អានតួអត្ថបទ
កម្ពុជា

ជម្លោះ​បោះ​ឆ្នោត​​បង្ក​សង្គ្រាម​ប៉ាក​កា​​រហូត​ដល់​ព្រឹទ្ធ​សភា​

ព្រឹទ្ធសភា​កម្ពុជា
ព្រឹទ្ធសភា​កម្ពុជា
ដោយ៖ លី ម៉េងហួរ
១៨ នាទី

ជម្លោះ​នៃ​ការបោះឆ្នោត​តំណាងរាស្ត្រ កាល​​ពី​ខែកក្កដា បាន​រាលដាល​ជា​សង្គ្រាម​ប៉ាក​កា តាមរយៈ​សេចក្តីថ្លែងការណ៍ រវាង​ព្រឹទ្ធសមា​ជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម រង្ស៊ី។ សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី ចំនួន ១១ រូប បាន​សម្រេច​បន្តធ្វើ​ពហិកា មិន​ចូលរួម​ប្រជុំ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃទី១១មេសា​នេះ​ទេ។ ព្រឹទ្ធសមា​ជិក​គណ​បក្ស​សម រង្ស៊ី បាន​ទទូច​ឲ្យ​គណបក្ស​ឈ្នះ​បាន​អាសនៈ​នៅ​រដ្ឋសភា ពិភាក្សា​បញ្ចប់​ជាបន្ទាន់​នូវ​សមាសភាព គជប និង​ការកែទម្រង់​ការបោះឆ្នោត ជាដើម។ ប៉ុន្តែ​ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ៤៦ រូប បាន​ថ្លែងការណ៍​ការពារ​រដ្ឋសភា នីតិកាល​ទី៥ ថា​កើតចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត និង​ដំណើរការ​ស្របតាម​រដ្ឋធម្មនុញ្ញ។

ផ្សាយពាណិជ្ជកម្ម

នៅ​ព្រឹក​ថ្ងៃទី១១មេសា​នេះ ព្រឹទ្ធសភា បាន​ដំណើរការ​កិច្ចប្រជុំ​វិសាមញ្ញ នីតិកាល​ទី។របៀបវារៈ​ចំនួន ៣ ដែល​ព្រឹទ្ធសភា លើក​យកមក​ពិនិត្យ និង​អនុម័ត។ ទី១.ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៤។ ទី២.ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័ត​យល់ព្រម​លើ​ពិធីសារ ស្តីពី វិសោធនកម្ម​លើ​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា និង​វៀតណាម ស្តីពី ការជំរុញ និង​ការការពារ​វិនិយោគ និង​របៀបវារៈ​ទី៣-ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ផ្លូវថ្នល់។

 កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃទី១១មេសា គឺ​មិនមាន​វត្តមាន​របស់​ស​មា​ជិ​ក​ព្រឹទ្ធសភា ១១ រូប របស់​គណបក្ស​សមរ​ង្ស៊ី​ទេ។ ក្នុង​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី១០មេសា ក្រៅពី​សម្រេច​មិន​ចូលរួម​ប្រជុំ​ព្រឹទ្ធសភា ក្រុម​សមាជិក​ព្រឹទ្ធសភា ១១ រូប របស់​គណបក្ស​សមរ​ង្ស៊ី បាន​ទទូច​ឲ្យ​គណបក្សនយោបាយ​ឈ្នះ​បាន​អាសនៈ​រដ្ឋសភា កាលពី​ការបោះឆ្នោត ថ្ងៃទី២៨កក្កដា ឆ្នាំ២០១៣ ពិភាក្សា​បញ្ចប់​ជាបន្ទាន់ អំពី​សមាសភាព​ឯករាជ្យ​របស់​គជប និង​ការកែទម្រង់​ការបោះឆ្នោត ជាដើម ដើម្បី​ផ្តល់​យុត្តិធម៌ និង​ផ្តល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប។

ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ក៏​សរសេរ​ក្នុង​សេចក្តីថ្លែងការណ៍​ចំហរ ថា​ចង់ឃើញ​រដ្ឋសភា​ត្រឹមត្រូវ​ពេញលេញ បញ្ចប់​ច​រិ​ក​ជា​រដ្ឋសភា​ឯក​បក្ស សំរេច​បញ្ហា​ប្រទេសជាតិ​យ៉ាង​ងងើល។

តប​នឹង​សេចក្តីថ្លែងការណ៍​ខាងលើនេះ ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ៤៦ រូប បានចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី១០មេសា អះអាង​ពី​ភាពស្របច្បាប់​របស់​រដ្ឋ​សភា ដែល​កើតចេញពី​ការបោះឆ្នោត កាលពី​ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១។ រដ្ឋសភា អាណត្តិ​ថ្មី ដែល​មានតែ​សមាជិក ៦៨ រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា។

តាម​ព្រឹទ្ធសមាជិក​គណបក្ស​ប្រជាជន​កម្ពុជា រដ្ឋសភា នីតិកាល​ទី៥ បានកើត​ចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការបោះឆ្នោត​ជាស​កល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ និង​ជាសម្ងាត់។ រដ្ឋសភា ក៏បាន និង​កំពុងដំណើរការ​របស់​ខ្លួន ស្របតាម​រដ្ឋធម្មនុញ្ញ និង​បទបញ្ជាផ្ទៃក្នុង នៃ​រដ្ឋសភា ហើយ​មាន​នីត្យានុកូលភាព​ពេញលេញ ក្នុងការ​អនុវត្ត​ការងារ។

ក្រុម​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​គូសបញ្ជាក់ថា ពហិកា មិន​ចូលប្រជុំ​របស់​គណបក្ស​សមរង្ស៊ី មិន​ប៉ះពាល់​ដល់​កិច្ចប្រជុំ​ព្រឹទ្ធសភា ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្តីព្រាងច្បាប់​នោះទេ។ ផ្ទុយទៅវិញ អ្នកធ្វើ​ពហិកា មិន​ចូលប្រជុំ​រដ្ឋសភា និង​ព្រឹទ្ធសភា សុទ្ធតែជា​អ្នក​ត្រូវ​ទទួលខុសត្រូវ ចំពោះមុខ​ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ