កម្ពុជា-សេដ្ឋកិច្ច

សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​អនុវត្ត​ដំណើរ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​ តែ​ទុក​ទ្វារ​ចរចា​

លោកស្រី Cecilia Malstrom ស្នងការអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម
លោកស្រី Cecilia Malstrom ស្នងការអឺរ៉ុបសម្រាប់ពាណិជ្ជកម្ម @Stephanie Lecocq

សហភាព​អឺ​រ៉ុប​បាន​បញ្ជាក់​ជំហ​រ​​​ជាថ្មី​​ទៀត​​​ថា​​​ ខ្លួន​ចាប់​ផ្តើម​​អនុវត្ត​ដំណើរ​ការ​​ដក​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ​​​ដល់​​​កម្ពុជា​​ តែថា​នៅ​​​​បើក​​ទ្វារ​​​ចំហ​​​សម្រាប់​​​ការ​​​សន្ទនា​​​ទាក់​ទង​​នឹង​​ការ​​​បន្ត​​​​គោល​​នយោបាយ​​អនុគ្រោះ​​ពន្ធ​ដល់​កម្ពុជា​ក្នុង​ការ​នាំ​ទំនិញ​​ទៅកាន់​ទីផ្សារ​ប្រទេស​លោក​សេរី​ ដោយ​រួច​ពន្ធ​។​​ ជា​មួយ​គ្នា​នេះ​ ​សហភាព​​អឺ​រ៉ុប​ បាន​ព្រមាន​ថា​ ការ​​អនុគ្រោះពន្ធ​នឹង​ត្រូវ​​​បញ្ចប់​​ បើ​​កម្ពុជា​មិន​កែ​លម្អ​ ផ្នែក​សិទ្ធិ​មនុស្ស​។​ នេះ​ជាការ​លើក​ឡើង​​របស់​លោក​ស្រី ​​Cecilia ​Malstrom​ ស្នងការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម​ ខណៈ​លោកស្រី​ចូល​រួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រៅផ្លូវ​ការ​មួយ​នៅ​ប្រទេស​អូទ្រីស​កាល​ពី​ម្សិល​មិញ​។​

ផ្សាយពាណិជ្ជកម្ម

«ដោយ​មិន​ចាំ​បាច់​រៀប​រាប់​បន្ត​ទៀត​ យើង​នឹង​រក្សា​កា​ណាល់​នៃ​ការ​សន្ទនា​ជាមួយ​ប្រទេស​ទាំង​ពីរ​នេះ​ឲ្យ​នៅ​បើក​ចំហ​​ ​ហើយ​យើង​ក៏​នឹង​ជូន​ដំណឹង​ទៅ​រដ្ឋ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប ​អំពី​ជំហាន​បន្ទាប់​ទៀត​»​។​ នេះ​ជា​ការ​​លើក​ឡើង​​របស់​​លោកស្រី ​Cecilia​ Malstrom​ ស្នងការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម​ ដោយ​បញ្ជាក់​ចំៗ​មកកាន់​​ប្រទេស​កម្ពុជា ​និង​ប្រទេស​ភូមា​។​

លោកស្រី ​Cecilia​ Malstrom​ បាន​គូស​បញ្ជាក់ថា​ ប្រទេស​ទាំងពីរ​នេះមិន​ទាន់​ស្ថិត​នៅ​មុខមាត់​ជ្រោះ​នៅ​ឡើយ​ទេ​ ពោល​គឺ​នៅតែ​មាន​ពេល​វេលា​សម្រាប់​​ប្រទេស​កម្ពុជា ​និងភូមា​ ដើម្បីដក​ខ្លួន​ចេញ​ពី​មាត់​ចំណោត​នេះ​។​ ទោះ​ជាយ៉ាងនេះ​ក្តី ​លោកស្រី​បាន​ព្រមានថា​ «ផល​វិបាក​នៃដំណើរ​ការ​សម្រាប់​ប្រទេស​ទាំង​ពីរ​នេះ ​នឹងបាន​ឃើញ​ច្បាស់​នឹង​ភ្នែក​​ជា​មិន​ខា​ន»​។​

ពីក្នុងទីក្រុង​ Innsbruck​ នៃ​ប្រទេស​អូទ្រីស ​ជាកន្លែង​ដែល​មាន​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រៅផ្លូវ​ការ ​ស្នង​ការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជ​កម្ម​រូបនេះ​ បាន​បញ្ជាក់​ថា ​នេះ​ជាមធ្យោបាយ​ឆ្ពោះទៅ​មុ​ខ​ដើម្បីកំណែ​ទម្រង់​ចាំបាច់​បំផុត​ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ (WTO)​។ ​ជា​របៀប​វារៈ​សំខាន់របស់​សហភាព​អឺ​រ៉ុប​ ក៏ដូចជា​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ជាមួយនឹង​សហរដ្ឋ​អាមេរិក​ផងដែរ​។

​ប៉ុន្តែ​​លោកស្រី ​Cecilia​ Malstrom​ បញ្ជាក់ថា ​របៀប​វារៈ​​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​នៅភូមា ​និង​កម្ពុជា​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាន​កាល​ពីម្សិលមិញ​។​

ករណីភូមា​ សហភាព​​អឺ​រ៉ុប​បាន​ឃើញ​ស្ថានការណ៍​ព្រួយបារម្ភ​និង​ធ្ងន់ធ្ងរ​ចំពោះ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីនយ៉ា(Rohingya)​។​​ ចំ​ណែក​នៅ​​កម្ពុជា​ សហភាព​អ៊ឺរ៉ុប​ បាន​កត់​សំគាល់​ថា​ «​កំពុង​ឃើញ​​ការ​វិវត្តន៍​ប្រកប​ដោយ​បញ្ហា​ខ្លាំង​ ដោយ​គ្មាន​ការ​កែ​លម្អ​គួរ​ឲ្យទុក​ចិត្ត​បាន​ឡើយ​»​។

​ការ​រំលោភ​ធ្ងន់​ធ្ងរ​និង​ជា​ប្រព័ន្ធ​ ​សេរីភាពខាងការបញ្ចេញមតិ ​សិទ្ធិការងារ ​និង​សេរីភាព​ខាងសមាគម ​ដែលកើតឡើងជាយូរមកហើយរាប់ទាំងសិទ្ធិកម្មករ និង​ការ​​ដណ្តើម​​យក​​ដីធ្លី​ដែល​ទាំង​នេះ​គឺ​ជាការ​គូស​បញ្ជាក់ជា​ថ្មី​ទៀត​របស់​លោក​ស្រី​ស្នង​ការ​អឺរ៉ុប​សម្រាប់​ពាណិជ្ជកម្ម​។​

យ៉ាងណាក៏ដោយ លោកស្រី Cecilia Malstrom បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងស្ថិតក្នុងជំហានមួយបន្តក្នុងដំណើរការវាយតម្លៃពីសហភាព​អឺ​រ៉ុប​ ដោយសារ​តែការ​ធ្វើដំណើរថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ។​ ការ​ដើរថយ​ក្រោយ ដែលមន្រ្តី​​សហភាព​អឺរ៉ុប​​បាន​មក​កាន់​ប្រទេសកម្ពុជា ហើយកត់សំគាល់ថា មានការរុកគួន និង​ការ​បំភិត​បំភ័យ ​​ការរឹតបន្តឹង​ពាក់ព័ន្ធនឹងសិទ្ធិនយោបាយដ៏សំខាន់។​

នៅក្រោម​​បញ្ហា​ទាំងនេះ​ ទើប​​សហភាព​អឺ​រ៉ុប​បានជូន​ដំណឹង​ទៅ​ប្រទេស​កម្ពុជាថា​ខ្លួន​«កំពុង​អនុវត្ត​ដំណើរការ​សម្រាប់​ការ​ដក​ហូតនូវ​ការអនុគ្រោះ​អ្វីៗ​ទាំង​អស់​លើក​លែង​តែ​សព្វាវុធ​ បើសិន​ជាគ្មាន​ការ​កែលម្អ​ច្បាស់​លាស់​និង​ជាភស្តុតាង​ជាក់​ស្តែង​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI