អានតួអត្ថបទ
កម្ពុជា-ច្បាប់

ស្ថាន​ទូត​ខ្មែរ​នៅថៃ ប្រាប់​ឲ្យ​ពលករ​ស្ងៀម​ស្ងាត់ ​និង​ប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​នាំ​ពល​ករ​ទៅ​ធ្វើ​ការនៅ​បរទេស​

ពលករខ្មែរពេលអាជ្ញាធរថៃចាប់បញ្ជួនមកកម្ពុជាវិញកាលពីពេលកន្លងទៅ
ពលករខ្មែរពេលអាជ្ញាធរថៃចាប់បញ្ជួនមកកម្ពុជាវិញកាលពីពេលកន្លងទៅ
១៣ នាទី

ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ស្នើ​ពលករ​ខ្មែរ រក្សា​ភាព​ស្ងៀម​ស្ងាត់ ខណៈ​អាជ្ញាធរ​កម្ពុជា​ កំពុង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ថៃ ជួយ​សម្រួល​កុំ​ឲ្យ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ពលករ​កម្ពុជា​ដែល​ពុំ​មាន​ឯកសារ​គ្រប់​គ្រាន់ ក្នុង​ការ​ស្នាក់​នៅ​ និង​ធ្វើ​ការ​ក្នុង​ប្រទេស​ថៃ​។ ការ​ចេញ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​ពលករ​ខ្មែរ​ដែល​ធ្វើ​ការ​មិន​ស្រប​ច្បាប់​ត្រឡប់​មក​វិញ​ច្រើន​ជាង​រាល់​ដង ដោយ​ផ្អែក​លើ​ព្រះរាជក្រឹត្យ​កែ​សម្រួល​ថ្មី​ស្តី​ពី​ការ​គ្រប់​គ្រង​ការ​ធ្វើការ​របស់​ពលករ​បទេស ឆ្នាំ ២០១៧។  

ផ្សាយពាណិជ្ជកម្ម

ក្រៅ​តែ​ពី​ស្នើ​ពលករ​រក្សា​ភាព​ស្ងៀមស្ងាត់ ស្ថាន​ទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ បាន​ក្រើន​រំឮក​ដល់ពលករ​ខ្មែរ ដែល​ចង់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ត្រូវ​រៀប​ចំ​ឯកសារ​មក​ធ្វើ​ការ​ស្រប​​ច្បាប់ និងទំនាក់​ទំនង​ក្រុមហ៊ុន​ជ្រើស​រើស​ពលករ ដែល​អនុញ្ញាត​ដោយ​ក្រសួង​ការងារ​។

ទាក់​ទិន​នឹង​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ ក្រសួង​ការងារ​កម្ពុជា កាល​ពី​ថ្ងៃទី ៣០ មិថុនា ក៏​បាន​ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន ចាត់​វិធានការ​ជា​បន្ទាន់ បិទ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានអំពី​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ក្រុមហ៊ុន​ខុស​ច្បាប់ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​។ ​ជា​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន ដែល​ត្រូវ​បាន​ក្រសួង​ការងារ ចាត់​ទុក​ថា ជា​ដើម​ចម​ដែល​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ធ្លាក់ខ្លួន​ក្លាយ​ជា​ជន​រង​គ្រោះ ដោយ​សារ​មេ​ខ្យល់ ឬ​ក្រុមហ៊ុន​ខុស​ច្បាប់​ទាំង​អស់​នោះ​។

លោក អ៊ុក គីមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​បញ្ជាក់​ថា ក្រសួង​ព័ត៌​មាន​នឹង​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ​ នៅ​ដើម​សប្តាហ៍​ខាង​មុខ។ លោក សង្កត់​ធ្ងន់​ថា ក្រសួង​នឹងអនុវត្ត​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​ការងារ​ ព្រោះ​ថា មាន​តែ​ក្រសួង​ការងារ​ប៉ុណ្ណោះ ដែល​ដឹង​ថា​ក្រុមហ៊ុន​នាំ​ពលករ​ណា​មួយ​ដែល​ស្រប​ច្បាប់​ឬ​មិន​ស្រប​ច្បាប់​។

ចាប់​តាំង​ពីថ្ងៃទី ២៧ មិថុនា ដល់ថ្ងៃទី ១ កក្កដា មាន​ពលករ​ខ្មែរ​ដែល​ទៅ​ធ្វើ​ការ​ខុស​ច្បាប់ ប្រមាណ​ជា ១៥០០-២០០០ នាក់ ត្រូវ​បាន​អាជ្ញាធរ​ថៃ​បញ្ជូន​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត។ ចំនួន​នេះ មាន​ការ​កើន​ឡើង​ជាង​ធម្មតា ក្រោយ​ពេល ដែល​ប្រទេស​ថៃ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ថ្មី​៨​ចំណុច។ នេះ​បើ​តាម​លោក ង៉ោ ម៉េងជួ្រន អភិបាល​ក្រុង​ប៉ោត​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​។

ចំណុច​ទាំង​៨​នេះ បាន​ដាក់​ទោស​ទណ្ឌ​យ៉ាង​ធ្ងន់​ធ្ងរ ទាំង​ការ​ផាក​ពិន័យ និង​ដាក់​ពន្ធនាគារ ដល់​ជន​ជាតិ​ថៃ​ណា ដែល​ទទួល​ពលករ​បរទេសខុស​ច្បាប់​ទៅ​ធ្វើ​ការ។ ក៏ប៉ុន្តែព្រះរាជក្រឹត្យនេះ ត្រូវ​បាន​កែ​សម្រួល​វិញ ដោយ​បន្ថែម​ទំងន់​ទោស​ដល់​និយោជក​ដែល​ប្រើ​ប្រាស់​ពលករ​បរទេស ដែល​ពុំ​ទាន់​មាន​ឯកសារ​ស្រប​ច្បាប់ និង​ក្រុម​ហ៊ុន​នាំ​ពលករ​បរទេស​មក​ធ្វើ​ការ​ក្នុងប្រទេស​ថៃ ដោយ​ខុស​ច្បាប់​ប៉ុណ្ណោះ​។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ