​របស់​​សភា​។​

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ការបិទ​បញ្ចប់​វិ​ប​ត្តិ​នយោបាយ មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្តើម​បញ្ចេញ​សកម្មភាព​របស់ខ្លួន​ឡើងវិញ។ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​លោក សម រង្ស៊ី​នឹង​ជួប​ប្រជាពលរដ្ឋ​ដែលមាន​ជម្លោះដីធ្លី​មកពី​ខេត្តកំពង់ស្ពឺ។ ជា​ជំនួប​ដែល​ធ្វើ​ឡើ​នៅក្នុង​វត្ត​សាមគ្គី​រង្សី។

ដោយឡែក​អនុប្រធាន​គណបក្ស លោក កឹម សុខា​វិញ នឹងទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ ក្នុង​ខេត្ត​ចំនួន៣ គឹ​ខេត្តកំពង់ចាម ខេត្ត​ត្បូងឃ្មុំ និង​ខេត្តព្រៃវែង រួមទាំង​ការពង្រឹង​មូលដ្ឋាន​របស់​គណបក្ស​ផងដែរ។

អ្នកវិភាគ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​លោក​បណ្ឌិត សុខ ទូច​បាន​មានប្រសាសន៍ថា​ការជួប​ប្រជាពលរដ្ឋ​របស់​មេដឹកនាំ​គណបក្សប្រឆាំង​គឺ​គ្រាន់តែ​ជា​សារ​បញ្ជាក់​ពី​បក្សប្រឆាំង​ថា គណបក្ស​មិន​បំភ្លេច​ចំពោះ​សកម្មភាព​របស់ខ្លួន​ពីមុន​ទេ។ ប៉ុន្តែ​លោក​បណ្ឌិត​សុខ ទូច បាន​សង្កត់ធ្ងន់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ គណបក្សប្រឆាំង​ដែល​សមាសភាព​ខ្លាំង​នៅក្នុង​សភា​រួចទៅហើយ​នោះ គួរតែ​ប្រើប្រាស់​យន្តការ​ប្រព័ន្ធ​ច្បាប់ និង​លើកយក​បញ្ហា​ទាំងនេះ ទៅក្នុង​សភា។ សភា​ដែលជា​អង្គ​នីតិ​បញ្ញត្តិ។ បើ​មិន​ដូច្នោះ​ទេ​សកម្មភាព​នេះ គឺ​គ្រាន់តែ​ជា​ទង្វើ​ដែល​បង្ហាញ​ជា​រូបភាព និង​មិនអាច​ដោះស្រាយ​បញ្ហា​បាន​នោះទេ។

ឆ្លើយតប​នឹង​ការលើកឡើង​នេះ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ បាន​អះអាងថា​គណបក្សប្រឆាំង​មិនដែល​ភ្លេច​ពី​សកម្មភាព​ឆ្ពោះទៅ​មូលដ្ឋាន និង​មិនដែល​បោះបង់ និង​គោល​ការ​ណ៍ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​ឡើយ។ សូម​រំលឹក​បន្តិច​ថា មុននឹង​ការចុះទៅ​ជួប​ជាមួយ​ពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​មកពី​ខេត្តកំពង់ស្ពឺ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ទៅ​ជួប​ប្រជាពលរដ្ឋ​ដែលមាន​ទំនាស់​ដីធ្លី​មកពី​ភូមិ​ឡ​ពាង​ដែល​កំពុងស្នាក់នៅ​តំបន់​បឹងកក់​រួចហើយ។

យ៉ាងណាក៏ដោយ​ទន្ទឹមនឹងការ​បញ្ចេញ​សកម្មភាព​របស់​មេបក្ស​ប្រឆាំង​នេះ រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​អះអាងថា​ខ្លួន​មិនបាន​ព្រងើយកន្តើយ​នោះទេ។នេះ​បើតាម​ការបញ្ជាក់​ពី​លោក ផៃ​ ស៊ី​ផាន ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី។លោក​ផៃ​ស៊ី​ផាន​បាន​បន្តថា ចំពោះ​បញ្ហាដីធ្លី​នៅ​ឡ​ពាង និង​បណ្តា​តំបន់​ផ្សេងទៀត​គឺជា​ដំណោះស្រាយ​តាម​ទិដ្ឋភាព​តុលាការ​តែប៉ុណ្ណោះ​ ។ ដូច្នេះ​មិនគួរ​ប្រើប្រាស់​ទិដ្ឋភាព​នយោបាយ​ចូល​ឡូកឡំ​ដែល​នឹង​នាំឱ្យមាន​បញ្ហា​ស្មុគស្មាញ​ពិបាក​ដោះស្រាយ​នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ