ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​ខ្មែរ​កាន់​តែ​រវល់​វក់​វី​ជា​មួយ​វប្បធម៌​បរទេស​​​

សំឡេង ០៤:៤២
នារីម្នាក់បានដើរសំដៅទៅកាន់តូបលក់បាច់ផ្កាកូលាបនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៥
នារីម្នាក់បានដើរសំដៅទៅកាន់តូបលក់បាច់ផ្កាកូលាបនៅទីក្រុងភ្នំពេញកាលពីថ្ងៃទី១៣កុម្ភៈឆ្នាំ២០១៥ RFI@channa

 ​បច្ចុប្បន្ន ​ពលរដ្ឋ​​ខ្មែរ​​ត្រូវ​​ប្រារព្ធ​​ពិធី​បុណ្យ​​ចូល​ឆ្នាំ​ដល់​​ទៅ​បី​ដង និង​ពិធីបុណ្យ​បែប​បរទេស​ជាច្រើន​ទៀត។ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​មាន​ពិធីបុណ្យ​ពីរ​ដែល​កំពុង​ធ្វើ​ឲ្យ​រំជើបរំជួល ៖ ទី១គឺ ទិវា​នៃ​ក្តី​ស្រឡាញ់ ( Valentine’s Day ) និង​ទី២គឺ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន។ ក្រៅពីនោះ ពិធីបុណ្យ​Chrismas និង​បុណ្យចូលឆ្នាំ​សាកល​ក៏​កំពុងតែ​ពេញនិយម​ខ្លាំង​ណាស់ដែរ។  នេះ​ស​បញ្ជាក់ថា ជនជាតិខ្មែរ ជាពិសេស​យុវវ័យ​តែម្តង ទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌​ដោយ​ងាយស្រួល​បំផុត។ ប៉ុន្តែ ខ្មែរ​បែរជា​ពិបាក​សម្រប​ខ្លួន​ទៅនឹង​វប្បធម៌​ពហុ​គំនិត​ជាមួយ​ខ្មែរ​គ្នាឯង​ទៅវិញ។ តើ​ហេតុអ្វី​បានជា​ដូច្នេះ?  

ផ្សាយពាណិជ្ជកម្ម

 

ពលរដ្ឋ​ខ្មែរ​ទូទៅ​ច្បាស់​ជា​ធ្លាប់បាន​លឺ​ពាក្យ​ថា«ចូលឆ្នាំ​ចិន​ស្រវឹង​ខ្មែរ»ដែល​គេ​និយម​លើក​មក​និយាយ​កំប្លែង​លេងសើច​ក្នុងពេល​បុណ្យចូលឆ្នាំ​ចិនម្តង។ ថ្វីដ្បិតតែ​វា​ជា​ពាក្យ​កំប្លែង ប៉ុន្តែ វា​បាន​បង្កប់​អត្ថន័យ​យ៉ាងច្បាស់​លាស់​មួយ​អំពី​តថៈ​ភាព​សង្គម​ខ្មែរ។ ចូលឆ្នាំ​ចិន​មិន​ចម្លែក​ទេពី​ព្រោះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ចាប់តាំងពី​អ្នកដឹកនាំ​កំពូល អ្នកនយោបាយ រហូតដល់​រាស្ត្រសាមញ្ញ សុទ្ធតែ​ជាប់សែស្រឡាយ​ចិន​ទោះ​តិច​ឬ​ច្រើន។ ជាប់សែស្រឡាយ​ចិន​ក៏បាន​ក្លាយជា​មោទនភាព​របស់​ខ្មែរ​ជាច្រើន​ផងដែរ។

ក្រៅពីនោះ ពិធីបុណ្យ​គ្រី​ស្មាស់(Christmas) ចូលឆ្នាំ​សាកល ឬ​ទិវា​ក្តី​ស្រឡាញ់ ( Valentine's Day )ក៏​កំពុង​ពេញនិយម​យ៉ាងខ្លាំង​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស​ក្នុងចំណោម​យុវវ័យ​តែម្តង។ ពួកគេ​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ទាំងនេះ​ដោយ​ក្តី​អំណរ​សាទរ​និង​ដោយ​ចុះសម្រុង។ នេះ​ស​បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌​យ៉ាង​ងាយស្រួល​ដែល​ហាក់ដូចជា​គ្មាន​ឧបសគ្គ​ខាង​ផ្លូវចិត្ត​អ្វី​ឡើយ។
តាមពិត ការទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌ ឬ​សាសនា គឺជា​លក្ខណៈពិសេស​មួយ​របស់​ជនជាតិខ្មែរ​តាំងពី​យូរណាស់​មកហើយ។ ហេតុដូច្នេះ​ហើយ​បានជា​ជនជាតិខ្មែរ​រស់នៅ​ដោយ​ចុះសម្រុង​គ្មាន​បញ្ហា​ជាតិ​សាសន៍​ឬ​បញ្ហា​សាសនា​ឡើយ​បើទោះបីជា​ប្រទេស​នេះ​ប្រកាន់យក​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ក៏ដោយ។ ប៉ុន្តែ ការទទួលយក​វប្បធម៌​បរទេស​ដោយ​ងាយ​ពេក​ក៏​ជា​គ្រោះថ្នាក់​ដែរ៖ វា​ធ្វើ​ឲ្យ​កូន​ខ្មែរ​ច្រើនតែ​មិនសូវ​ដឹង​ពី​ឫសគល់​របស់ខ្លួន ស្គាល់​ខ្លួនឯង​មិន​ច្បាស់ និង​ច្រើនតែ​ខ្វះ​មោទនភាព​ជាតិ។

ម្យ៉ាងទៀត ដោយសារតែ​ការ​ស្រូបយក​វប្បធម៌​បរទេស​ងាយ​ពេក​ដោយ​ខ្វះ​ការពិចារណា​ច្បាស់លាស់ កូន​ខ្មែរ​ជាច្រើន​បែរជា​នាំគ្នា​ប្រារព្ធ​ពិធី​ទាំងនោះ​ក្នុងន័យ​ភ្លើ​ត​ភ្លើង​ខុស​ក្បួនតម្រា​ទៅវិញ។ អ្វីដែល​បានកើត​ឡើង​សម្រាប់ Valentine Day ថ្ងៃទី ១៤ កុម្ភៈ​ជា​រៀងរាល់ឆ្នាំ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ ប៉ុន្តែ ខ្មែរ​បែរជា​ពិបាក​ទទួលយក​វប្បធម៌​ពហុ​គំនិត​ក្នុង​នយោបាយ​រវាង​ខ្មែរ​គ្នាឯង​ទៅវិញ។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​អាច​ពន្យល់​បញ្ហា​នេះ​បាន៖

មូលហេតុ​ទី១៖ ខ្មែរ​ច្រើនតែ​ផ្តល់​តម្លៃ​ខ្លាំង​ទៅលើ​អ្វី​ដែលជា​បរទេស។ មិន​ថា​ជាម​នុស្ស វត្ថុ ឬក៏​វប្បធម៌​ឡើយ ឲ្យ​តែ​មកពី​បរទេស ជនជាតិខ្មែរ​ច្រើនតែ​ទទួលស្គាល់​និង​ផ្តល់​តម្លៃ​ជាង​របស់ ខ្មែរ​ខ្លួនឯង។ នេះ​ប្រហែលជា​មកពី​ខ្មែរ​បាត់បង់​មោទនភាព​ជាតិ​ខ្លួន​យ៉ាងខ្លាំង​ដោយសារតែ​ប្រទេសជាតិ​បាន​ឆ្លងកាត់​សង្គ្រាម​វិនាសកម្ម​អស់​ជាច្រើន​ទសវត្សរ៍​រហូត​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម។ មកដល់ពេលនេះ នៅពេល​មាន​វិបត្តិ​នយោបាយ​ដោះស្រាយ​មិន​ចេញ ខ្មែរ​ក៏​នៅតែរ​ត់រក​បរទេស​ឲ្យ​ជួយ​អន្តរាគមន៍​មិនសូវ​លស់​ពេល​ដែរ។

មូលហេតុ​ទី២៖ ការបាត់បង់​ជំនឿ​ចិត្ត​លើ​ខ្មែរ​គ្នាឯង​ជា​បញ្ហា​ធំធេង​មួយទៀត។ សង្គម​មួយ​ដែល​ធ្លាប់​បែកបាក់​និង​កំពុង​បន្ត​បែកបាក់​ដូចជា​កម្ពុជា ពលរដ្ឋ​នៃ​សង្គម​នោះ​រាប់ទាំង​អ្នកនយោបាយ​ផង​តែង​បាត់បង់​ជំនឿ​ចិត្ត​លើ​គ្នា​ដោយ​ចៀស​មិន​ផុត។ ការបាត់​ជំនឿ​លើ​ខ្លួនឯង និង​លើ​ខ្មែរ​ដូចគ្នា​មាន​ដើមហេតុ​មកពី​ទម្លាប់​ធ្វើ​នយោបាយ​ដោយ​ប្រើ​ល្បិចកល​ផ្តួលរំលំ​គ្នា​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ។ នៅពេលដែល​អ្នកនយោបាយ​តែង​លាក់​ល្បិច​ពីក្រោយ​ខ្នង និង​នៅពេលដែល​សំឡេង​ប្រជាពលរដ្ឋ​មិន​ត្រូវបាន​យកចិត្តទុកដាក់ ជំនឿ​លើ​ខ្លួនឯង​និង​លើ​ខ្មែរ​ដូចគ្នា​ត្រូវបាន​បំផ្លាញ​ជា​ស្វ័យប្រវត្តិ។

មូលហេតុ​ទី៣៖ គឺ​សាកលភាវូបនីយកម្ម​ដែល​កំពុង​បោកបក់​យ៉ាង​ពេញទំហឹង​ដូច​ទឹកបាក់​ទំនប់​មកលើ​ប្រទេស​កម្ពុជា។ ជាធម្មតា​ទេ សង្គម​មួយ​ដែល​យុវជន​ជាច្រើន​ស្គាល់​ខ្លួនឯង​មិន​ច្បាស់ វប្បធម៌​បរទេស​ងាយ​នឹង​វាយលុក​ខ្លាំងណាស់។ វា​មិន​ខុស​អ្វី​ពី​មនុស្ស​ដែលមាន​ប្រព័ន្ធ​ការពារ​រាងកាយ​ទន់ខ្សោយ​ដែល​ងាយ​ធ្វើ​ឲ្យ​ជំងឺ​វាយលុក​នោះឡើយ។

សរុប​មកវិញ ការទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌ សាសនា​ឬ​ជាតិ​សាសន៍​គឺជា​គុណសម្បត្តិ​ទៅវិញ​ទេ​សម្រាប់​មនុស្ស​នៅក្នុង​សម័យ​ជើងមេឃ​បើកចំហ​ដូចជា​បច្ចុប្បន្ន។ ប៉ុន្តែ អ្វីដែល​សំខាន់បំផុត​គឺ កូន​ខ្មែរ​គួរតែ​ស្គាល់​ឫសគល់​របស់ខ្លួន​ឲ្យ​បាន​ច្បាស់​ដើម្បី​កុំ​ឲ្យ​វង្វេង​នឹង​វប្បធម៌​បរទេស​រហូត​ភ្លេច​អស់​អត្តសញ្ញាណ​របស់ខ្លួន។ ម្យ៉ាងទៀត ប្រសិនបើ​ខ្មែរ​អាច​រស់​ដោយ​ចុះសម្រុង​គ្នា​នៅក្នុង​ភាព​ចម្រុះ​នៃ​ទស្សនៈ​នយោបាយ​ឲ្យ​ដូចជា​ការទទួលយក​ភាព​ចម្រុះ​នៃ​វប្បធម៌​ដែរនោះ សង្គម​មួយ​នេះ​ច្បាស់​ជា​ស្គាល់​ការអភិវឌ្ឍ​លឿន​ជាង​នេះ​ឆ្ងាយ​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI