អានតួអត្ថបទ
កម្ពុជា

​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​ ចំពោះ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​វ៉ន ពៅ ជា​ថ្មី​ម្ដង​ទៀត

លោក ​វ៉ន​ ពៅ ​ប្រធាន​សមាគម​ឯករាជ្យ​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​
លោក ​វ៉ន​ ពៅ ​ប្រធាន​សមាគម​ឯករាជ្យ​ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ©IDEA
ដោយ៖ អ៊ឹម រចនា
១៥ នាទី

សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៤​មេសា​នេះ បាន​សម្រេច​បដិសេធ​សំណើ​​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​វ៉ន ពៅ ជា​ថ្មី​ម្ដង​ទៀត។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ផ្អែក​លើ​ហេតុ​ផល​ថា វត្តមាន​លោក​វ៉ន ពៅ នៅ​ក្រៅ​ឃុំ អាច​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ ភរិយា​លោក​វ៉ន ពៅ និង​មន្ដ្រី​ការពារ​សិទ្ធិ​មនុស្ស បាន​សម្ដែង​ការ​ខក​ចិត្ត​ខ្លាំង​ណាស់ ចំពោះ​ការ​សម្រេច​នេះ ដោយ​លើក​ឡើង​ថា តុលាការ​គួរ​តែ​គិត​ពី​បញ្ហា​សុខភាព​របស់​លោក​វន ពៅ​ជា​ធំ​។

ផ្សាយពាណិជ្ជកម្ម

ជា​ថ្មី​ម្ដង​ទៀត នៅ​ថ្ងៃ​សុក្រ​ទី​៤​មេសា​នេះ ចៅ​ក្រម​ជំនុំ​ជម្រះ នៃ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​បដិសេធ​ ចំពោះ​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯក​រាជ្យ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ តុលាការបាន​​លើក​ហេតុ​ផល​ចំនួន​៣។ ទី​១ ការ​ដោះ​លែង​លោក​វ៉ន ពៅ​ឲ្យ​នៅ​ក្រៅ​ឃុំ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់ និង​សន្តិសុខ​សង្គម។ ទី​២ ចំពោះ​បញ្ហា​សុខភាព គឺ​គ្មាន​របាយការណ៍​បញ្ជាក់​ពី​ប្រធាន​ពន្ធនាគារ​ទេ។ និង​ទី​៣ ចំពោះ​បញ្ហា​សុខភាព​ដែរ គឺ​គ្មាន​របាយការណ៍​ពី​មន្ទីរ​ពេទ្យ​។

ភរិយា​លោក​វ៉ន ពៅ លោក​ស្រី​ប្រាក់ សុវណ្ណារី និង​មន្ដ្រី​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក​អំ សំអាត បាន​សម្ដែង​ការ​ខក​ចិត្ត​ខ្លាំង​ណាស់ ចំពោះ​ការ​សម្រេច​នេះ ដោយ​លើក​ឡើង​ថា តុលាការ​គួរ​តែ​គិត​ពី​បញ្ហា​សុខភាព​របស់​លោក​វ៉ន ពៅ​ជា​ធំ​។ ភរិយា​លោក​វ៉ន ពៅ បាន​រៀប​រាប់​ប្រាប់​អ្នក​កាសែត​ទាំង​ទឹក​ភ្នែក​ថា ​សុខភាព​របស់​លោក​វ៉ន ពៅ ស្ថិត​ក្នុង​ស្ថានភាពយ៉ាប់យ៉ឺន។ និងថា លោក​វ៉ន ពៅ ត្រូវ​ការ​ការ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។

ក្រៅ​ពី​បដិសេធ​​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​វ៉ន ពៅ នៅ​ថ្ងៃ​ទី​៤​មេសា​នេះ តុលាការ​ក៏​បាន​​បដិសេធ​លើ​សំណើ​សុំ​នៅក្រៅ​ឃុំ​របស់​លោក​សុគន្ធ សម្បត្តិ​ពិសិដ្ឋ ផង​ដែរ​។ លោក​សុគន្ធ សម្បត្តិ​ពិសិដ្ឋ ជា​មនុស្ស​ម្នាក់ នៅ​ក្នុង​ចំណោម​អ្នក​ទាំង​២១​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម។

នៅ​ថ្ងៃ​ទី​១៨​មេសា​ខាង​មុខ សាលា​ដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ពេញ​អង្គ ជា​សាធារណៈ ដើម្បី​ជំនុំ​ជម្រះ​ក្ដី​លើ​សំណុំ​រឿង​លោក​វ៉ន ពៅ និង​ជន​ជាប់​ចោទ​ទាំង​២២​នាក់​ផ្សេងទៀត​។ សវនាការ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន​វត្តមាន​ជន​ជាប់​ចោទ​ទាំង​២៣​នាក់​ផង​ដែរ​។

គួរ​​រំលឹក​​ថា លោក​វ៉ន ពៅ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​មួយ រវាង​ក្រុម​កម្មករ និង​កង​កម្លាំង​ទ័ព​ឆ័ត្រ​យោង​៩១១ នៅ​រោង​ចក្រ​យ៉ាកជីង​។ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ត្រពាំង​ផ្លុង ក្នុង​ខេត្ត​កំពង់ចាម ជាមួយ​នឹង​មនុស្ស​២២​នាក់​ផ្សេង​ទៀត ក៏​ប៉ុន្តែ​ក្រោយ​មក មនុស្ស​ពីរ​នាក់​ត្រូវ​បាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​​វិញ​៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ