កម្ពុជា-ថៃ

កម្ពុជា​បដិសេធ​ថា​គ្មាន​ពលរដ្ឋ​ខ្មែរ​ជាប់​ពាក់ព័ន្ធ​នឹង​កុបកម្ម​នៅ​ថៃ​ទេ

ក្រោយ​កងទ័ព​ប្រើ​កម្លាំង​បង្ក្រាប ពួក​បាតុករអាវក្រហម​បាន​នាំគ្នា​ដុតបំផ្លាញ​អគារ​នៅ​បាងកក
ក្រោយ​កងទ័ព​ប្រើ​កម្លាំង​បង្ក្រាប ពួក​បាតុករអាវក្រហម​បាន​នាំគ្នា​ដុតបំផ្លាញ​អគារ​នៅ​បាងកក ©REUTERS/Adrees Latif

ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​កម្ពុជា​បាន​បដិសេធ​នៅ​ថ្ងៃ​នេះ​ថា ​​គ្មាន​ជនជាតិ​ខ្មែរ​ចូល​រួម​ក្នុង​​សកម្មភាព​ដុត​បំផ្លាញ​អគារ​នានា​ នៅ​ក្នុង​ទីក្រុង​បាងកក​ទេ។​​ ការ​បដិសេធ​នេះ​បាន​ធ្វើ​​ឡើង​ បន្ទាប់​ពី​សារព័ត៌មាន​ថៃ​មួយ​ចំនួន​បាន​ផ្សាយ​ថា ​​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​បុរស​​ជនជាតិ​ខ្មែរ​ម្នាក់​ នៅ​ក្នុង​ខណៈ​ដែល​កំពុង​ដុត​បំផ្លាញ​ធនាគារ​មួយ​ នៅ​ទីក្រុង​បាងកក។ ប៉ុន្តែ​​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ចាត់​ទុក​ ព័ត៌មាន​នេះ​ថា​​ជា​ការ​​បំផ្លើស​ ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ។​

ផ្សាយពាណិជ្ជកម្ម

 

សេចក្តីរាយការណ៍​របស់ ប៉ែន បូណា ពីភ្នំពេញ

«គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់​បាន​ចូលរួម​ក្នុង​សកម្មភាព​ដុត​បំផ្លាញ​អាគារ​ នៅ​ទីក្រុង​បាងកក​ទេ!»​​​ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​លោក​ទិត្យ​​ សុធា​​ អ្នក​នាំពាក្យ​នៃ​ក្រុម​​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ ដែល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍​នេះ។​​ ប្រតិកម្ម​​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​ព័ត៌មាន​​ តាម​គេហទំព័រ​របស់​ថៃ​មួយចំនួន​ថា ​​មាន​ពលរដ្ឋ​ខ្មែរ​ម្នាក់​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន ​​នៅ​ក្នុង​បទល្មើស​ដុត​បំផ្លាញ​ធនាគារ​មួយ ​នៅ​ទីក្រុង​បាងកក។

យ៉ាង​ហោច​ណាស់​ក៏មាន​ប្រពន្ធ័​ផ្សាយ​ព័ត៌មាន​តាម​អ៊ីនធ័រនែត​របស់​ថៃ​ចំនួន​ពីរ​​ដែរ ​ដែល​បាន​ផ្សាយ​ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា​​ អាជ្ញាធរ​ថៃ​​បាន​ចាប់​ខ្លួន​​ជនជាតិ​ខ្មែរ​ម្នាក់ ​ដែល​គេ​អះអាង​ថា​​មាន​ឈ្មោះផិត​សែនម៉ានី ​​ភេទ​ប្រុស​​ អាយុ​​២៧​​ឆ្នាំ​​ នៅ​ខណៈ​ដែល​បុរស​រូបនេះ​បាន​ចូល​រួម​ក្នុង​សកម្មភាព​ដុត​បំផ្លាញ​ធនាគារ​ក្រុងថេប​​ ជាមួយ​បក្ស​ពួក​២០​នាក់​​ផ្សេង​ទៀត​ ដែល​បាន​រត់​រួច។ ​​បើ​យោង​តាម​ព័ត៌មាន​ទាំង​នោះ​​ អាជ្ញាធរ​ថៃ​មាន​ភស្តុតាង​គ្រប់គ្រាន់​ ក្នុង​ការ​ដាក់​បន្ទុក​ទៅ​លើ​បុរស​ ដែល​គេ​អះអាង​ថា​​ជនជាតិ​ខ្មែរ​រូប​នោះ។

ប៉ុន្តែ​​លោក​ទិត្យ ​​សុធា ​​បាន​អះអាង​ថា​​ គ្មាន​ភស្តុតាង ​​និង​អត្តសញ្ញាណ​ច្បាស់​លាស់​​ណា​មួយ ​ដែល​អាច​បញ្ជាក់​ថា​​ បុរស​ដែល​គេ​ចាប់​ខ្លួន​នោះ​ជា​ជនជាតិ​ខ្មែរ​នោះ​ទេ។ អ្នកនាំពាក្យ​​ក្រុម​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​រូបនេះ​បាន​ចាត់ទុក​ព័ត៌មាន​​នេះ​ថា ​​ជា​ការ​ប្រឌិត​ឡើង ​ដើម្បី​បង្វែរ​ស្ថានការណ៍​តានតឹង​នៅ​ក្នុង​ប្រទេស​ថៃ ​ឲ្យ​មក​​ជាប់​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា ​ដែល​កំពុង​រស់​នៅ​ក្នុង​សុខ​សន្តិភាព។​​ យ៉ាងណា​ក៏ដោយ ​​នៅ​មិន​ទាន់​មាន​ប្រភព​ច្បាស់ការ​ណាមួយ ​ដែល​អាច​បញ្ជាក់​ថា​​បុរស​ដែល​អាជ្ញាធរ​ថៃ​​ចាប់​ខ្លួន​នោះ​ជា​ជនជាតិ​ខ្មែរ​ពិត​មែន​ឬ​យ៉ាង​ណា​នោះ​ទេ។

ចាប់​តាំង​ពី​មាន​ភាព​វឹកវរ​នៅ​ក្នុង​ប្រទេស​ថៃ​ តាំង​ពី​ពាក់​កណ្តាល​ខែ​មីនា​មក ​​អាជ្ញាធរ​ខ្មែរ​តែង​បាន​ហាមប្រាម​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​បញ្ហា​​ក្នុង​ប្រទេស​ថៃ​ឡើយ​​ ហើយ​ក្រសួង​ការបរទេស​ក៏ធ្លាប់​បាន​សំណូមពរ​កុំឲ្យ​ពលរដ្ឋ​ខ្មែរ​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​ដែរ​ ប្រសិន​បើ​គ្មាន​ការ​ចាំបាច់។​​ ឥឡូវ​នេះ​ស្រាប់​តែ​មាន​​លេចឮ​ព័ត៌មាន​ ស្តីពី​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ នៅ​ក្នុង​អំពើ​ហិង្សា​នេះ​ទៅ​វិញ។

លោក​ទិត្យ ​​សុធា ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​​ និង​សារព័ត៌មាន​ថៃ​​ចៀសវាង​ការ​ចុះ​​ផ្សាយ​ព័ត៌មាន​ប្រឌិត ​ដែល​នាំឲ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ ​ដែល​កំពុង​តែ​ជាប់​គាំង​ជាច្រើន​ខែ​មក​ហើយ៕​​​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI