កម្ពុជា

សហ​ព្រះរាជ​អាជ្ញា​តទល់​ចុង​ក្រោយ​ជាមួយ​មេធាវី​ជន​ជាប់​ចោទ

ខៀវ សំផន នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម
ខៀវ សំផន នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ នៃ​តុលាការ​ខ្មែរ​ក្រហម © RFI/សុវណ្ណារ៉ា

នៅ​ថ្ងៃ​ពុធ​នេះ សវនាការ​បិទ​បញ្ចប់​ការសួរដេញដោល​សំណុំរឿង ០០២ វគ្គ​ទី១ បាន​ឈាន​ដល់​​ការឆ្លើយតប​របស់​មេធា​វី​នាំមុខ​ដើម​បណ្តឹងរដ្ឋប្បវេណី និង​សហ​ព្រះរាជអាជ្ញា​ទៅនឹង​សេចក្តី​សន្និដ្ឋាន​​របស់​ក្រុម​មេធាវី​ការពារ​ក្តី នួន ជា និង ខៀវ សំផន។ មេធាវី​ដើ​បណ្តឹង​រដ្ឋប្ប​វេណី​​បាន​ជំទាស់​នឹង​ការអះអាង​របស់​មេធាវី​ការពារ​ជនជាប់ចោទ និង​បាន​បញ្ជាក់ថា នួន ជា និង ខៀវ សំផន គឺជា​អ្នកទទួលខុសត្រូវ​ចំពោះ​ការជម្លៀស​ប្រជាជន​ទាំង​ពីរលើក និង​ការ​សម្លាប់​​រង្គាល​​ទៅលើ​ទាហាន​និង​មន្ត្រី​នៃ​របប លន់ នល់។

ផ្សាយពាណិជ្ជកម្ម

 

បន្ទាប់ពី​បាន​ស្តាប់​សេចក្តីសន្និដ្ឋាន​អស់​រយៈពេល៤ថ្ងៃ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នួន ជា និង លោកខៀវ សំផន រួចមក ថ្ងៃ​ពុធ​នេះ​ដល់​វេន​ក្រុម​មេធាវី​នាំមុខ​ដើម​បណ្តឹង​រដ្ឋប្បវេណី និង​សហ​ព្រះរាជអាជ្ញា​វិញ​ម្តង​ដែល​ត្រូវ​ឆ្លើយតប​ចុងក្រោយ​ទៅនឹង​ក្រុម​មេធាវី​ការពារ​ក្តី​ជនជាប់ចោទ។

សម្រាប់​មេធាវី​នាំមុខ​ដើម​បណ្តឹងរដ្ឋប្បវេណី ក៏ដូចជា​សហ​ព្រះរាជអាជ្ញា​ដែរ ជនជាប់ចោទ​ទាំងពីរ គឺ​បងធំ​ទី២ លោក នួន ជា និង អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម លោក ខៀវ សំផន មិនមែនជា​សុភាពបុរស​ដូចដែល​មេធាវី​របស់គេ​បានលើកឡើង​សោះឡើយ។ ជនជាប់ចោទ​ទាំងពីរ​នេះ​ពិតជា​ទទួលខុស​ត្រូវចំ​ពោះ​ការជម្លៀស​ និង​ការកាប់សម្លាប់​មនុស្ស​ក្នុង​របប​ខ្មែរក្រហម។

ក្រុម​មេធាវី​នាំមុខ​ដើម​បណ្តឹងរដ្ឋប្បវេណី​និង​សហ​ព្រះរាជអាជ្ញា​បាន​បដិសេធ​អំណះអំណាង​របស់​មេធាវី​ជនជាប់ចោទ ហើយ​បន្ត​លើកឡើង​នូវ​ភស្តុតាង​នានា​ដែល​បញ្ជាក់ថា នួន ជា និង ខៀវ សំផន ពិតជា​អ្នកទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​នានា​ក្នុង​របប​ខ្មែរក្រហម​ដែល​ពួកគេ​មិនអាច​បិទបាំង​បានឡើយ។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​បាន​អះអាងថា ខ្មែរក្រហម​បានបង្ហាញ​ឲ្យ​កូនទាហាន​របស់ខ្លួន​ស្អប់ខ្ពើម​ប្រជាជន​ភ្នំពេញ។ ពួកគេ​បាន​បង្ខំ​ឲ្យ​ពលរដ្ឋ​ភ្នំពេញ​ចេញពីផ្ទះ​សម្បែង​ដោយ​គ្មាន​អាណិតអាសូរ និង​គ្មាន​លើកលែង​សូម្បី​ស្ត្រី​មាន​ផ្ទៃពោះ ចាស់ជរា និង​អ្នកជំងឺ​ក្នុង​មន្ទីរពេទ្យ។

គួររម្លឹកថា ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ខៀវ សំផន បាន​សម្តែង​ការខឹង​សម្បារ​យ៉ាងខ្លាំង​ចំពោះ សហ​ព្រះរាជអាជ្ញា​ដែល​បានទាមទារ​ឲ្យ​តុលាការ​ដាក់ទោស​កូនក្តី​របស់ខ្លួន​អស់​មួយជីវិត។ នៅក្នុង​សេចក្តីសន្និដ្ឋាន​របស់ខ្លួន លោក គង់ សំអុន បាន​ហៅ​កូនក្តី​របស់ខ្លួន​ថា ជា​សុភាពបុរស​ដែល​ត្រូវបាន​គេ​លាប​ពណ៌​ជា​បិសាច។

លោក​បាន​ព្យាយាម​លើក​អំណះអំណាងផ្សេងៗមក​បញ្ជាក់ប្រាប់​តុលាការ​ថា ខៀវ សំផន ជា​មនុស្ស​​ស្លូតបូត សុចរិត និង​មិន​ឃោរឃៅ​ដូច​ការចោទប្រកាន់​ឡើយ។ នៅ​ទីបំផុត ក្រុម​មេធាវី​​​ការ​ពារ​ក្តី​ឲ្យ​លោក ខៀវ សំផន និង នួន ជា ទាំង​មេធាវី​ជាតិ និង​អន្តរជាតិ​បាន​សុំ​ឲ្យ​តុលាការ​​ដោះលែង​កូនក្តី​របស់ខ្លួន​ឲ្យ​រួច​ផុតពី​ការចោទប្រកាន់។ ប៉ុន្តែ នៅថ្ងៃនេះ សហ​ព្រះរាជ​អាជ្ញា​បាន​បដិសេធ​រាល់​ការលើកឡើង​ទាំងអស់​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ។

នៅ​ថ្ងៃទី ៣១ តុលា​ស្អែក​នេះ​ដែលជា​ថ្ងៃ​ចុងក្រោយ​នៃ​ការសួរដេញដោល​បញ្ចប់​សំណុំរឿង ០០២ វគ្គ​ទី១ ជនជាប់ចោទ នួន ជា និង ខៀវ សំផន នឹងមាន​ពេលម្នាក់ៗពី​រម៉ោង​ដើម្បី​ឡើង​ថ្លែង​ការពារ​ខ្លួន​ពី​ការចោទប្រកាន់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI