ប្រតិភូសហភាពអឺរ៉ុបផ្តើមទស្សនកិច្ចស្វែងយល់ពីបញ្ហានយោបាយនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
គណៈប្រតិភូសហភាពអឺរ៉ុបបានផ្តើមទស្សនកិច្ចរបស់ខ្លួននៅថ្ងៃពុធនេះ ដោយជួបជាមួយមន្ត្រីរដ្ឋសភា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងគណបក្សកាន់អំណាច រួមទាំងគណបក្សប្រឆាំង។ ក្នុងជំនួបជាមួយសមាជិករដ្ឋសភា ប្រតិភូសហភាពអឺរ៉ុបបានចោទសួរសំណួរមួយចំនួនទៅកាន់មន្ត្រីរដ្ឋសភាកម្ពុជាទាក់ទងនឹងបញ្ហានយោបាយក្រោយការបោះឆ្នោត។ ដោយឡែកក្នុងជំនួបជាមួយបក្សសង្គ្រោះជាតិ អ៊ឺរ៉ុបគាំទ្រឱ្យសំណើររបស់បក្សប្រឆាំងស្តីពីឯករាជ្យភាពនៃគ.ជ.ប រួមទាំងការស្វែងរកភាពយុត្តិធម៌នៃការបោះឆ្នោតផងដែរ។
ដំណើរការរបស់រដ្ឋសភាដោយគ្មានវត្តមានតំណាងរាស្ត្របក្សប្រឆាំង និងលទ្ធផលនៃកិច្ចចរចារវាងគណបក្សជាប់ឆ្នោតទាំងពីរគឺជាសំណួរសំខាន់ដែលគណៈប្រតិភូសហភាពអឺរ៉ុបចោទសួរទៅកាន់មន្ត្រីរដ្ឋសភាកម្ពុជា។ សំណួរទាំងពីរនេះត្រូវបានគណៈប្រតិភូសហភាពអឺរ៉ុបលើកឡើងក្នុងជំនួបជាមួយលោកស្រី ឃួន សុដារី អនុប្រធានទី២របស់រដ្ឋសភានៅថ្ងៃពុធនេះនៅឯមន្ទីររដ្ឋសភាជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាដែលត្រូវបានចែកផ្សាយនៅក្រោយជំនួបនោះ លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា បានឆ្លើយតបថា រដ្ឋសភាកម្ពុជាត្រូវបានបង្កើតឡើងដោយស្របតាមរដ្ឋធម្មនុញ្ញទាំងស្រុង និងកំពុងដំណើរការដោយគ្មានឧបសគ្គទេ។ ពហិការរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់រដ្ឋសភាឡើយ។ ចំណែកឯកិច្ចចរចារវាងគណបក្សទាំងពីរក៏ត្រូវបានអនុប្រធានទី២របស់រដ្ឋសភាអះអាងថា បានទទួលលទ្ធផលមួយចំនួនរួចហើយ ប៉ុន្តែ គណបក្សប្រឆាំងបានប្រកាសផ្អាកការចរចាបន្ទាប់ពីជំនួបលើកចុងក្រោយកាលពីថ្ងៃទី ២៤ មីនា។
ដោយឡែក កាលពីរសៀលថ្ងៃពុធនេះដែរ ប្រតិភូសភាពអ៊ឺរ៉ុបដែលមានគ្នា៧រូប បានបន្តជួបជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និង លោកកឹម សុខា និង លោកស្រីមួរ សុខហួរ។ ក្រោយកិច្ចប្រជុំនៅស្នាក់ការស្ថានទូតរបស់សហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា រយៈពេល១ម៉ោង មកប្រធានគណបក្សសង្គ្រោះជាតិ បាននិយាយទៅកាន់អ្នកសារព័ត៌មានពីក្នុងឡានមកថា “សហភាពអ៊ឺរ៉ុបជំរុញឱ្យមានការបោះឆ្នោតដោយសេរី និង យុត្តិធម៌។
ចំណែកឯលោកស្រី មួរ សុខហួរ បានប្រាប់ទៅកាន់អ្នកសារព័ត៌មានបន្ថែមថា សមាជិកសភាសហគមន៍អ៊ឺរ៉ុប គាំទ្រសំណើររបស់គណបក្សសង្គ្រោះជាតិចំនួន៣ចំណុច ក្នុងនោះមាន ឯករាជ្យភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជ្រើសរើសគ.ជ.បដោយសម្លេងពីសមាជិកសភា ២ភាគ៣ និងការធានាសិទ្ធមនុស្ស និង លទ្ធិប្រជាធិបតេយ្យ រួមទាំងការស៊ើបអង្កេតលើការបាត់បង់ដីធ្លី និងអាជីវកម្មស្ករអំពៅរបស់លោកឧកញ៉ា លីយ៉ុងផាត់ ដែលនាំចូលទៅកាន់សភាពអ៊ឺរ៉ុបជាដើម។
សូមបញ្ជាក់ថា គណៈប្រតិភូសភាសហភាពអឺរ៉ុបដែលមានគ្នា ៧ នាក់បានមកដល់ភ្នំពេញកាលពីល្ងាចថ្ងៃអង្គារដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល ៤ ថ្ងៃនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះគឺដើម្បីសិក្សាអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងសភាសហគមន៍អឺរ៉ុបនិងកម្ពុជា និងក៏ដើម្បីស្វែងយល់អំពីគម្រោងទាំងឡាយ ដែលទ្រទ្រង់ថវិកាដោយសហគមន៍អឺរ៉ុប ដូចជាសាលាក្តីខ្មែរក្រហម ការរៀបចំការបោះឆ្នោតសកល ដំណោះស្រាយដីធ្លី និងបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាជាដើម។
សមាជិកសភាអឺរ៉ុប ក៏ត្រូវស្វែងយល់ពីផលប៉ះពាល់ទាំងឡាយ ដែលកើតចេញពីគម្រោងផលិតទំនិញផ្សេងៗ ដើម្បីយកទៅលក់នៅលើទីផ្សារអឺរ៉ុប ព្រមទាំងផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍ទៅលើប្រជាពលរដ្ឋ ក្នុងសហគមន៍នានាផងដែរ។ នេះបើតាមការបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី ២៤ មីនា។
ដើម្បីស្វែងយល់ពីបញ្ហាទាំងនោះ គណៈប្រតិភូសភាអឺរ៉ុប ត្រូវជួបពិភាក្សាការងារជាមួយមន្ត្រីនយោបាយកំពូល និងថ្នាក់ដឹកនាំសំខាន់ៗមកពីបក្សកាន់អំណាច មានជាអាទិ៍ លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេសរដ្ឋសភា អគ្គលេខាគណបក្សប្រជាជនកម្ពុជា លោក សាយ ឈុំ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ