កម្ពុជា មានមជ្ឈមណ្ឌលបង្រៀនបើកបររថយន្តធុនធ្ងន់ជាលើកដំបូង
នៅព្រឹកថ្ងៃពុធ ទី ៣១ខែតុលានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់។ ជាមជ្ឈមណ្ឌល ដែលក្រសួងសាធារណការ អះអាងថាជាមជ្ឈមណ្ឌលដំបូង ដើម្បីបណ្តុះបណ្តាល ពង្រឹងគុណភាព អ្នកបើកបររថយន្តធុនធ្ងន់ ឲ្យយល់ដឹងពីច្បាប់ចរាចរណ៍ និងទ្រឹស្តីនៃការបើកបរពិតប្រាកដ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់ទ្រង់ទ្រាយធំ បង្កឡើងដោយរថយន្តប្រភេទធុនធំនេះតែម្តង។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់នេះ មានទីតាំងក្នុងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ស្ថិតនៅលើផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ តាមក្រសួងសាធារណការ និងដឹកជញ្ជូន មជ្ឈមណ្ឌលនេះ មានស្តង់ដារបង្រៀនត្រឹមត្រូវ ដោយមានគ្រូជំនាញ ឆ្លងកាត់ការបណ្តុះបណ្តាលពីប្រទេសថៃ និងមានការបំពាក់កុំព្យូទ័រ ដើម្បីសម្រួលដល់ការបង្រៀន។ ចំពោះការបង្រៀនវិញ មានតម្លៃ ៣៥០ដុល្លារ មួយចេះ ដោយរួមមានការបង្រៀនទ្រឹស្តីរយៈពេល ៣០ម៉ោង និងការអនុវត្តដៃចង្កូត ២០ម៉ោង។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជួន លោក ស៊ុន ចាន់ថុល បានថ្លែងលើកទឹកចិត្តឲ្យពលរដ្ឋ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈការឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលនេះ។ លោករដ្ឋមន្ត្រី ប្រកាសថា នឹងបញ្ចុះតម្លៃ ៥០ភាគរយ ពោលនៅត្រឹមតែ ១៧៥ដុល្លារ ចំពោះពលរដ្ឋ ៥០នាក់ដំបូង ដែលចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបររថយន្តធុនធ្ងន់នេះ។
តាមការឲ្យដឹងពី លោក ស៊ុន ចាន់ថុល នាពេលបច្ចុប្បន្ន មានរថយន្តធុនធ្ងន់ ២៣០,០០០គ្រឿង បានមកចុះបញ្ជីនៅក្រសួងសាធារណការ។ ប៉ុន្តែក្នុងចំណោមនោះ មានតែ ៦០ភាគរយនៃអ្នកមកចុះបញ្ជី ដែលមានប័ណ្ណបើកបរ ហើយមានប្រមាណតែ ២៥ភាគរយ ដែលមានប័ណ្ណបើកបរប្រភេទរថយន្តធុនធំត្រឹមត្រូវ ខណៈ ២៥ភាគរយទៀត មិនមានប័ណ្ណបើកបរតាមប្រភេទរថយន្ត និង ១០ភាគរយ មានប័ណ្ណបើកបរក្លែងក្លាយ ឬ គ្មានប័ណ្ណបើកបរ។
លើសពីនេះ សាលារៀនបើកបរប្រមាណ ២៩ ដែលស្មើនឹងជាង ១៨០សាខា នៅទូទាំងប្រទេស ដែលក្រសួងសាធារណការ បានចេញអាជ្ញាប័ណ្ណឲ្យនោះ ពុំមានរថយន្តធុនធំ និងការបង្រៀនបើកបររថយន្តធុនធំនោះទេ។
លោក ស៊ុន ចាន់ថុល ស្នើឲ្យមានការស្រាវជ្រាវចំពោះរឿងនេះ ហើយទាមទារដកហូតអាជ្ញាប័ណ្ណមកវិញ ប្រសិនបើសាលាទាំងនោះ មិនបង្រៀនតាមអាជ្ញាប័ណ្ណដែលទទួលបាន។
គួរជម្រាបជូនថា កាលពីឆ្នាំ ២០១៧ មានមនុស្សជិត ២០០នាក់ ដែលស្មើនឹង ១០ភាគរយ បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបង្កឡើងដោយអ្នកបើកបររថយន្តធុនធំ។ គ្រោះថ្នាក់ចរាចរណ៍ ដែលក្នុងមួយឆ្នាំៗ បានធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិ និងសេដ្ឋកិច្ចជាតិ ប្រមាណពី ២០០ ទៅ ៣០០លានដុល្លារ។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងសាធារណការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ