កម្ពុជា-ច្បាប់

ក្រុមគ្រួសារស្វែងរកការដោះលែងសកម្មជនបរិស្ថាន២នាក់បន្ទាប់ពីជាប់ឃុំ៤ខែ

រូបគំនូរសកម្មជនបរិស្ថាន ហ៊ុន វណ្ណៈ និង ឌឹម គុណឌី
រូបគំនូរសកម្មជនបរិស្ថាន ហ៊ុន វណ្ណៈ និង ឌឹម គុណឌី @សហការី

ក្រុម​គ្រួសារ​សកម្មជន​អតីត​អង្គការ​មាតា​ធម្មជាតិ ស្វែង​រក​អន្តរាគមន៍​ពី​អាជ្ញាធ​រដ្ឋាភិបាល​នៅព្រឹក​ថ្ងៃនេះ ដើម្បី​ទាមទារសុំ​ដោះលែង​កូន​ប្រុស​ពីរ​នាក់​របស់​ពួកគេ ដែល​ត្រូវបាន​តុលាការ​ខេត្ត​កោះ​កុង ឃុំខ្លួន​បណ្តោះ​អាសន្ន ច្រើន​ខែ​មក​នេះ បន្ទាប់​ពី​សកម្មជន​បរិស្ថាន​ទាំងនោះ នាំ​គ្នា​ថតកប៉ាល់​ដឹក​ខ្សាច់​នៅ​ខេត្ត​កោះកុង។ បើ​តាម​សកម្មជន​បរិស្ថាន ការ​ឃុំ​ខ្លួន​ពួកគេ​ទាំង​ពីរ​នាក់​នេះជា​រឿង​អយុត្តិធម៌ ដោយ​អះអាង​ថា​សកម្មជន​ទាំងនោះ​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​ទៅតាម​ការ​អំពាវ​នាវ​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន​។

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​របស់​ក្រុម​គ្រួសារ​នៅពេលនេះ បាន​ធ្វើឡើង​បន្ទាប់ពី​សកម្មជន​បរិស្ថាន​ទាំងពីរ​រូប​នោះ​គឺ​លោក ឌឹ​ម គុណ​ឌី និង​លោក ហ៊ុន វណ្ណៈ ត្រូវ​បាន​បញ្ជួន​ទៅ​កាន់​ពន្ធនាគារ​ព្រែក​ស្វាយ ក្នុង​ខេត្ត​កោះកុង តាំងពី​ថ្ងៃទី​១៤​ខែ​កញ្ញាឆ្នាំ​២០១៧ ពោល​មាន​រយៈពេល​ជិត​៤​ខែ​មក​ហើយ។

ការ​​ឃុំខ្លួន​បណ្តោះអាសន្ន​លើ​សកម្មជនទាំងពីរ​នាក់​នេះ ដោយ​តុលាការ​ខេត្តកោះកុង​ធ្វើ​ឡើង​ក្រោម​បទ​ចោទ​ទី១ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ទី​២.​ធ្វើឱ្យប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល​។​

​ការដែល​តុលាការ​ចោទប្រកាន់បែបនេះ គឺបន្ទាប់ពីសកម្មជន​អតីត​អង្គការ​មាតា​ធម្មជាតិ​ទាំងពីររូបនេះ បាន​ថត​សកម្មភាព​កប៉ាល់​ដឹក​ខ្សាច់ ស្ថិតនៅ​តំបន់​ក្រុមហ៊ុន Koh Kong SEZ ក្នុង​ស្រុក​គិរីសាគរ ខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី​១២ កញ្ញាឆ្នាំទៅមិញ។​

សកម្មជនបរិស្ថានដែលជូនដំណើរ​ក្រុម​គ្រួសាររបស់​លោក ឌឹ​ម គុណ​ឌី និង​លោក ហ៊ុន វណ្ណៈ មកដាក់​ញត្តិ​សុំអន្តរាគមន៍ពីក្រសួង​បរិស្ថាន ខុទ្ទកាល័យនាយក​រដ្ឋមន្រ្តី និង​ក្រសួង​រ៉ែ នៅថ្ងៃទី១៨​ខែមករា បានហៅការឃុំខ្លួនពួកគេទាំង​ពីរ​នាក់​នេះថា ជារឿងអយុត្តិធម៌ ដោយអះអាងថា​សកម្មជនទាំងនោះធ្វើសកម្មភាព​ការពារ​បរិស្ថាន​ទៅតាម​ការ​អំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

មន្រ្តីក្រសួងបរិស្ថានក្រៅពីចេញមកទទួលញត្តិសុំអន្តរាគមន៍នេះ នៅមិនទាន់មានការ​ឆ្លើយតប​យ៉ាងណានៅឡើយ។

ទាក់ទងនឹង​សំណុំរឿងនេះដែរ កាលពីចុងឆ្នាំ២០១៧ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២២​ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយដោយស្នើ​ឲ្យ​អាជ្ញាធរ​ដោះលែង​លោក​ ហ៊ុន វណ្ណៈ​ និង​លោក​ ឌឹម​ គុណឌី ​ជា​សកម្មជនបរិស្ថាន​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​អង្គការ​មាតា​ធម្មជាតិ​ ដែល​ទើប​តែ​ត្រូវបាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​របស់​ក្រសួង​មហាផ្ទៃ​នា​ពេល​ថ្មីៗនេះ។​

ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​បញ្ជាក់​ថា​ ​សកម្មជន​បរិស្ថាន​ទាំងពីរ​ ត្រូវ​បាន​ឃុំ​ខ្លួន​ពុំ​សម​ហេតុ​ផល​ ទាក់​ទិន​នឹង​បទចោទ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។​

ការ​ឃាត់​ ​និង​ការ​ឃុំខ្លួន​យុវជន​ទាំង​ពីរ​នាក់​នោះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ ​កាលពី​ថ្ងៃទី​១១​ ​ខែ​កញ្ញា​ ​ឆ្នាំ​ ២០១៧​ បាន​ចេញ​ផ្សាយ​វីដេអូ​មួយ​ទាក់ទង​នឹង​ការ​រក​ឃើញ​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ចេញ​ខ្សាច់​ស៊ីលីកា​ ​ឬ​ខ្សាច់​ស​ ​ទៅ​កោះ​តៃវ៉ាន់​ចំនួន​ជាង​១​លានតោន​ ​ដែល​គិត​ជា​ទឹក​ប្រាក់​ជាង​៣០​លាន​ដុល្លារ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI