កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ជំហរ​ចរចា​ជា​មួយ​គណបក្ស​ប្រជាជន​

លោក សម រង្ស៊ី(ឆ្វេង) និង​ លោក កឹម សុខា (ស្តាំ) នៅ​ក្នុង​សន្និសីទថ្ងៃទី២៣តុលា២០១៣។
លោក សម រង្ស៊ី(ឆ្វេង) និង​ លោក កឹម សុខា (ស្តាំ) នៅ​ក្នុង​សន្និសីទថ្ងៃទី២៣តុលា២០១៣។ RFI/Siv Channa

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រកាសថា លោក​នឹង​ទូរស័ព្ទ​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ពិតប្រាកដ​របស់​គណបក្ស ក្នុងការ​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ភាពជាប់គាំង​នយោបាយ​បច្ចុប្បន្ន។ ជាការ​ជជែក​ចរចា​ដែល​ប្រធាន​គ​បក្សប្រឆាំង​រូបនេះ​ទាមទារ​ឲ្យ​ធ្វើឡើង​ដោយ​បើក​ជំហរ ដើម្បី​ជៀសវាង​ការបកស្រាយ​ខុសពី​ឆន្ទៈ ឬ​គំនិត​ដើម​របស់​ភាគី​ទាំងពីរ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​សន្និសីទ​សារព័ត៌មាន លោក សម រង្ស៊ី ថ្លែងថា គណបក្ស​សង្គ្រោះ​ជាតិ នៅមាន​ឆន្ទៈ ចង់​ឲ្យ​មានការ​ជជែក​គ្នា​ឡើងវិញ រវាង​តំណាង​ជាន់ខ្ពស់​គណបក្ស​ទាំងពីរ ដោយមាន​ការជួប​ជជែក​ពិភាក្សាគ្នា​ផ្ទាល់ ដោយ​ត្រង់​ទៅ​ត្រង់​មក ក្នុងការ​ស្វែងរក​ផ្លូវកណ្តាល​ណាមួយ ដើម្បី​ដោះស្រាយ​ភាពជាប់គាំង​នយោបាយ​បច្ចុប្បន្ននេះ។

លោក សម រង្ស៊ី ឲ្យ​ដឹងថា ការពិភាក្សា​នោះ ត្រូវតែ​ធ្វើឡើង​ឲ្យ​មាន​តម្លាភាព ដោយ​ស្នើ​អនុញ្ញាត​ឲ្យ​មាន​អ្នកសារព័ត៌មាន​ចូលរួម ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​សាធារណជន​ដើម្បី​បញ្ជៀ​ស​នូវ​ការយល់ច្រឡំ​ពី​សាធារណៈជន និង​ការ​គំរាម​ចាក់ផ្សាយ​ខ្សែអាត់​នៃ​ការពិភាក្សា​ពី​ភាគី​ណាមួយ​នោះ។

យ៉ាងណាក៏ដោយ លោក សម រង្ស៊ី មិន​បញ្ជាក់​កាលបរិច្ឆេត​នៃ​ការចរចា ត្រូវធ្វើឡើង​នៅពេលណា​នោះទេ ប៉ុន្តែ​លោក​បញ្ជាក់ថា គណបក្ស​សង្គ្រោះ​ជាតិ នឹងដាក់​លក្ខខណ្ឌ​មួយចំនួន​ទៅដល់​គណបក្ស​ប្រជាជន​កម្ពុជា តែ​មិនមែនជា​លក្ខខណ្ឌ​ដាច់ខាត​ទេ  វា​គ្រាន់តែ​ជាការ​សំណូមពរ​ទៅ​ភាគី​មួយទៀត ដើម្បី​ពិចារណា​តែប៉ុណ្ណោះ។

ចំណែក​លោក កឹម សុខា អនុប្រធាន​គណ​កប្ស​សង្គ្រោះ​ជាតិ​បានបញ្ជាក់ នៅក្នុង​សន្និសីទ​ថា បើទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ពី​បំណង និង​សុ​ឆន្ទៈ នៃ​ការចរចា​ជាមួយ​គណបក្ស​ប្រជាជន​ក៏ដោយ ក៏ប៉ុន្តែ គណបក្ស​សង្គ្រោះ​មិន​បោះបង់ចោល​បេសកកម្ម​របស់ខ្លួន​នោះទេ។ ជា​បេសកកម្ម ដែល​លោក កឹម សុខា បញ្ជាក់ថា មានដូចជា ការតស៊ូ​មតិ ការធ្វើ​ញត្តិ​ប្រមូល​ស្នាម​មេដៃ ការធ្វើ​បាតុកម្ម និង​បេសកកម្ម​ការទូត​នានា។

គួរ​បញ្ជាក់ថា ថ្នាកដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្សនយោបាយ​ទាំងពីរ​ធ្លាប់បាន​ជួបចរចា​គ្នា​ពីរលើក​រួចមកហើយ កាលពី​ថ្ងៃទី១៦ និង១៧ ខែកញ្ញា​កន្លងទៅ  ក៏ប៉ុន្តែ ការចរចា​នោះ​នៅ​មិនទាន់​អាច​បញ្ចប់​បាន​នូវ​ភាពជាប់គាំង​នយោបាយ​នៅ​កម្ពុជា​នោះទេ ដោយសារតែ​គណបក្ស​ស​ង្គ្រោះ​ជាតិ ធ្វើពហិការ​ចូលរួម​ប្រជុំ​សភា​លើកដំបូង និង​មិន​ទទួលស្គាល់​រដ្ឋសភា និង​រដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI