ទិវារដ្ឋធម្មនុញ្ញ៖ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំង៩រូបធានាមិនឲ្យមានការរំលោភបំពានបានឡើយ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃទី២៤កញ្ញានេះគឺជាទិវាប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ច្បាប់កំពូលមួយនេះ ត្រូវបានធ្វើវិសោធនកម្មចំនួន ៩លើកមកហើយ ចាប់តាំងពីបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៨នេះ។ ការធ្វើវិសោធនកម្មច្រើនលើកនេះ បានធ្វើឲ្យមានមតិខ្លះរិះគន់ថា មានការរំលោភខ្លឹមសារដើមនៃច្បាប់កំពូលនេះ។ ប៉ុន្តែខាងរដ្ឋាភិបាល អះអាងថា ការកែប្រែរដ្ឋធម្មនុញ្ញ កាលណោះ គឺធ្វើឡើងឲ្យស្របនឹងសភាពការណ៍ជាក់ស្តែង។
ខ្លឹមសារសំខាន់នៃរដ្ឋធម្មនុញ្ញ គឺជាបន្ទាត់ក្រឹត្យមួយ ដែលបានបែងចែកអំណាចទាំង៣របស់ជាតិឲ្យនៅដាច់ពីគ្នារវាងអំណាចនីតិប្រតិបត្តិ ឬរដ្ឋាភិបាល អំណាចនីតិបញ្ញត្តិ ឬរដ្ឋសភា និងអំណាចតុលាការ។ លើសពីនេះទៀត រាល់ឯកសារច្បាប់ទាំងឡាយ ដែលត្រូវបានតាក់តែងឡើង គឺត្រូវតែធ្វើឲ្យស្របតាមរដ្ឋធម្មនុញ្ញ បើពុំដូចនោះទេ ច្បាប់ និងឯកសារគតិយុត្តិទាំងនោះ នឹងត្រូវចាត់ទុកថា អធម្មនុញ្ញភាព ពោលមិនអាចយកជាការបានឡើយ។
បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញ ដែលកម្ពុជាកំពុងប្រើប្រាស់ គឺបានកើតឡើងក្រោយមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែលនាំឲ្យមានសភាធម្មនុញ្ញ។
តែក្រោយចប់សភាធម្មនុញ្ញ កម្ពុជាក៏បានបង្កើតរដ្ឋធម្មនុញ្ញឡើងនៅក្នុងឆ្នាំ១៩៩៣ ដោយមានការឯកភាពពីសំណាក់គណបក្សចំនួនបួនគឺ គណបក្សប្រជាជនកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សប្រជាធិបតេយ្យសេរីនិយម ព្រះពុទ្ធសាសនា របស់លោកតា សឺន សាន និង គណបក្សម៉ូលីណាកា។ ខ្លឹមសារសំខាន់ៗនៃរដ្ឋធម្មនុញ្ញ បានយកមូលដ្ឋានគ្រឹះពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជាថ្ងៃទី២៣តុលាឆ្នាំ១៩៩១។ ប៉ុន្តែរដ្ឋធម្មនុញ្ញកម្ពុជា ត្រូវបានធ្វើវិសោធនកម្មចំនួន ៩លើកមកហើយ ចាប់តាំងពីបង្កើតរដ្ឋធម្មនុញ្ញនៅក្នុងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ២០១៨។ ការកែប្រែរដ្ឋធម្មនុញ្ញកាលណោះ គឺធ្វើឡើងឲ្យស្របនឹងសភាពការណ៍ និងការបង្កើតរដ្ឋាភិបាលថ្មី។
ការធ្វើវិសោធនកម្មលើកទី១ នៅខែកក្កដាឆ្នាំ១៩៩៤ លើកទី២នៅខែមីនាឆ្នាំ១៩៩៩ លើកទី៣ ខែកក្កដាឆ្នាំ២០០១ លើកទី៤ខែកក្កដាឆ្នាំ២០០៤ លើកទី៥ខែឧសភាឆ្នាំ២០០៥ លើកទី៦ខែមីនាឆ្នាំ២០០៦ លើកទី៧ខែមករា ឆ្នាំ២០០៨លើកទី៨ គឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ និងលើកទី៩នៅខែកុម្ភៈឆ្នាំ២០១៨នេះ។
ស្របពេលនៃការរំឮកទិវាប្រកាសរដ្ឋធម្មនុញ្ញឆ្នាំ២០១៨នេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានលើកឡើងថា «ព្រះរាជាណាចក្រទី២ មានអាយុ២៥ឆ្នាំហើយ គួរឲ្យអរសប្បាយដែរ ព្រោះប្រទេសមានមហាក្សត្រឡើងវិញ ហើយសម្តេចព្រះនរោត្តម សីហនុ ទ្រង់បានឡើងសោយរាជ្យជាថ្មី ដូចដែលបានស្នើនៅឆ្នាំ១៩៩០។ តែលោកថាខ្វះកិច្ចសហការជួយព្រះអង្គ ព្រះមហាក្សត្រទាំងពីរអង្គ ព្រះបិតានិងព្រះរាជបុត្រ មិនអាចបំពេញតួនាទី និងប្រើប្រាស់សិទ្ធិអំណាច ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញបាន»។ នេះបើតាមលោក ឡៅ ម៉ុងហៃ។
ក៏ប៉ុន្តែ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ លោក អ៊ុត ឈន បានអះអាងថា សមាជិកទាំង៩រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការធានាថា ច្បាប់កំពូលមួយនេះមិនត្រូវបានរំលោភបំពានដូចមជ្ឈដ្ឋានមួយចំនួនលើកឡើងនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ