ការជួបជុំរបស់គណបក្សសង្គ្រោះជាតិអាចត្រូវរំខានដោយភ្លៀង
គម្រោងនៃការជួបជុំរបស់គណបក្សសង្គ្រោះជាតិ នៅលើទីលានប្រជាធិបតេយ្យនៅរសៀលថ្ងៃអាទិត្យទី៦តុលានេះមិនផ្លាស់ប្តូរឡើយ។ តាមគម្រោង មនុស្សប្រមាណ២ម៉ឺននាក់ត្រូវបានអំពាវនាវអោយចូលរួមក្នុវេទិកាមហាជនរបស់គណបក្សនេះ ប៉ុន្តែមន្ត្រី របស់គណបក្សនេះព្រួយបារម្ភអំពីភ្លៀងធ្លាក់ដែលអាចរំខានដល់ការជួបជុំរវាងអ្នកគាំទ្រ និងមេដឹកនាំគណបក្សសង្គ្រោះជាតិ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដោយសារតែអាកាសធាតុមិនអំណោយផល ដោយមានភ្លៀងធ្លាក់រាល់ថ្ងៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបានស្នើសុំ ទៅសាលារាជធានីភ្នំពេញដើម្បីពួកគេអាចសាងសង់រោងពីរល្វែង នៅលើទីលានប្រជាធិបតេយ្យ សម្រាប់អោយអ្នកចូលរួមសមាជមហាជនបានជ្រកភ្លៀង ក្នុងករណីដែលមានភ្លៀងធ្លាក់ នៅរសៀលថ្ងៃអាទិត្យនេះ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលរាជធានីភ្នំពេញ លោកហូ វ៉ាន់ដែលជាអ្នកទទួលបន្ទុកក្នុងការរៀបចំការងារជួបជុំមហាជននេះ បានប្រាប់វិទ្យុបារាំងអន្តរជាតិ នៅព្រឹកថ្ងៃអាទិត្យថា សាលារាជធានីភ្នំពេញបានអនុញ្ញាតអោយសង់រោងនៅលើទីលានប្រជាធិបតេយ្យហើយ។ លោកហូ វ៉ាន់ ដែលបានសំដែងការព្រួយបារម្ភអំពីការរំខានដល់វេទិកាជួបជុំនៅរសៀលថ្ងៃអាទិត្យនេះដោយសារភ្លៀងធ្លាក់នោះ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិបានសង់រោងវែងពីរ អមជាមួយដើមឈើ នៅសងខាង លើទីលានប្រជាធិបតេយ្យ។
នៅរសៀលថ្ងៃអាទិត្យនេះ គណបក្សសង្គ្រោះជាតិត្រូវរៀបចំសមាជមហាជនដែលនឹងចាប់ផ្តើមនៅម៉ោង២។ មនុស្ស២ម៉ឺននាក់ត្រូវបានគេរំពឹងថា នឹងមកជួបជុំគ្នានៅលើទីលានប្រជាធិបតេយ្យនេះដើម្បីស្តាប់ជំហរ និងសេចក្តីសម្រេចរបស់គណបក្សសង្គ្រោះជាតិក្នុងយុទ្ធនាការមួយដែលគណបក្សជំទាស់ហៅថា ការស្វែងរកយុត្តិធម៌ជូនម្ចាស់ឆ្នោត។
នៅក្នុងវេទិកាមហាជនដែលនឹងត្រូវបិទបញ្ចប់នៅម៉ោង៦ល្ងាចនោះ អ្នកចូលរួមជាតំណាងកម្មករ កសិករ និស្សិត អាជីវករ មន្ត្រីរាជការ និងព្រះសង្ឃនឹងត្រូវឡើងសំដែងមតិជុំវិញគោលជំហររបស់គណបក្សសង្គ្រោះជាតិ។
គួររម្លឹកថា ក្រៅពីវេទិកាមហាជននៅថ្ងៃនេះ គណបក្សសង្គ្រោះជាតិ ក៏រៀបចំការជួបជុំមួយទៀត នៅថ្ងៃទី២៣តុលាដើម្បីអំពាវនាវអោយប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីកម្ពុជា ពិនិត្យឡើងវិញនូវការអនុវត្តន៍កិច្ចព្រមព្រៀងនេះ ទាក់ទងនឹងការបោះឆ្នោត ការគោរពសិទ្ធិមនុស្ស និងបូរណភាពទឹកដីជាដើម។ នេះបើតាមការរៀបរាប់របស់លោកហូ វ៉ាន់ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ