គណបក្សប្រឆាំងចាត់ទុកចម្លើយរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលថា គ្មានការទទួលខុសត្រូវ
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានបង្ហាញការសោកស្តាយចំពោះចម្លើយរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅចំពោះមុខរដ្ឋសភា នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៦នេះ និងបានចាត់ទុកថា ជាចម្លើយដែលមិនបង្ហាញពីការទទួលខុសត្រូវក្នុងឋានៈជារដ្ឋមន្ត្រី។ ជុំវិញរឿងរ៉ាវនៅក្នុងក្រសួងសុខាភិបាលដែលរងការរិះគន់នេះ គណបក្សប្រឆាំងនៅមិនទាន់មានវិធានការបន្តនៅឡើយទេ។
ចុះផ្សាយនៅថ្ងៃ៖
ដូចការគ្រោងទុក រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាលោក ម៉ម ប៊ុនហេង និងសហការី បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខរដ្ឋសភា ជុំវិញភាពមិនប្រក្រតីនៅក្នុងក្រសួងសុខាភិបាលនៅក្នុងអាណត្តិទី៥នេះ។ ក៏ប៉ុន្តែ ចម្លើយរបស់លោករដ្ឋមន្ត្រី មិនត្រូវបានទទួលស្វាគមន៍ដោយក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនោះទេ។
លោក អេង ឆៃអ៊ាង ប្រធានគណៈកម្មការទី១នៃរដ្ឋសភានិងជាតំណាងរាស្ត្រគណបក្សប្រឆាំង បានចាត់ទុកចម្លើយរបស់លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលនេះថា ជាចម្លើយដែលមិនបង្ហាញពីការទទួលខុសត្រូវ ក្នុងឋានៈជារដ្ឋមន្ត្រីទាល់តែសោះ។
សូមបញ្ជាក់ថា លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានចូលខ្លួនទៅឆ្លើយបំភ្លឺនៅចំពោះមុខរដ្ឋសភាកម្ពុជានៅថ្ងៃនេះ ទៅតាមសំណើររបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការឯកភាពពីលោកនាយករដ្ឋមន្ត្រីកម្ពុជា លើបញ្ហាសំខាន់ៗចំនួន៣ ក្នុងនោះរួមមាន ការបាត់ប្រាក់ជំនួយរបស់មូលនិធិសាកលក្នុងការទិញមុងការពារជម្ងឺគ្រុនចាញ់, ការលក់ ឬ ការដោះដូរមន្ទីរពេទ្យនិងមន្ទីរពេទ្យបង្អែកចំការមនក្នុងទីក្រុងភ្នំពេញ និងបញ្ហាមិនប្រក្រតីរឿងដេញថ្លៃទិញថ្នាំពេទ្យជាដើម។
លោក អេង ឆៃអ៊ាង បានស្នើឲ្យលោករដ្ឋមន្ត្រីបង្ហាញពីរបាយការណ៍ទាំងនោះ នៅលើគេហទំព័រផ្លូវការរបស់ក្រសួង ដើម្បីបង្ហាញពីតម្លាភាព ដូចអ្វីដែលលោករដ្ឋមន្ត្រី បានអះអាងជាប់មាត់នៅក្នុងរដ្ឋសភានៅថ្ងៃនេះថា ការអនុវត្តគ្រប់យ៉ាងរបស់ក្រសួង គឺអនុលោមទៅតាមគោលការណ៍ និងនីតិវិធីរបស់រដ្ឋនិងគណៈកម្មការអន្តរក្រសួងទាំងអស់។ ក៏ប៉ុន្តែលោក អេង ឆៃអ៊ាង បានអះអាងថា លោកមិនអាចទទួលយកបានទេ ចំពោះការរុញបញ្ហាបាត់ប្រាក់ជំនួយពីមូលនិធិសកលទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ហើយថា មហាជនរិតតែមិនអាចទទួលយកបានទៀត ចំពោះការលក់មជ្ឈមណ្ឌលជាតិសម្រាប់ប្រយុទ្ធប្រឆាំងជម្ងឺគ្រុនចាញ់ ដែលមានតម្លៃខុសពីតម្លៃទីផ្សារ ដោយក្នុង១ម៉ែត្រការ៉េតម្លៃ៣០០០ដុល្លា តែក្រសួងបានលក់តែត្រឹម១៥០០ដុល្លាប៉ុណ្ណោះ។ លើបញ្ហាទិញថ្នាំពេទ្យវិញ លោកអេង ឆៃអ៊ាង ក៏បានបញ្ជាក់ដែរថា មានភាពមិនប្រក្រតី និងថ្លៃជាងតម្លៃទីផ្សារផងដែរ។
យ៉ាងណាក៏ដោយ លោក ម៉ម ប៊ុនហេង បានជម្រុញឲ្យមានការប្តឹងទៅកាន់អង្គភាពប្រឆាំងអមពើពុករលួយ (ACU) បើមានការរកឃើញថា មានភាពមិនប្រក្រតីលើការដោះដូរ ឃុបឃិតឬប្រព្រឹត្តអំពើពុករលួយនេះ។
គួរជំរាបជូនថា វិស័យសុខាភិបាលកម្ពុជា បានទទួលរងការរិះគន់ជាយូមកហើយ។ ថ្មីៗនេះ ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងធ្លាប់បានព្រមានដែរថា នឹងបោះឆ្នោតដកសេចក្តីទុកចិត្ត លោក ម៉ម ប៊ុនហេង ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលរងការរិះគន់នេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ