ទឹកជំនន់បុកចូលក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ អ្នកទោសរាប់រយនាក់ត្រូវជម្លៀសចេញ
ក្រោយពីបានវាយប្រហារផ្ទះប្រជាជន សាលារៀន មន្ទីរពេទ្យ និង វត្តអារាម ទឹកជំនន់ក៏បានវាយប្រហារទៅលើពន្ធនាគារខេត្តបន្ទាយមានជ័យផងដែរ។ ជញ្ជាំងពន្ធនាគារត្រូវបានទម្លាយដោយទឹកជំនន់ និង បានបង្ខំឲ្យសមត្ថកិច្ចជម្លៀសអ្នកជាប់ឃុំឃាំងប្រមាណ ១០០០ ទៅកាន់ខេត្តបាត់ដំបង និង សៀមរាប។
ចុះផ្សាយនៅថ្ងៃ៖
អ្នកទោសប្រមាណ ១០០០ នាក់ត្រូវបានជម្លៀសចេញពីពន្ធនាគារខេត្តបន្ទាយមានជ័យនៅថ្ងៃព្រហស្បតិ៍ទី ១០ តុលា នេះ បន្ទាប់ទឹកជំនន់បានបំបាក់ជញ្ជាំងពន្ធនាគារខេត្តនៅម៉ោង ១ និង ១០នាទីរសៀល។ នេះបើតាម លោក ស៊ុំ ចាន់គារ មន្ត្រីសម្របសម្រួល នៃសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យ។
មន្ត្រីសម្របសម្រួល នៃសមាគមសិទ្ធិមនុស្ស អាដហុក ប្រចាំខេត្តបន្ទាយមានជ័យនេះដដែល បានប្រាប់វិទ្យុបារាំងអន្តរជាតិថា អ្នកទោសទាំងអស់ត្រូវបានអាជ្ញាជម្លៀសទៅកាន់ខេត្តបាត់ដំបងចំនួន ៥០០នាក់ និង ខេត្តសៀមរាបចំនួន ៤៤២ នាក់។
គួរបញ្ជាក់ថា ទឹកជំនន់ដែលមានកម្ពស់ចន្លោះពី ១ ម៉ែត្រកន្លះ និង ១ម៉ែត្រ ៧០ បានលិចចូលទៅក្នុងបន្ទប់ពន្ធនាគារ ដែលកម្ពស់ទឹកនេះធ្វើឲ្យលិចត្រឹមក្លៀក និងត្រឹមករបស់អ្នកជាប់ឃុំឃាំងទាំងឡាយ។ មិនតែប៉ុណ្ណោះឯកសារមួយចំនួនរបស់ប្រធានពន្ធនាគារក៏ត្រូវបានទទឹកផងដែរ។
លោក សាត់ សាឌី ស្នងការខេត្តសៀមរាបបានបញ្ជាក់ថា ការជម្លៀសជនជាប់ឃុំឃាំងពីខេត្តបន្ទាយមានជ័យមកកាន់ខេត្តសៀមរាប ពិតជាមានប្រាកដមែន។ ចំណែក លោកស្រី ម៉ៅ យិន អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា ក្រុមការងារលោកស្រី នឹងចុះទៅសួរសុខទុក្ខ អ្នកជាប់ពន្ធនាគារនៅខេត្តសៀមរាបទាំងអស់នៅថ្ងៃសុក្រ។
យ៉ាងណាក៏ដោយ លោក ស៊ុំ សុខគារ បានបន្តថា មកដល់ម៉ោង ៥ និង ៣០នាទីល្ងាចនេះ ការជម្លៀសអ្នកជាប់ពន្ធនាគារនៅខេត្តបន្ទាយមានជ័យនៅមិនទាន់បញ្ចប់នៅឡើយទេ។ ភាពយឺតយ៉ាវនេះគឺ ដោយសារតែមន្ត្រីពន្ធនាគារត្រូវហៅឈ្មោះអ្នកជាប់ឃុំឃាំងឲ្យចេញមកក្រៅម្នាក់ម្ដង។ លោកបានរិះគន់ថា មន្ត្រីពន្ធនាគារមិនបានយកចិត្តទុកដាក់ចំពោះអ្នកទោសទាំងឡាយក្នុងពេលមានទឹកជំនន់ធំបែបនេះ ដោយមន្ត្រីពន្ធនាគារទាំងនោះសំអាងថាទឹកជំនន់រាល់ឆ្នាំមិនបានប៉ះពាល់ធ្ងន់ធ្ងរទេ។
យ៉ាងណាក៏ដោយ មុនពេលដែលទឹកជំនន់បំបាក់ជញ្ជាំងពន្ធនាគារ មន្ត្រីពន្ធនាគារកំពុងតែបូបទឹកនៅក្នុងបរិវេណពន្ធនាគារចេញទៅក្រៅដែរ តែមិនអាចជួយសង្គ្រោះសភាពការណ៍បានទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ