កម្ពុជា

ក្រសួង​អប់​រំ​ជ្រើស​រើស​មន្ត្រី​ជាន់​ខ្ពស់​ តាម​ការ​ប្រកួត​ប្រជែង​ជា​លើក​ដំបូង​

ក្រសួងអប់រំ យុវជន និង កីឡា កំពុង​ជ្រើសរើស​មន្ត្រីជាន់ខ្ពស់។
ក្រសួងអប់រំ យុវជន និង កីឡា កំពុង​ជ្រើសរើស​មន្ត្រីជាន់ខ្ពស់។ @Google

តំណែង​អគ្គាធិការ​​មួយកន្លែង និង​តំណែង​អគ្គនាយករង​ពីរ​កន្លែង នៅ​ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​ទំនេរ ហើយ​រង់ចាំ​មន្ត្រី​អប់រំ​ណាដែលមាន​គុណសម្បត្តិ​​​ពិត ​ដាក់​ពាក្យ​ចូល​ប្រកួត​ប្រជែង​យក។ នេះ​ជាការ​ប្រកាស​ជា​សាធារណៈ ដើម្បី​ជ្រើសរើស​បុគ្គលិក​ជាន់ខ្ពស់ឱ្យ​បម្រើ​ការ​​ក្នុង​ស្ថាប័នរដ្ឋ​នៅ​កម្ពុជា តាមរយៈ​ការប្រកួតប្រជែង​ជា​លើកដំបូង។ 

ផ្សាយពាណិជ្ជកម្ម

គេហទំព័ររបស់​ក្រសួង​អប់រំ យុវជន និង​កីឡា ផ្សាយ​ថា ស្ថាប័នរដ្ឋ​នេះ កំពុង​ជ្រើសរើស​អគ្គាធិការ​​​មួយ​នាក់ និង​អគ្គនាយករង​ពីរ​នាក់។ ការប្រកាស​ជា​សាធារណៈ​នេះ ជា​លើកដំបូង​ហើយ សម្រាប់​ស្ថាប័នរដ្ឋ​នៅ​កម្ពុជា ក្នុងការ​ស្វែងរក​មន្ត្រី​ជាន់ខ្ពស់ ប្រកបដោយ​គុណ​សម្បត្តិ​​​ពិត​ប្រាកដ​ ឱ្យទៅ​បម្រើ​ការងាររាជការ តាមរយៈ​ការប្រកួតប្រជែង។

រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​អប់រំ​បាន​គូសបញ្ជាក់ នៅក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៤ ថា របៀប​ជ្រើសរើស​បែបនេះ គឺ «ដើម្បី​អនុវត្ត​ឱ្យបាន​សម្រេច​នូវ​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​​ការងារ​គ្រប់គ្រង​បុគ្គលិក ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា លើ​ការងារ​តែងតាំង​មន្ត្រី​គ្រប់គ្រង ឱ្យ​ទទួលបាន​ប្រសិទ្ធភាព»។

បើតាម​សេចក្តីជូនដំណឹង​នោះ លោក ហង់ ជួន ណា​រ៉ុ​ន ផ្តល់​សារៈសំខាន់​ដល់​ការជ្រើសរើស​បុគ្គលិក ឱ្យ​បម្រើការ​ក្នុង​ស្ថាប័នរដ្ឋ ដោយ​ផ្អែកលើ​ឧបនិស្ស័យ កម្រិត​សញ្ញាប័ត្រ ជំនាញ សមត្ថភាព​​បំពេញការងារ បទពិសោធន៍​ការងារ សមិទ្ធផល​ការងារ និង​បុគ្គលិកលក្ខណៈ​ជា​មន្ត្រី​គ្រប់គ្រង ប្រកបដោយ​មនសិការ​វិជ្ជាជីវៈ​ខ្ពស់។

គួរឱ្យកត់សម្គាល់​ខ្លាំង​ដែរ សេចក្តីជូនដំណឹង ដែលមាន​សុពលភាព​ត្រឹម​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤នោះ បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​តំណែង អង្គភាព រចនាសម្ព័ន្ធ​អង្គភាព គោល​បំណង​​ការងារ កិច្ចការ ការទទួលខុសត្រូវ គុណ​វុ​ឌ្ឍ និង​លក្ខខណ្ឌ​ធ្វើ​ការងារ យ៉ាង​ពិស្តារ ច្បាស់លាស់ និង​ងាយ​យល់។

ថ្វីបើ​តំណែង​ជាន់ខ្ពស់​ទាំងបី​កន្លែង​នោះ សម្រាប់តែ​មន្ត្រី​ដែល​កំពុងធ្វើការ​ក្នុង​ក្រសួង​អប់រំ យុវជន​ និង​កីឡា​​ក៏ដោយ វា​ក៏​បើកឱកាស​ឱ្យមាន​ការប្រកួតប្រជែង ក្នុងចំណោម​មន្ត្រី​ទាំងឡាយ ដែលមាន​លក្ខណៈសម្បត្តិ​ឆ្លើយតប​ទៅនឹង​តម្រូវ​ការងារ​ដែរ។ ការណ៍​នេះ​ប្លែក​ពី​ការជ្រើសរើស​រើស​មន្ត្រីរាជការ​ជាន់ខ្ពស់ នៅក្នុង​ស្ថាប័នរដ្ឋផ្សេងៗទៀត ដែល​តែងតែ​ផ្អែកលើ​ការចាត់តាំង ហើយ​ដែល​តែងតែ​ធ្វើឡើង​ដោយ​ខ្វះ​តម្លាភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI