ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គុណភាព​សំណង់​ជា​បញ្ហា​ដែលត្រូវ​យកចិត្តទុកដាក់

សំឡេង ០៤:៥៨
សំណង់អគារ​រីកដុះ​ដូចផ្សិត​នៅ​កម្ពុជា ប៉ុន្តែ គុណភាព​សំណង់​គឺ​ជា​បញ្ហា​ចោទ​ដល់​សុវត្ថិភាព
សំណង់អគារ​រីកដុះ​ដូចផ្សិត​នៅ​កម្ពុជា ប៉ុន្តែ គុណភាព​សំណង់​គឺ​ជា​បញ្ហា​ចោទ​ដល់​សុវត្ថិភាព RFI/Bona Pen

កាលពី​សប្តាហ៍​មុន​ពិ​ដាន​រោងចក្រ​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​បាក់​ធ្លាក់​សង្កត់​លើ​កម្មករ​ដែល​កំពុង​បំពេញការងារ​បណ្តាល​ឲ្យ​កម្មករ​ពីរ​នាក់​ស្លាប់ និង​ជាង១០នាក់​រងរបួស។ នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ស្រាប់តែ​មានការ​បាក់​រលំ​រោង​បាយ​សង្កត់​កម្មករ​មួយទៀត​នៅ​ជាយ​រាជធានី​ភ្នំពេញ​បណ្តាល​​ឲ្យ​មាន​អ្នករងរបួស​ជាង២០នាក់។ ឧបទ្ទវហេតុ​ទាំងនេះ​បញ្ជាក់​ឲ្យឃើញ​ថា គ្រោះថ្នាក់​ដោយសារ​កង្វះ​គុណភាព​សំណង់​បាន​ផ្តើម​កើតឡើង​ជា​បណ្តើៗ​ហើយ។ កង្វះ​គុណភាព​សំណង់​​ត្រូវ​គេ​មើលឃើញថា​ជា​បញ្ហា​ប្រឈម​ធំធេង​មួយ​ខណៈដែល​ប្រទេស​កម្ពុជា​កំពុងស្ថិត​ក្នុង​ដំណាក់កាល​​​អភិវឌ្ឍន៍។

ផ្សាយពាណិជ្ជកម្ម

ការបាក់​រលំ​អាគារ​រោងចក្រ​សង្កត់​កម្មករ​ឲ្យ​ស្លាប់​និង​របួស​រយៈពេល​ចុងក្រោយ​នេះ ទោះបីជា​វា​មិនទាន់​ធ្ងន់ធ្ងរ​ដូច​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ដែលមាន​អ្នកស្លាប់​និង​របួស​រាប់ពាន់​អ្នក​ក៏ដោយ​ក៏​នេះ​ជាស​ញ្ញា​ដំបូង​មួយ​សម្រាប់​ដាស់​ស្មារតី​សង្គម​ខ្មែរ​យើង​ឲ្យ​គិតគូរ​ដល់​គ្រោះថ្នាក់​ជាច្រើន​ទៀត​ដែល​អាច​កើតឡើង​នៅពេល​ខាងមុខ។

តាមពិត គ្រោះថ្នាក់​បណ្តាលមកពី​សំណង់​គ្មាន​គុណភាព​ត្រូវបាន​ក្រុមអ្នកវិភាគ​បញ្ហា​សង្គម​កម្ពុជា​បាន​មើលឃើញ​តាំងពី​យូរ​មកហើយ ហើយ​វា​គឺជា​បញ្ហា​ដ៏​ធំធេង​មួយ​សម្រាប់​អនាគត​ប្រទេស​កំពុងអភិវឌ្ឍន៍​មួយ​នេះ។ គ្រោះថ្នាក់​នៅត្រង់ថា នៅពេលដែល​សំណង់​អាគារ​តូចធំ​ខ្ពស់​ទាប​កំពុង​រីក​ដុះដាល​ព្រោងព្រាត​ដូច​ផ្សិត ប្រព​ន្ធ័​ត្រួតពិនិត្យ​គុណភាព​និង​បច្ចេកទេស​សាងសង់​ត្រូវគេ​មើលឃើញ​ជាទូទៅ​ថា​មិនទាន់​អាច​ឆ្លើយតបនឹងតម្រូវការសុវត្ថិភាព​បាន​នៅឡើយទេ។

សំណង់ផ្ទះ​ល្វែង​ឬ​លំនៅដ្ឋាន​ខ្លះ រាប់ទាំង​អាគារ​សម្រាប់​ជួល​មួយចំនួន​ផង​ដែល​ទើបតែ​សាងសង់​រួចថ្មីៗសោះ​ស្រាប់​តែមាន​ស្នាម​ប្រេះ​ឬ​ជ្រាប​ទឹក​ដែលជា​ភស្តុតាង​នៃ​កង្វះ​គុណភាព​និង​បច្ចេកទេស​ក្នុងការ​សាងសង់។ ដូច្នេះ តើ​នឹងមាន​មនុស្ស​ប៉ុន្មាន​នាក់​ទៀត​ដែល​រងគ្រោះ​ដោយសារ​ការបាក់​រលំ​អាគារ​ទាំងនោះ​ក្នុងពេល​អនាគត? នេះ​ជា​សំណួរ​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​អាច​ពន្យល់​ពី​កង្វះ​គុណភាព​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា។ ទី១៖ កង្វះ​ធនធាន មធ្យោបាយ និង​សមត្ថភាព​បច្ចេកទេស​របស់​សមត្ថ​កិច្ច​ជំនាញ​ដែល​កើតមាន​ស្ទើរតែ​គ្រប់​ស្ថាប័នរដ្ឋ​គឺជា​បញ្ហា​ចម្បង​មួយ។ ទី២៖ ការគិតគូរ​តែ​ពី​ពី​ផលចំណេញ​ផ្ទាល់ខ្លួន​ច្រើនពេក​ពី​សំណាក់​ម្ចាស់​សំណង់​មួយចំនួន​ដែល​ធ្វើ​ឲ្យ​ពួកគេ​ភ្លេច​គិតពី​សុវត្ថិភាព​អ្នករស់នៅ​ក្នុង​អាគារ​ទាំងនោះ។

និង​ទី៣៖ ការឃុបឃិត​គ្នា​រវាង​មន្ត្រី​ជំនាញ​អធិការកិច្ច​ជាមួយ​ម្ចាស់​សំណង់​ដែលជា​រឿង​តែង​កើតមាន​ជាធម្មតា​ទៅហើយនោះ​ក៏​ជា​ឧបសគ្គ​ធំធេង​មួយ​ដែរ​ក្នុង​ការធានា​គុណភាព​សំណង់។ ជាក់ស្តែង ដើម្បី​បាន​ផលចំណេញ​ច្រើន ម្ចាស់​សំណង់​ច្រើនតែ​កេង​ទាំង​វត្ថុធាតុដើម​ ទាំង​លើ​ជំនាញ​បច្ចេកទេស ដែល​ធ្វើ​ឲ្យ​សំណង់​មាន​លក្ខណៈ​មិន​គ្រប់​តាម​ស្តង់ដា។ ក្នុងស្ថានភាពនេះ ប្រសិន​បើ​ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ​គុណភាព​សំណង់​បែរជា​ត្រូវ​ស្រវាំង​ភ្នែក​ដោយ​ប្រាក់​ដុល្លា​ទៀត​នោះ​ វាពិត​ជាគ្រោះ​អាសន្ន​ធំណាស់។

ជាការ​ពិត បច្ចុប្បន្ន កង្វះ​គុណភាព​កើតមាន​ស្ទើរតែ​គ្រប់​វិស័យ​ដូចជា ផ្លូវថ្នល់​ជាច្រើន​ត្រូវបាន​ខូចខាត​ទៅវិញ​ក្រោយពី​ការសាងសង់​មិនទាន់បាន​ប៉ុន្មាន​ផង។ គ្រាន់តែ​ក្នុង​រាជធានី​ភ្នំពេញ​ក៏មាន​ផ្លូវ​ជាច្រើន​កំពុង​ក្លាយជា​ផ្លូវដី​ហុយ​ទ្រលោម ឬ​មានទឹក​ដក់​ដូច​ថ្លុក​ក្របី​ទៅហើយ។ កង្វះ​គុណភាព​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ​ជាដើម​ក៏​ជា​រឿងគួរឲ្យចាប់អារម្មណ៍ដែរ។ នេះសបញ្ជាក់ថា កង្វះ​គុណភាព​គឺជា​បញ្ហា​ធំធេង​សម្រាប់​អនាគតសង្គម​ខ្មែរ។

វិល​មក​វិស័យ​សំណង់​វិញ ផ្ទះល្វែង​ទាំងជុងៗ និង​អាគារខ្ពស់ៗកំពុង​រីកដុះដាល​ព្រោងព្រាត។ អាគារ​ទាំងនោះ​សុទ្ធតែជា​ទីជម្រក​ឬ​កន្លែងធ្វើការ​របស់​មនុស្ស​ជាច្រើន ជាពិសេស​រោងចក្រ​កាត់ដេរ​ដែល​សុទ្ធ​តែមាន​បុគ្គលិក កម្មករ ច្រើន​ពាន់​នាក់​បម្រើ​ការងារ។ គ្រោះថ្នាក់​បាក់​រលំ​ពិ​ដាន​អាគារ​រោងចក្រ​ក្នុង​ខេត្តកំពង់ស្ពឺ​កាលពី​សប្តាហ៍​មុន​ដែល​បណ្តាល​ឲ្យ​កម្មករ​ពីរ​នាក់​ស្លាប់ និង​ជាង ១០ នាក់​ទៀត​រងរបួស ​គឺជា​ផលវិបាកដែល​កើត​ចេញ​ពី​កង្វះ​គុណភាព​សំណង់។

ពិត​ហើយ​ថា ទាំង​សមត្ថកិច្ច​ទាំង​រដ្ឋាភិបាល​និង​ក្រុមហ៊ុន​ហាក់ដូចជា​ស្ទុះស្ទារ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ទាំង​ថវិកា និង​ស្មារតី ដែលជា​ជា​កាយវិការ​ដ៏​ល្អ​មួយ។ ប៉ុន្តែ ការ​ស្ទុះស្ទារ​នេះ​បាន​កើតឡើង​ក្នុងស្ថានភាព​ហួសពេល​ទៅហើយ។ ប្រសិនបើ​ការ​ស្ទុះស្ទារ​គិតគូរ​ពី​សុវត្ថិភាព​បានកើត​ឡើង​តាំងពី​ពេល​សាងសង់​អាគារ ម្ល៉េះ​សម​បញ្ហា​នឹងមិន​កើតមានឡើង​ទេ​ដូច​សុភាសិត​បូរាណ​ខ្មែរ​បាន​ពោលថា«ការពារ​ប្រសើរ​ជាង​ព្យាបាល»។ សូម​កុំភ្លេចថា ជីវិត​មនុស្ស​មិន​ថា ជីវិត​អ្នកមាន​ឬ​អ្នកក្រ​នោះឡើយ​សុទ្ធតែ​ឬ​មានតម្លៃ​ដែល​ត្រូវ​គិតគូរ​ជាបឋម ។

ដូច្នេះ ដើម្បី​បញ្ចៀស​បញ្ហា​ធំធេង​ទៅ​ថ្ងៃ​អនាគត គេ​គួរ​យកចិត្តទុកដាក់​គិតគូរ​ពី​សុវត្ថិភាព​សំណង់​ជា​ចាំបាច់។ ការមើលរំលង​បញ្ហា​នេះ មានន័យ​ស្មើនឹង​ការមើលស្រាល​តម្លៃ​នៃ​ជីវិត​មនុស្ស​ដែល​ជា​បន្ទុក​ធំធេង​សម្រាប់​សង្គមខ្មែរ​ទៅថ្ងៃ​អនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI