កម្ពុជា-អភិរក្ស

តុលាការ​ប្រកាស​ចូលរួម​ទប់ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន ជលផល ធនធានធម្មជាតិជាមួយ​រដ្ឋាភិបាល

រូបតំណាងៈស្ថានភាពព្រៃឈើក្នុងខេត្តមណ្ឌលគិរី
រូបតំណាងៈស្ថានភាពព្រៃឈើក្នុងខេត្តមណ្ឌលគិរី @NGO Forom

ក្រសួង​យុត្តិធម៌​នៅ​ថ្ងៃ​ស្អែក​នេះ​នឹង​ជួប​ប្រជុំ​ជាមួយ​ប្រធាន​តុលាការ​នៅ​ទូទាំង​ប្រទេស​រួមជាមួយ​តំណាង​អយ្យការ​ផង។ ជា​ជំនួប​ដើម្បី​រួម​ចំណែក​ជាមួយ​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន ធនធាន​ធម្មជាតិ និង បទ​ល្មើស​ជល​ផល បន្ទាប់ពី​រដ្ឋាភិបាល​បាន​បេ្ដជ្ញា​ទប់ស្កាត់​បទល្មើស​ទាំង​នេះ​នៅ​ដើម​ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

ផ្សាយពាណិជ្ជកម្ម

 

លោក ជិន ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួងយុត្តិធម៌​បាន​គូស​បញ្ជាក់​ថា ទោះ​បីជា​ក្រសួងយុត្តិធម៌​មិន​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​សមាជិក​គណៈកម្មការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ធន​ធាន​ធម្មជាតិ និង បទ​ល្មើស​ជលផល​ក៏​ពិត​មែន ប៉ុន្តែ​តួនាទី​របស់​តុលាការដែល​ជា​សេនាធិការ​បស់​ក្រសួង​ចង់​ចូល​រួម​កិច្ចការ​នេះ​ដើម្បី​ឲ្យ​ការ​អនុវត្ត​មាន​ប្រសិទ្ធភាព​ខ្ពស់។

លោក ជិន ម៉ាលីន បាន​ថ្លែង​ការពារ​ថា កន្លង​មក​ក្រសួង​យុត្តិធម៌​ក៏​បាន​រួម​ចំណែក​ទប់ស្កាត់​បទ​ល្មើស​ទាំង​បី​នេះ​ដែរ ប៉ុន្តែ​លើក​នេះ​ក្រសួង​ចង់​ឃើញ​សកម្មភាព​ទប់ស្កាត់​និងបង្ក្រាប​នេះ​ឲ្យ​មាន​សកម្មភាព​រស់​រវើក​ជាង​រាល់​ដង តាម​រយៈ​ការ​ចាប់​ជន​ល្មើស​មកផ្ដន្ទា​ទោស​តាម​ច្បាប់។

សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៧ រដ្ឋាភិបាល​បាន​ដាក់​ចេញ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​​​ញៀន​ខុស​ច្បាប់ លើក​ទី​មួយ រយៈ​ពេល ៦​ខែ ស្រប​តាម​ទស្សន​វិស័យ «ចូលរួម​ទាំង​អស់​គ្នា​ ដើម្បី​ជីវិត និង​សហគមន៍​គ្មាន​គ្រឿង​ញៀន»។ 

ជា​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​នៅ​កម្ពុជា រយៈ​ពេល ៦​ខែ ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​០១ ខែ​មករា រហូត​ដល់ ថ្ងៃទី​៣០ ខែ​មិថុនា ឆ្នាំ​២០១៧ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ទទួល​ស្គាល់ថា​ និន្នាការ​ចរាចរ ជួញដូរ និង​ប្រើប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​លើ​ពិភព​លោក និង​ក្នុង​តំបន់ ​កំពុង​ជៈ​ឥទ្ធិពល​ដល់​កម្ពុជា​ ដែល​មាន​ការ​រីក​រាល​ដាល​គួរ​ឲ្យ​ព្រួយ​បារម្ភ ពី​ទីក្រុង​ រហូត​ដល់​ជនបទ​ដាច់​ស្រយាល។

បន្ទាប់​មក​រដ្ឋាភិបាល​ក៏​បាន​បង្កើត​គណៈកម្មការ​មួយ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​គឺ​គណៈ​កម្មការ​​ទប់ស្កាត់​និង​បង្រ្កាប​បទល្មើស​នេសាទ​ដែល​តែង​តែ​កើត​មាន​នៅ​ក្នុង​តំបន់បឹង​ទន្លេ​សាប។ អ្វី​ដែល​កាន់​តែ​ពិសេស​ទៀត​នោះ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​គណៈកម្មការនេះ​មាន​សិទ្ធិ​ប្រើប្រាស់​ឧទ្ធម្ភាគចក្រ​របស់​កង​ទ័ព​អាកាស​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ដើម្បី​បំពេញ​បេសកកម្ម​ការងារ​របស់​ខ្លួន​ទៅ​តាម​ការ​ចាំ​បាច់។

តែយ៉ាងណាមិញ​សម្រាប់​អ្នក​តាម​ដាន​ការ​អភិវឌ្ឍ​សង្គម​បាន​រិះ​គន់​ការ​បង្កើត​គណៈកម្មការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន ធនធានធម្មជាតិ និង បទ​ល្មើស​ជលផល​របស់​រដ្ឋាភិបាល​ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ខាតបង់​ថវិកាជាតិ​ព្រោះ​អាជ្ញាធរ​ទប់​ស្កាត់បញ្ហា​ទាំង​អស់​នេះ​មាន​រួច​ទៅ​ហើយ​គឺ​ខ្វះ​តែ​ឆន្ទះ​នៅ​ក្នុង​ការ​អនុវត្ត​តែ​ប៉ុណ្ណោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI