ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណើន​សេដ្ឋ​កិច្ច​នៅ​តែ​ត្រូវ​រំខាន​ បើទោះ​ជាមាន​ចលនា​សប្បុរស​ធម៌​ក៏ដោយ​

សំឡេង ០៣:៤៨
កសិករ​កំពុង​ពិនិត្យ​មើល​ដំណាំ​ស្រូវ​របស់​ខ្លួន​ ដែល​ត្រូវ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់​។
កសិករ​កំពុង​ពិនិត្យ​មើល​ដំណាំ​ស្រូវ​របស់​ខ្លួន​ ដែល​ត្រូវ​ខូច​ខាត​ដោយ​សារ​ទឹក​ជំនន់​។ RFI/ Siv Chana

កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​​អាច​ប្រឈម​នឹង​ឧបសគ្គ​ ក្រោយ​ទឹក​ជំនន់ ខណៈ​បរិយា​កាស​តានតឹង​​នយោបាយ​ ក៏​បាន​បង្ក​អោយ​វិនិយោគិនរារែក​ក្នុង​ការ​ដាក់ទុន​នៅ​កម្ពុជា​ហើយ​នោះ។ ផ្ទុយ​ទៅវិញ ចលនា​សប្បុរសធម៌​របស់​ពលរដ្ឋ​ខ្មែរ​ ដែល​ប្រមូល​មូលនិធិ​ សម្រាប់ជួយ​ជន​រងគ្រោះ​​​ វា​ក៏​បាន​ធ្វើ​ចលនា​សេដ្ឋកិច្ច​រស់រវើក​បន្តិច​ខ្លះ​ដែរ តាម​រយៈ​ការ​បង្កើត​អោយ​មាន​ការ​ទិញ​ដូរ​ច្រើន និង​បាន​ជួយ​រួម​ចំណែក​រដ្ឋាភិបាល​ក្នុង​ការ​បញ្ចេញ​ធនធាន​ជួយ​អ្នករងគ្រោះ​ទាំងស្រុង​នោះ។ ទោះយ៉ាង​នេះ​ក្តី រដ្ឋ​ក៏​នៅ​តែ​ខាតបង់​ក្នុង​ការងារ​ស្តារការ​ខូចខាត។

ផ្សាយពាណិជ្ជកម្ម

ខណៈ​ដែល​ស្ថានភាព​តាន​តឹង​ផ្នែក​នយោបាយ​ បាន​រារាំង​​វិនិយោគិន​មួយ​ចំនួន​​មិនអោយ​​បោះទុន​ និង​ពង្រីក​ទុន​វិនិយោគ​របស់​ខ្លួន​នៅ​កម្ពុជា​នោះ នៅពេល​នេះ​កម្ពុជា​កំពុងជួប​វិបត្តិ​មួយ​ថ្មី​ទៀត ដែលបង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋកិច្ច​​​របស់​ខ្លួន។ នោះ​គឺ​ទឹក​ជំនន់។

ស្ថាប័ន​ធានាគារ​អន្តរជាតិ​ដូចជា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB និង​ធនាគារ​ពិភពលោក World Bank បាន​បង្ហាញ​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់កម្ពុជា ​ថា​មាន​ក្នុង​រង្វង់ ៧ភាគរយ​ក៏ពិត​មែន ប៉ុន្តែ​ ការ​វាយ​តម្លៃទាំងនោះ​ត្រូវបាន​ធ្វើឡើង​មុន​មាន​គ្រោះ​មហន្តរាយ​ទឹក​ជំនន់។
មន្ត្រីជាន់ខ្ពស់​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ ក្នុង​ពេល​កន្លងមកហើយ​ថា ​ការខូចខាត​ដោយ​ទឹក​ជំនន់​នៅ​ពេល​នេះ​ អាច​មាន​តម្លៃស្មើ​​ពាក់កណ្តាល​នៃ​គ្រោះ​មហន្តរាយ​ឆ្នាំ​២០១១។ ឆ្នាំ​២០១១​​ ដែល​ការ​ខូច​ខាត​មាន​ទំហំ​ជាង​៥០០លាន​ដុល្លារ។ ដូច្នេះ ​គេអាចយល់​បាន​ហើយ​ថា យ៉ាង​ហោចណាស់ រដ្ឋ​នឹង​ខាតបង់​ទឹក​ប្រាក់​ចំនួន​២៥០​លាន​ដុល្លារ​ដែរ ​ទៅ​ក្នុង​គ្រោះ​ទឹក​ជំនន់​ដែល​បាន​លិចលង់​ខេត្ត​រាជធានី​ចំនួន​២០​ នៅពេល​នេះ។​

តើ​អ្វី​ខ្លះជា​ការ​ខូចខាត​ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ដំណើរការ​សេដ្ឋកិច្ច​កម្ពុជា ដែល​កើត​ចេញពី​គ្រោះ​ទឹក​ជំនន់?

ទីមួយ​ គឺ​ការ​ខូចខាត​ដោយផ្ទាល់។ ទឹក​ជំនន់​ទឹក​ភ្លៀង​បាន​កើត​ឡើង​យ៉ាង​លឿន​ដែល​បាន​លិចលង់​​ដំណាំ​ បន្លែ​បង្ការ និង​ផ្ទះ​សម្បែង​របស់​ពលរដ្ឋ។ ដំណាំ​ទាំងនោះ​ដែល​មិន​ត្រូវ​ការ​ការ​ជន់លិច​ទឹក​ជ្រៅ​នោះ​ ត្រូវ​ខូចខាត។ ផ្ទះ​សម្បែង​ក៏​ត្រូវ​បំផ្លាញ និង​គ្រួសារ​ខ្លះ​ក៏​ត្រូវ​បាត់បង់​សមាជិក​​ដោយ​សារ​តែ​ទឹក​ជំនន់។​​ ហេដ្ឋារចនា​សម្ព័ន្ធ​​ផ្លូវថ្នល់ ក៏​ត្រូវដាច់​ខូច​ខាត​ដោយ​អន្លើៗ​ជា​ច្រើន​កន្លែង។ ដោយសារ​តែ​ទឹក​ជន់ ពលរដ្ឋ​អ្នក​ដែល​ធ្លាប់​ប្រកប​របរ​រកស៊ី​ប្រចាំ​ថ្ងៃនៅ​តាម​ផ្ទះ​ក៏​ត្រូវ​អាក់​ខាន។ ពល​រដ្ឋ​មួយ​ចំនួន​ទៀត ក៏​ត្រូវ​ផ្អាក​ឈប់សំរាក​ពី​ការងារ​ដែល​នៅ​ឆ្ងាយ ដោយ​ពួកគេ​ត្រូវ​នៅ​ជួយ​ថែ​រក្សា​ក្រុម​គ្រួសារ។ ជំងឺ​ និង​បញ្ហា​សុខភាព​ ក៏​ត្រូវ​កើត​មាន​ឡើង​ដែរ​លើ​ពលរដ្ឋ​​រងគ្រោះ​ទាំងនោះ។ ទាំងនេះ​សុទ្ធតែ​ជា​ការ​ខាត​បង់។

ទី២ ផល​ប៉ះពាល់​ដោយ​ប្រយោល​វិញ​​ មាន​ពាក់ព័ន្ធ​ដោយ​នឹង​ការ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ​របស់​ប្រជាកសិករ​ទៅ​លើ​ទីផ្សារ។ ការ​ខ្វះខាត​​​នេះ​ហើយ​ ដែល​នឹងធ្វើអោយ​មាន​អតិផរណា​នៃ​តម្លៃ​បន្លែ​ ផ្លែឈើ​។ និយាយ​អំពី​អតិផរណានេះ​វិញ វា​ត្រូវ​កើត​មាន​ផងដែរ នៅពេល​មាន​ចលនា​​សង្គម​ដែល​កំពុង​ប្រមូល​មូលនិធិ​ទិញ​សម្ភារៈ និង​គ្រឿង​បរិភោគ​​អោយជន​រងគ្រោះ​ដោយ​ទឹក​ជំនន់។ ទឹក​ជំនន់​ក៏​បាន​ធ្វើ​អ្នកទេសចរ​ក្នុង​ស្រុក​ ផ្អាក​គម្រោង​ដើរ​កំសាន្ត​របស់​ខ្លួន​ផងដែរ។

រីឯការ​លិចលង់​ដីស្រែ​ចំការ ដែល​ធ្វើ​អោយ​អាក់ខាន​ដល់​ការ​ធ្វើ​ស្រែ ឬ​ធ្វើ​ចំការនោះ ក៏​បានធ្វើ​អោយ​រដ្ឋ​បាត់បង់​ចំណូល​ពន្ធ​ ដោយ​សារ​តែ​គ្មាន​សកម្មភាព​កសិកម្ម​ទាំងនេះ​ដែរ។
 តាម​ពិត​ទៅ និយាយ​មក​ដល់​ត្រង់នេះ ក៏​មិន​មែន​មានន័យថា វា​មាន​តែ​ការ​ខាត​បង់​ ឬ​ក៏​ថា​សកម្មភាព​សេដ្ឋកិច្ច​ត្រូវ​ធ្លាក់ខ្សោយ​នោះទេ។ សកម្មភាព​សេដ្ឋកិច្ច​បានបង្ហាញ​សញ្ញា​រស់រវើក​ខ្លាំង​ជាង​ពេល​ធម្មតា​ផង ដោយសារ​តែ​ចលនា​សប្បុរសធម៌​របស់​ពលរដ្ឋ​ខ្មែរ។

មូលនិធិ​ជាច្រើន​ត្រូវបានបង្កើតឡើង​ជាលក្ខណៈ​ឯកជន​ក៏​មាន នៅ​តាមបណ្តា​គណបក្ស​នយោបាយ​ក៏មាន ស្ថានប័ន​រដ្ឋនានា និង​មន្ត្រី រដ្ឋាភិបាល​ផង​ក៏​បាន​បញ្ចេញ​ថវិកា​យ៉ាង​ច្រើន​ទៅ​លើ​ទីផ្សារ ដើម្បី​ទិញ​សម្ភារៈ​ និង​អាហារ​​ចែកជូន​ជនរងគ្រោះ​ដោយ​ទឹក​ជំនន់។ នៅពេល​នេះ​ហើយ​ដែល​គេ​អាច​មើល​ឃើញ ការ​បែងចែក​ភោគផល​ពី​អ្នក​មាន​នៅ​ទី​ប្រជុំជន ទៅ​អ្នក​ក្រីក្រ​នៅ​តាម​ជន​បទ​នោះ ហើយ​សកម្មភាព​ពាណិជ្ជកម្ម​ក៏​រស់​រវើក​ទៅតាម​ណឹង​ដែរ។
ក៏ប៉ុន្តែ ទោះយ៉ាង​នេះ​ក៏ដោយ ជំនួយ​វិភាគទាន​ពី​មហាជន​ គ្រាន់តែជួយ​សម្រាល​បន្ទុក​រដ្ឋាភិបាល​បាន​បន្តិច​ប៉ុណ្ណោះ។ ជា​ជំនួយ​បន្ទាន់​ សម្រាប់​រយៈ​ពេល​ខ្លី​មុន​ទឹក​ស្រក ហើយ​ពលរដ្ឋ​អាច​ត្រឡប់ទៅលំនៅ​ដ្ឋាន​វិញ។

បាន​ន័យថា រដ្ឋ​ត្រូវ​ត្រៀម​បម្រុង​​ហិរញ្ញវត្ថុទំហំ​ធំ​មួយ​ ដើម្បី​ស្តារ​ស្ថានភាព​អោយ​ធម្មតា​វិញ។ ការ​ជួសជុលហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ការផ្តល់​ជំនួយ​នានា​ក្នុង​ការ​ងារ​កសិកម្ម​ដល់​ពលរដ្ឋ។​ទាំង​នេះ​សុទ្ធតែ​ជា​បន្ទុក​របស់​រដ្ឋ។ នេះ​គេ​នៅ​មិនទាន់គិត​អំពី​ការ​កើន​ឡើង​បំណុល​របស់​កសិករ ​ដែល​បាន​ខ្ចី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ផង។

ដូច្នេះ​ សរុប​សេចក្តី​មក​វិញ ទឹក​ជំនន់​នៅ​ក្នុង​ឆ្នាំ​នេះ បើ​ទោះ​ជា​វា​មាន​រយៈ​ពេល​ខ្លី​មែន តែ​វា​នឹង​រំខាន​ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI