អានតួអត្ថបទ
កម្ពុជា-នយោបាយ

អ្នក​គាំទ្រ​ លោក​ កឹម​ សុខា​ បដិសេធ​សន្និសីទ​ដែល​រៀប​ចំ​ដោយ​អ្នក​គាំទ្រ​ លោក ​សម ​រង្ស៊ី​

លោក សម រង្ស៊ី ពេលទៅដល់​ទីក្រុង​អត្លង់តា សហរដ្ឋ​អាមេរិក​
លោក សម រង្ស៊ី ពេលទៅដល់​ទីក្រុង​អត្លង់តា សហរដ្ឋ​អាមេរិក​ @Sam Rangsy
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

សន្និសីទ​របស់​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​នឹង​ប្រព្រឹត្តិ​ទៅតាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ទី១​ខែ​ធ្នូ​នេះ ​នៅទី​ក្រុង​អាត្លង់តា ​សហរដ្ឋអាមេរិក​។​ ជា​សន្និសីទ​ពិភព​លោក​ដែល​អ្នក​រៀប​ចំ​អះអាងថា​ដើម្បី​ស្វែង​រក​យុទ្ធសាស្ត្រ​ថ្មី​ជំរុញ​ឲ្យ​ដោះ​លែង​លោក​ កឹម​ សុខា ​និង​ឲ្យ​គណ​បក្ស​សង្រ្គោះ​ជាតិ​រស់​ឡើង​វិញ​។ ​ប៉ុន្តែ​សន្និសិទ​នេះ​ត្រូវ​បាន​ជំទាស់​ពី​ក្រុម​អ្នក​គាំទ្រ​គណ​បក្ស​សង្រ្កោះជាតិ​មួយ​ក្រុម​ទៀត​ក៏ដូចជា​មេធាវី​លោក​ កឹម​ សុខា​ផងដែរ​ ដោយ​ពួកគេ​សង្ស័យថា​ជា​សន្និសីទ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​លោក ​សម​ រង្ស៊ី​ ក្លាយ​ជា​ប្រធាន​គណ​បក្ស​សង្រ្គោះជាតិ​ឡើង​វិញ​។

ផ្សាយពាណិជ្ជកម្ម

អ្នក​គាំទ្រ​គណ​បក្ស​សង្រ្គោះជាតិ​មួយ​ក្រុម​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅថ្ងៃ​ទី​៣០​វិច្ឆិកា​ដោយ​បដិសេធ​ចំពោះ​សន្និសីទ​នេះ ​ហើយ​ថា​អ្នក​ដែល​ទៅ​ចូល​រួម​សន្និសីទ​នេះ​គឺជា​ការ​ចាក​ចេញ​ពី​គណបក្ស​សង្រ្គោះជាតិ​ដោយ​ចំហ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ចលនា​របស់​លោក ​សម​ រង្ស៊ី​។

លោក ​ឈិន ​ម៉ារ៉ា ​ដែល​អះអាងថា​ជា​ប្រធាន​សាខា​គណ​បក្ស​សង្រ្គោះជាតិ​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ដាក់​ការ​សង្ស័យថា ​សន្និសីទ​ដែល​រៀប​ចំដោយ​ក្រុម​អ្នកគាំទ្រ ​លោក ​សម​ រង្ស៊ី ​នៅពេលនេះ​គឺ​ដើម្បី​ជ្រើស​រើស​ឲ្យ​លោក​ សម​ រង្ស៊ី ​មក​ដឹក​នាំ​គណ​បក្សសង្រ្កោះជាតិ​វិញ​ ខណៈ​លោក កឹម​ សុខា ​នៅតែ​ជា​ប្រធាន​បក្ស​នេះនៅ​ឡើយ​។

ប៉ុន្តែ ​លោក​ អ៊ុង​ រិទ្ធី​ ជា​អ្នក​គាំទ្រ​គណ​បក្ស​សង្រ្គោះជាតិ​ម្នាក់​នៅសហរដ្ឋ​អាមេរិក​ដែល​រៀបចំសន្និសីទ​នេះ ​បាន​អះអាងថា​ លោក​ សម​ រង្ស៊ី ​គ្រាន់​តែ​ចូល​រួម​ក្នុង​នាម​ជា​អ្នក​សង្កេតការណ៍​តែប៉ុណ្ណោះ ហើយថា​សន្និសីទនេះ ​មិន​មែន​ធ្វើ​ឡើង​ដើម្បី​ជ្រើស​រើស​លោក​ សម​ រង្ស៊ី ​ឲ្យ​មកដឹក​នាំ​គណ​បក្ស​សង្រ្គោះជាតិ​ឡើង​វិញ​នោះទេ​។

ចំណែក​ លោក ​សម ​រង្ស៊ី​ ដែល​បាន​ទៅ​ចូល​រួម​សន្និសីទ​នេះ ​បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោកថា​ «ក្នុង​កាលៈ​ទេសៈ​ដែល​លោក​ កឹម​ សុខា ​ត្រូវ​បាន​ជន​ផ្តាច់ការ​ លោក ​ហ៊ុន ​សែន​ ចាប់យក​ធ្វើជា​ចំណាប់​ខ្មាំង​ ហើយ​ដោយសារ​តែ​សកម្មជន​គណ​បក្ស​សង្គ្រោះជាតិ​ នៅ​កម្ពុជា​ ត្រូវគេ​គំរាម​កំហែង ​យើង​យល់​ឃើញ​ថា ​មាន​តែ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ ​នៅក្រៅ​ប្រទេសទេ​ ដែល​អាច​ជួប​ជុំ​គ្នា ​និង​ពិភាក្សាគ្នា​ ដើម្បី​កំណត់​យុទ្ធសាស្ត្រ ​និង​ធ្វើ​សេចក្តី​សម្រេចសម​ស្រប​ទាន់​ពេល​វេលា ​ក្នុង​គោល​បំណង​រកដំណោះ​ស្រាយ​ ចំពោះ​វិបត្តិ​នយោបាយ​សព្វ​ថ្ងៃ នៅ​កម្ពុជា​»​។

សន្និសីទ​នេះ ​គឺ​មាន​ប្រតិភូ​ចូល​រួម​ជាង​ ៤០០​ នាក់​ មកពី​សហរដ្ឋអាមេរិក​ កាណាដា​ ទ្វីប​អឺរ៉ុប រួមមាន​ បារាំង​ ប៊ែលហ្សិក ស្វីស អាល្លឺម៉ង់ អុីតាលី អូទ្រីស ហូឡង់ ន័រវេ ស៊ុយអែត និងហ្វាំងឡង់។ ចំណែក ទ្វីបអាស៊ីវិញ មានតំណាងពីកម្ពុជា ថៃ ម៉ាឡេសុី ជប៉ុន និងកូរ៉េខាងត្បូង ខណៈមកពី​ទ្វីបអូសេីអានី ប៉ាស៊ីហ្វិច មានតំណាងប្រចាំ អូស្ត្រាលី និងញូហ្សេលែន។ នេះ​បើ​តាម​លោក​ សម រង្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ