អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ព្រមាន​បរទេស​កុំ​ឲ្យ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា

លោក ឈាង វុន ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា
លោក ឈាង វុន ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា ©Siv Channa
ដោយ៖ ស៊ុន មេសា
១៦ នាទី

រដ្ឋសភាជាតិកម្ពុជានៅថ្ងៃ៩ មិថុនានេះ បានព្រមាន​បរទេស​កុំ​លូកដៃចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុងរបស់កម្ពុជា។នេះជា​ការប្រកាស​របស់​លោក ឈាង វុន ប្រធាន​គណៈកម្មាការ​កិច្ចការ​បរទេស របស់​រដ្ឋសភា នៅក្នុង សន្និសីទ​កាសែត នៅក្នុង​រដ្ឋសភា។ គួរ​បញ្ជាក់​ថា លោក​ឈាង វុន​ប្រកាស​យ៉ាង​ដូច្នេះ បន្ទាប់ពី​សេចក្តីប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍ ដែល​លើក​ឡើង​ថា ការបញ្ឈប់​បេក្ខភាព​បក្ស​ប្រឆាំង នៅពេល​នេះ គឺ ផ្ទុយ​ពី​លទ្ធិ​ប្រជាធិបតេយ្យ។ 

ផ្សាយពាណិជ្ជកម្ម

រដ្ឋសភា​ជាតិកម្ពុជា​ នៅព្រឹក​ថ្ងៃទី10 មិថុនា​នេះ បាន​ព្រមាន​បរទេស​មិន​ឱ្យលូក​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ ការព្រមាន​ធ្វើឡើង ក្រោយ​ពេល​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ចេញ​សេចក្តីថ្លែងការណ៍​របស់ខ្លួន​ថា សហរដ្ឋអាមរិក​មានក្តី​ព្រួយបារម្ភ​ពី​ការបាត់បង់​សមាជិកភាព​របស់​បក្ស​ប្រឆាំង នៅក្នុង​សភាជាតិ ដែល​អាមេរិក​អះអាង​ថា ប្រាស​ចាក​ពី​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ។

លោក ឈាង វុន ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​រដ្ឋសភា​បាន​ថ្លែង ក្នុង​សន្និសីទ​កាសែត​របស់ខ្លួន​ក្នុង​សភា​ថា ការបញ្ចប់​សុពលភាព​បេក្ខភាព​របស់​គណបក្ស​ប្រឆាំង ២៩រូប​មក​ពី​គណបក្ស​សម រង្ស៊ី គណបក្ស សិទ្ធិមនុស្ស និង គណបក្ស​នរោត្តម រណរិទ្ធិ គឺ​អនុលោម​តាមច្បាប់​នៃ​រដ្ឋធម្មនុញ្ញ និងលក្ខន្តិកៈ រួម​ទាំងបទ​បញ្ជាផ្ទៃ​ក្នុង​របស់​រដ្ឋសភា។

លោក​បានអះអាង​ថា សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក គឺ​មិនបាន​ពិនិត្យ​មើល​ច្បាប់​រដ្ឋធម្មនុញ្ញ​របស់កម្ពុជា​ដែល​ជា​ច្បាប់​កំពូល​នោះទេ។ លោក សង្កត់ធ្ងន់​ថា កម្ពុជា​មិនអាច​ធ្វើតាម​ការបញ្ជា​របស់​អាមេរិក និង​បំពេញចិត្ត​អាមេរិក​បានឡើយ ព្រោះ​នេះ​ជាចរិត​អាណានិគម។

ការបញ្ឈប់​បេក្ខភាព​សមាជិក​ទាំង​២៩រូបនោះ ត្រូវ​បាន​លោក​ឈាង វុន​បញ្ជាក់​ថា ចាប់ផ្តើម​ពី​ខែមិថុនា​នេះតទៅ ហើយ​សមាជិក​ទាំងនោះ មិនត្រូវ​បាន​ទទួល​ប្រាក់បៀវត្ស​ពី​រដ្ឋសភា​ជាតិ​បន្តទៀត​ឡើយ។

ទាក់ទង​នឹង​ការបញ្ឈប់​បេក្ខភាព និង​បង្កក​បា្រក់បៀវត្ស​របស់​សមាជិក​គណបក្ស​ប្រឆាំង លោក សុន ឆ័យ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បញ្ឈប់​បេក្ខភាព​ពី​សមាជិក​សភា​ដែរ​នោះ បាន​បញ្ជាក់​ថា គ្មាន​មាត្រា​ណាមួយ​នៃ​ច្បាប់ ចែង​ថា នឹង​បង្កក​ប្រាក់ខែ​តំណាងរាស្ត្រ ក្រោយ​ពេល​តំណាងរាស្ត្រ​ម្នាក់​ចាកចេញ​ពី​គណបក្ស​មួយ​ទៅកាន់​គណបក្ស​មួយផ្សេង​ទៀត ក្នុង​រយៈពេល​៦ខែ​នោះទេ។ លោក អះអាង​ថា ការដែល​សមាជិក​គណបក្ស​សម រង្ស៊ី និង​បក្ស សិទ្ធមនុស្ស ទៅចូលរួម​ក្នុង​បក្ស​សង្គ្រោះជាតិ​ថ្មី នៅថ្ងៃទី ៧ ខែមេសា គឺ មានរយៈពេល​តិច​ជាង ៦​ខែ​ដូច្នេះ សភា​មិនអាច​បង្កក​ប្រាក់ខែ​បានទេ។

សូមរំលឹក​ថា លោក​ឈាង វុន នៅព្រឹកមិញនេះ មិន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន សំភាសន៍​លោក ស៊ុន ឆ័យ​ដែល​ចូលរួម​ស្តាប់​សន្នីសីទ កាសែត​របស់​លោក ឈាងវុន
នៅ​ក្នុង​សភា​ដែរ​ទេ ព្រោះ​បើ​តាម​លោក​ឈាង វុន លោក​សុន ឆ័យ មិនមែន​ជា​សមាជិក​សភា​ទៀត​នោះទេ។

ទន្ទឹម​នឹង​ការព្រមាន​របស់​រដ្ឋសភា​ជាតិ មិន​ឱ្យបរទេស​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជានោះក្រសួង​ការបរទេស​កម្ពុជា​ឯណោះវិញ ក៏បាន​ព្រមាន​មិន​ឱ្យ​ស្ថានទូត​បរទេស​ទាំងអស់ នៅ​ទីក្រុងភ្នំពេញ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​នោះដែរ៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ