តុលាការក្រុងភ្នំពេញបដិសេធសំណើទម្លាក់បទចោទលើលោក កឹម សុខា ជាលើកទី៤
តុលាការក្រុងភ្នំពេញបានបដិសេធជាលើកទី៤ ចំពោះសំណើសុំឲ្យទម្លាក់ចោលបទចោទប្រឆាំងនឹងលោក កឹម សុខា ខណៈលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានដោយប្រយោលថានឹងមិនដោះលែងអតីតប្រធានគណបក្សប្រឆាំងរូបនេះទេ ។ ការបដិសេធ ធ្វើឡើងក្រោយពេលក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់ពាក្យស្នើសុំជាថ្មីម្តងទៀត កាលពីថ្ងៃទី ១៤ ខែ មីនា ដោយសារតែការពន្យាឃុំខ្លួនលោក កឹម សុខា លើក២បានផុតកំណត់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំណុំរឿង លោក កឹម សុខា ត្រូវបានអ្នកវិភាគ និងមេធាវីការពារក្តី លើកឡើងជាបន្តបន្ទាប់ថា ជារឿងនយោបាយ។ រឿងនយោបាយ ដែលលោក ផែង ហេង ជាសហមេធាវីការពារក្តី លោក កឹម សុខា បានលើកជាយោបល់ថា«នៅប្រទេសអភិវឌ្ឍន៍(សហរដ្ឋអាមេរិក) រឿងក្តីនយោបាយ តុលាការបដិសេធមិនទទួលយកមកជំនុំជម្រះទេ ហើយបង្វិលឱ្យមកដោះស្រាយតាមនយោបាយវិញ កាលណាតុលាការរកឃើញថាការចោទប្រកាន់មានលក្ខណៈនយោបាយ»។
បើតាមមេធាវីរូបនេះ កម្ពុជាគួរស្វែងយល់អំពីបទពិសោធន៍ទាំងនេះ ហើយលោកយល់ថានេះក៏ជាដំណោះស្រាយស្មើមុខស្មើមាត់រវាងគ្នានឹងគ្នាផងដែរ។
ការលើកជាយោបល់បែបនេះរបស់មេធាវីការពារក្តីរបស់លោក កឹម សុខា គឺបន្ទាប់ពីទទួលបានដីកាសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ដោយចៅក្រមបានសម្រេចបដិសេធ ការស្នើសុំទម្លាក់ចោលបទចោទ ប្រឆាំងនឹងលោក កឹម សុខា។ លោក កឹម សុខា ដែលត្រូវបានតុលាការចោទប្រកាន់ពីបទ«សន្ទិដ្ឋភាពជាមួយបរទេស»ឬក្បត់ជាតិ ក្នុងគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ការបដិសេធរបស់តុលាការនេះ គឺស្របពេលដែលលោក ហ៊ុន សែន បានព្រមានដោយប្រយោលថាមិនដោះលែង ឬលើកលែងការចោទប្រកាន់លើមេដឹកអតីតបក្សប្រឆាំងនេះទេ ដោយអះអាងថា លោក កឹម សុខា បានរារាំងសមាជិករបស់អតីតគណបក្សសង្រ្គោះជាតិមិនឲ្យសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ តែមេធាវីលោក កឹម សុខា បានបញ្ជាក់ថាកូនក្តីរបស់ខ្លួនមិនបានរារាំងឬក៏ជំរុញឲ្យទៅសុំសិទ្ធិនយោបាយឡើយ។
បើតាមមេធាវីការពារក្តីលោក កឹម សុខា នេះជាលើកទី៤ ហើយដែលក្រុមមេធាវីការពារក្តីបានដាក់ពាក្យស្នើសុំលើកលែងបទចោទ ដោយសារតែរឿងក្តីនេះ ត្រូវបានតុលាការ ប្រើរយៈពេលជិត២ ឆ្នាំ នៅមិនទាន់កំណត់ពេលសវនាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ