កម្ពុជា

អង្គភាព​ប្រឆាំង​អំពើពុករលួយ​ផ្សព្វផ្សាយ​សៀវភៅ​អប់រំ​ប្រឆាំង​អំពើពុករលួយ

សៀវភៅអប់រំស្តីពី​អំពើពុករលួយ​ដែលក្រ​សួង​អប់​រំដាក់​ជូន​សិស្ស​និស្សិត​នៅ​ថ្នាក់​វិទ្យា​ល័យ​សិក្សា
សៀវភៅអប់រំស្តីពី​អំពើពុករលួយ​ដែលក្រ​សួង​អប់​រំដាក់​ជូន​សិស្ស​និស្សិត​នៅ​ថ្នាក់​វិទ្យា​ល័យ​សិក្សា @ acu

ស្រប​ពេលដែល​មន្ត្រី​ពុករលួយ​មួយចំនួន​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ផ្សព្វផ្សាយ​សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​សម្រាប់​ប​ង្រៀ​ន​សិស្ស​ផងដែរ។ សៀវភៅ​ដែលមាន​ចំណងជើង​ថា «រួមគ្នា​ប្រឆាំង​អំពើពុករលួយ»នឹងត្រូវ​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​សម្រាប់​សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​ ចាប់ពី​ថ្នាក់​ទី១០ដល់​ថ្នាក់​ទី១២ ។ សៀវភៅ​នេះ​ត្រូវបាន​បោះពុម្ព​លើកដំបូង​ចំនួន ១៤ ម៉ឺន​ក្បាល។

ផ្សាយពាណិជ្ជកម្ម

សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​ចាប់ពី​ថ្នាក់​ទី១០ដល់ទី១២នឹងមាន​មុខវិជ្ជា​ថ្មី​មួយទៀត​សម្រាប់​ការសិក្សា​របស់ខ្លួន​នោះ​គឺ​ការអប់រំ​ស្តីពី​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ សៀវភៅ​ថ្មី​នេះ​ដែល​កើតចេញពី​កិច្ចសហការ​រវាង​ក្រសួង​អប់រំ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​លេចចេញ​ជា​រូបរាង​ហើយ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ផ្សព្វផ្សាយ​សៀវភៅ​នេះ​នៅក្នុង​គេហទំព័រ​របស់ខ្លួន​តាំងពី​សប្តាហ៍​មុន​មក។ សៀវភៅ​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​ត្រូវបាន​តាក់តែងឡើង​ដោយ​ក្រុមចម្រុះ​ដែលមាន​សមាសភាព៩នាក់​មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង១២នាក់​មកពី​ក្រសួង​អប់រំ។ សៀវភៅ​ចំនួន ១៤ ម៉ឺន​ក្បាល​ត្រូវបាន​បោះពុម្ព​ជា​លើកដំបូង។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​និង​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បានបញ្ជាក់​នៅក្នុង​កថា​មុខ​របស់​សៀវភៅ​នោះ​ថា កម្មវិធី​អប់រំ​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​គឺជា​បាតុភូត​សាកល​ថ្មី​មួយ​ដែល​ប្រទេស​ជាច្រើន​កំពុង​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា។ ដូច្នេះ កម្ពុជា​ក៏បាន​ចាត់ទុក​បញ្ហា​នេះ​ថា​មាន​សារសំខាន់​ដែរ។

បើ​យោងតាម​ប្រធាន​ស្ថាប័ន​ទាំងពីរ កម្មវិធី​នេះ​នឹងត្រូវ​ដាក់​ឲ្យ​សិស្ស​រៀន​នៅ​គ្រប់​កម្រិត ប៉ុន្តែ ក្នុង​ជំហាន​ដំបូង​នេះ មានតែ​សិស្ស​មធ្យមសិក្សា​ទុតិយភូមិ​ប៉ុណ្ណោះ​ដែល​ត្រូវ​សិក្សា​ពោលគឺ​សិស្ស​ថ្នាក់​ទី១០, ១១ និង​ទី១។ រដ្ឋាភិបាល​សង្ឃឹមថា សៀវភៅ​នេះ​នឹង​ក្លាយជា​ទុន​ដ៏​សំខាន់​ក្នុង​ការកសាង​សង្គម​កម្ពុ​ជាមួយ​ស្អាតស្អំ​ប្រាសចាក​អំពើពុករលួយ។

គួរ​កត់សម្គាល់ថា ស្របពេល​នៃ​ការផ្សព្វផ្សាយ​សៀវភៅ​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​បង្ហាញ​សកម្មភាព​ចាប់ខ្លួន​មន្ត្រី​ពុករលួយ​ជា​បន្តបន្ទាប់​រយៈពេល​ចុងក្រោយ​នេះ។ ប្រធាន​មន្ទីរ​ជាច្រើនរូប​និង​រហូតដល់​ទីប្រឹក្សា​រដ្ឋា​ភិ​បាល​មួយរូប​ផង​ត្រូវបាន​ចាប់ខ្លួន​ពីបទ​ពុករលួយ។

ទាំងអស់នេះ​ជា​សកម្មភាពថ្មីៗទៀត​បន្ថែម​លើ​សកម្មភាព​ដែល​បានធ្វើ​កន្លងទៅ។ យ៉ាងណាក៏ដោយ អង្គភាព​នេះ​បាន​ទទួលរង​ការរិះគន់​ថា​មាន​ចំណាត់​ការមិន​ស្មើភាព​និង​មិនបាន​ចាប់ខ្លួន​មន្ត្រី​ពុករលួយ​ដែលមាន​ខ្នងបង្អែក​រឹងមាំ​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI