កម្ពុជា

លោក ហ៊ុន សែន ក្រើន​រម្លឹក​ឲ្យ​មន្ត្រី​នៅ​តាម​ក្រសួង​ខិត​ខំ​បំពេញ​ការងារ!

លោក ហ៊ុន សែន បានបើកវេទិកាសាធារណៈជាមួយគណៈអភិបាលរាជធានីភ្នំពេញ ដែលទីក្រុងភ្នំពេញ គឺជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ច ២៥រាជធានី ខេត្ត របស់លោកនាយករដ្ឋមន្ត្រី។
លោក ហ៊ុន សែន បានបើកវេទិកាសាធារណៈជាមួយគណៈអភិបាលរាជធានីភ្នំពេញ ដែលទីក្រុងភ្នំពេញ គឺជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ច ២៥រាជធានី ខេត្ត របស់លោកនាយករដ្ឋមន្ត្រី។ @Samdech Hun Sen, Cambodia Prime Minister

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​ជួប​សំណេះ​សំណាលជាមួយ​មន្ត្រី​មក​ពី​ក្រសួង​ចំនួន​បី​បន្ថែម​ទៀត​រួមមាន៖ ក្រសួងកសិកម្ម ពាណិជ្ជកម្ម និងសង្គមកិច្ច ។ ជំនួប​លើក​នេះ​ធ្វើឡើង បន្ទាប់​ពី​លោក ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​មក​ពីរ​ក្រសួង​ចំនួន​បី​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី​៣០​មីនា។ ខ្លឹមសារ​នៃ​ជំនួប​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មិន​ត្រូវ​បាន​បង្ហើប​ឲ្យ​បាន​ទូលំ​ទូលាយ​ទេ ប៉ុន្តែ​មានការ​ក្រើន​រម្លឹក​ទៅ​មន្រ្តី​ឲ្យ​ខិត​ខំ​បំពេញ​ការងារ។

ផ្សាយពាណិជ្ជកម្ម

កញ្ញា សឹង សុផារី អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហើប​ថា ជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជាមួយ​ក្រសួង​ចំនួន​បី​គឺ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រើន​រម្លឹក​ជារួម​ទៅ​កាន់​មន្ត្រី​បំរើ​ការងារ​ក្នុង​ក្រសួង​ឲ្យ​ខិត​ខំ​បំពេញ​ការងារ​ដោយទុក​បញ្ហា​ថ្នាំងថ្នាក់​ធ្លាប់​កើត​មាន​ក្នុង​ពេល​បំពេញ​ការងារ​ទុក​មួយ​ឡែក​សិន។

ក្រោយ​ទទួល​បាន​ដំបូន្មាន កញ្ញា សឹង សុផារី បាន​អះអាង​ថា ក្រសួង​ពាណិជ្ជកម្ម​មានការ​ផែន​ការងារ​ច្បាស់​លាស់​មួយ​រួច​ទៅ​ហើយ។ បើ​តាម​កញ្ញា សុផារី ចៀស​មិន​ផុត​ទេបញ្ហា​ដែល​ថ្នាំង​ថ្នាក់​នៅ​ក្នុង​ពេល​បំពេញ​ការងារ ប៉ុន្តែ​មន្ត្រី​នៅ​តែ​មាន​កិច្ច​ខិត​ខំ​រួម​នៅក្នុង​ការ​បំពេញ​ការងារ។
 
សូមបញ្ជាក់ថា ជំនួបជាថ្មីនេះធ្វើឡើងបន្ទាប់ពី កាល​ពី​ថ្ងៃ​ទី ៣០ មីនា លោក​នាយក​រដ្ឋមន្ត្រី បាន​ជួប​សំណេះ​សំណាល​ជាមួយ​មន្ត្រី​រាជការ​ប្រមាណ ៣​ពាន់​នាក់​មក​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​កាបរទេស និង​ក្រសួង​រៀបចំ​ដែនដី។ ជំនួបកាលពីពេលថ្មីៗនោះគឺ​លោក​នាយក​រដ្ឋមន្ត្រី​ចង់​ដឹង​ពី​រឿង​ដែល​បាន​កើត​ឡើង​នៅ​តាម​ក្រសួង​ដែល​កន្លង​មក​លោក​ធ្លាប់​តែ​ស្តាប់​របាយការណ៍​ពី​រដ្ឋមន្ត្រី។

បើតាម លោក​ផៃ ស៊ីផាន លោក​នាយក​រដ្ឋមន្ត្រី​ទទួល​យក​សំណើរ ហើយ​សន្យា​ដោះ​ស្រាយ​បញ្ហា​ប្រាក់​ខែ​ជា​បន្ត​បន្ទាប់​តាម​រយៈ​ការ​តំឡើង​ដើម្បី​អាច​ឱ្យ​មន្ត្រី​មាន​ជីវភាព​កាន់​តែ​ល្អ​ប្រសើរ​ស្រប​ទៅ​តាម​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។  ក្រៅ​​ពី​ជំនួប​ជា​មួយ​​ក្រសួង​ចំនួន៦នេះ​​ហើយ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​គ្រោង​នឹង​ជួប​មន្ត្រី​រាជការ​មក​ពី​គ្រប់​ក្រសួង​ទាំង​អស់​តែ​ម្តង។ 

លោក សុខ ឥសាន មិន​អាច​ជម្រាប​បាន​ទេ​ថា នៅ​ថ្ងៃ​ខាង​មុខ​ទៀត​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ក្រសួង​ណា​ទៀត​ទេ។ ព្រោះ​ថា ជំនួប​នេះ​ធ្វើ​ទៅ​បាន​អាស្រ័យពេល​វេលា និង​ស្ថានភាព​ទំនេរ​ជាក់​ស្ដែង​របស់​លោក​នាយក​រដ្ឋមន្ត្រី។ លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បន្ថែម​ថា ជំនួប​នេះ​ក៏​មាន​ការ​ឧបត្ថម្ភជា​ថវិកា ទៅ​ឲ្យ​មន្ត្រី​មួយ​ចំនួន នា​ឱកាស​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ពេល​ខាង​មុខ​ដែរ។

ជាការកតសម្គាល់ ជំនួប​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​នេះ ធ្វើឡើងស្របពេល​ដែល​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ខិត​ជិត​ចូល​មក​ដល់។ ទន្ទឹម​នឹង​នេះ អ្នក​តាម​ដាន​សង្គម បាន​លើក​ឡើង​ថា ជំនួប​នេះ គឺ​ដើម្បី​យក​ចិត្ត​មន្ត្រី​រាជការ​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​តែ​ប៉ុណ្ណោះ។ អ្នក​វិភាគ​បាន​អះអាង​ជំនួប​ប្រហែល​ជា​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ថា​ប្រាក់​បៀវត្សរ៍​នា​ពេល​បច្ចុប្បន្ន​មិន​អាច​ឱ្យ​មន្ត្រី​រស់​នៅ​បាន​សមរម្យ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI