អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កំណែ​ទម្រង់​បោះ​ឆ្នោត​ត្រូវ​ការ​ឆន្ទៈ​អ្នក​នយោបាយ​ខ្លាំង​ជាង​ជំនួយ​បច្ចេក​ទេស​!​

សំឡេង ០៥:០៨
តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិថ្លែងការណ៍រួម ក្នុងជំនួបចរចា កាលពីពេលថ្មីៗនេះ។
តំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិថ្លែងការណ៍រួម ក្នុងជំនួបចរចា កាលពីពេលថ្មីៗនេះ។ @RFI/ siv channa
ដោយ៖ ប៉ែន បូណា
២៧ នាទី

ការមកដល់​កម្ពុជារ​បស់​អ្នកជំនាញការ​ជប៉ុន​ដើម្បី​សិក្សា​អំពី​លទ្ធភាព​ជួយ​ដល់​កំណែ​​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា​គឺជា​ដំណឹង​ល្អ​មួយ។ ដំណឹង​ល្អ​ដោយសារ​ថា​ជំនួយ​នេះ​ត្រូវ​នឹង​សេច​ក្តីត្រូវការ​ជាក់ស្តែង​របស់​កម្ពុជា។ ម្យ៉ាងទៀត ទាំង​គណបក្សកាន់​អំណាច​ទាំង​គណបក្ស​ប្រ​ឆាំង​​សុទ្ធតែ​បាន​អះអាងថា​ខ្លួន​ត្រូវការ​ធ្វើកំណែទម្រង់​ការ​បោះឆ្នោត​ជា​ចាំបាច់។ ដូច្នេះ គេ​អាច​​​និយាយបានថា​ពេលវេលា​នៃ​កំណែទម្រង់​បោះឆ្នោត​បានមក​ដល់​ហើយ។ ប៉ុន្តែ លទ្ធផល​នៃ​កំណែទម្រង់​នេះ​សម្រេចបាន​កម្រិតណា​វា​អាស្រ័យ​ជាសំខាន់​ទៅលើ​ឆន្ទៈ​អ្នកនយោបាយ​ខ្មែរ​ច្រើនជាង​ជំនួយ​ផ្នែក​បច្ចេកទេស។

ផ្សាយពាណិជ្ជកម្ម

ប្រទេសមួយ​ដែល​ក្រីក្រ​និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ទន់ខ្សោយ​គ្រប់​វិស័យ​ដូចជា​កម្ពុជា​ត្រូវការ​ចាំបាច់​ណាស់​នូវ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ។ ជារឿយៗកម្ពុជា​តែង​ដង្ហោយ​រក​ជំនួយ រីឯ​សហគមន៍​អន្តរជាតិ​ក៏​តែងតែ​ឆ្លើយតប​ជានិច្ច​ដែរ។ សមិទ្ធផល​ទាំងឡាយ​ដែល​កម្ពុ​ជាមាន​ពេលនេះ(ទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​និង​ទាំង​ធនធាន​បញ្ញា) ពិតជា​មិនអាច​កាត់ផ្តាច់​បានឡើយ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្មែរ​ខ្លួនឯង​ផង​និង​ពី​ជំនួយ​របស់​បរទេស​ផង។

វត្តមាន​របស់​អ្នកជំនាញ​ការ​បោះឆ្នោត​ជប៉ុន​នៅលើ​ទឹកដី​កម្ពុជា​នាពេលនេះ​ក៏​ជាការ​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​ក​ម្ពុ​ជា​ដែរ។ គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី ១៤ តុលា​ឆ្នាំ ២០១៣ កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា​បានប្រកាស​ជា​ឱឡារិក​អំពី​ចេតនា​ធ្វើកំណែទម្រង់​ការបោះឆ្នោត។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដោយផ្ទាល់ ទៅកាន់​ប្រទេស​ជប៉ុន​ដើម្បី​ឲ្យ​ប្រទេស​នេះ​ជួយ​កម្ពុជា​ក្នុង​កំណែទម្រង់​បោះឆ្នោត​នេះ​ផងដែរ។

ការអំពាវនាវ​នេះ​ហាក់​មិនមែន​ជាការ​ចៃដន្យ​ទេពី​ព្រោះ​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ដែល​កើតឡើង​ដោយសារ​ការប្រឆាំង​ជំទាស់​លទ្ធផល​ពី​សំណាក់​គណបក្សប្រឆាំង។ ម្យ៉ាងទៀត រហូតមកទល់​ពេលនេះ បញ្ហា​ចម្រូងចម្រាស់​ទាក់ទង​នឹង​ការបោះឆ្នោត​ជាពិសេស​ការតវ៉ា​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នៅតែ​ជា​បច្ចុប្បន្នភាព​ក្តៅគគុក​មួយ​ដដែល​សម្រាប់​ប្រទេស​កម្ពុជា។ ជា​រៀងរាល់​លើក ឲ្យ​តែ​បោះឆ្នោត​រួច ប្រទេស​នេះ​មិនដែល​បាន​ស្គាល់​ភាពស្ងប់ស្ងាត់​ម្តងណា​ទេ។ ដើមហេតុ​សំខាន់បំផុត​នៃ​ជម្លោះ​បោះឆ្នោត​គឺ​បណ្តាលមកពី​ការមិនទុកចិត្ត​លើ​អាជ្ញាកណ្តាល​នេះឯង។

អ៊ីចឹង​ហើយ​បានជា​ការមកដល់​កម្ពុ​ជា​របស់​ក្រុម​អ្នកស្រាវជ្រាវ​កំណែទម្រង់​បោះឆ្នោត​ជនជាតិ​ជប៉ុន​នៅពេលនេះ​បានទទួល​ការ​សាទរ​ពី​គ្រប់​មជ្ឈដ្ឋាន។ សាទរ​ពី​ព្រោះតែ​គេ​រំពឹងថា ជប៉ុន​អាចជួយ​បញ្ហា​នេះ​បាន។ យ៉ាងណា​ក៏ដោយចុះ ការជួយជ្រោមជ្រែង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ជា​រឿង​សំខាន់​មួយ​ហើយ ប៉ុន្តែ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ​គឺ​ឆន្ទៈ​របស់​អ្នកនយោបាយ​ខ្មែរ​ខ្លួនឯង​ឯណេះ​ទេ។ ដូច​ពាក្យចាស់​បុរាណ​ពោលថា មុននឹង​ស្រែក​ឲ្យ​គេ​ជួយ មនុស្ស​ត្រូវ​ចេះ​ជួយ​ខ្លួនឯង​ជាមុនសិន។

នៅ​កម្ពុជា កង្វះ​ឆន្ទៈ​របស់​អ្នកនយោបាយ​និង​កង្វះ​កិច្ចខិតខំ​ប្រឹងប្រែង​ជួយ​ខ្លួនឯង​ត្រូវគេ​មើលឃើញថា​គឺជា​បញ្ហា​ធំធេង​មួយ​មិន​ថា​ក្នុង​វិស័យ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច ឬក៏​វិស័យ​ផ្សេង​ទៀតឡើយ។ ក្នុងស្ថានភាព​នេះ ទោះ​ជាមាន​ជំនួយ​ពី​បរទេស​ច្រើន​យ៉ាងណា​ក៏ដោយ​ ​មិនអាច​ជំរុញ​ការអភិវឌ្ឍ​ប្រទេស​នេះ​ឲ្យ​លឿន​ទៅមុខ​បានដែរ។

លើសពីនេះទៅទៀត កម្ពុជា​ហាក់​កំពុង​កើត​ជំងឺ​ពឹង​ផ្អែកលើ​ជំនួយ​បរទេស​យ៉ាងខ្លាំង​ទៅវិញ។ ជំងឺ​នេះ​ប្រសិនបើ​មិន​ប្រញាប់​ព្យាបាល​ទេ កម្ពុជា​ច្បាស់​ជា​មិន​ងាយ​ងើប​ចេញពី​ភាពក្រីក្រ​បានឡើយ។

និយាយ​ពី​កំណែ​ទម្រង់ការបោះឆ្នោត​វារឹតតែ​ទាមទារ​នូវ​ឆន្ទៈ​ខ្ពស់​របស់​អ្នកនយោបាយ​ថែមទៀត​ពីព្រោះ​កំណែទម្រង់​មួយ​នេះ​ជាប់ទាក់ទង​ទៅនឹង​ការ​ប្រជែង​អំណាច។ ហេតុ​ដូច្នេះហើយ​បានជា​ការប្រកាស​ធ្វើកំណែទម្រង់​ការបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បានធ្វើ​ឲ្យ​អ្នកខ្លះ​សាទរ តែ​អ្នក​ខ្លះទៀត​មិន​ភ្ញាក់ផ្អើល​ពីព្រោះ​កំណែទម្រង់​ជាច្រើន​ដែល​គណបក្ស​នេះ​ធ្លាប់បាន​ប្រកាស​ច្រើនតែ​មិនសូវមាន​ប្រសិទ្ធភាព។ មូលហេតុ​សំខាន់​មួយ​គេ​មើលឃើញ​ជាទូទៅ​គឺ កង្វះ​ឆន្ទៈ​ពិតប្រាកដ​នេះឯង។

យ៉ាងណា​ក៏ដោយចុះ ទាំងអស់គ្នា​គួរ​ចូលរួម​និង​ជួយ​ជំរុញ​កំណែទម្រង់​បោះឆ្នោត​ជាជាង​ការធ្វើ​បុរេវិនិច្ឆ័យ​ដោយ​មិន​ផ្តល់ឱកាស​ដើម្បី​សាកល្បង។ ឥឡូវនេះ ប្រទេស​ជប៉ុន​បាន​ឆ្លើយតប​យ៉ាង​រួសរាន់​ទៅនឹង​ការអំពាវនាវ​របស់​ក​ម្ពុ​ជា។ ម្យ៉ាងទៀត សូម​កុំភ្លេចថា ជប៉ុន​អាចជួយ​កម្ពុជា​បាន​ទាំង​ផ្នែក​បច្ចេកទេស​និង​ហិរញ្ញវត្ថុ។ ដូច្នេះ នេះ​ពិតជា​ឱកាសល្អ​មួយ​ដែល​ខ្មែរ​ត្រូវ​ចាប់យក​ដើម្បី​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ការបោះឆ្នោត​ពិតប្រាកដ​មួយ​នៅ​កម្ពុជា។

មិនថាតែ​ជប៉ុន​ទេ ប្រទេស​ជាច្រើន​ទៀត​ក៏​នៅតែ​រង់ចាំ​ជួយ​កម្ពុជា​ដែរ។ ដូច្នេះ អ្វីដែល​នៅ​លស់​គឺ​ឆន្ទៈ​ដ៏​ពិតប្រាកដ​របស់​ភាគី​ខ្មែរ​តែប៉ុណ្ណោះ។ ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ​បោះបង់​របៀប​ធ្វើ​នយោបាយ​ដោយ​ប្រើ​ល្បិចកល​និង​គំនុំសងសឹក ហើយ​បែរមក​តម្កល់​ភាពសុខសាន្ត​របស់​ប្រទេសជាតិ​និង​ប្រជាជន​ជាធំ កំណែទម្រង់​បោះឆ្នោត​ពិតជា​អាចធ្វើ​បាន​ដោយ​មិន​លំបាក​ឡើយ។ និយាយ​ដោយ​ខ្លី នៅក្នុង​កំណែទម្រង់​ការបោះឆ្នោត កម្ពុជា​ត្រូវការ​ឆន្ទៈ​អ្នកនយោបាយ​ខ្លាំង​ជាង​ជំនួយ​បច្ចេកទេស​ទៅទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ