រដ្ឋាភិបាលថានឹងទិញអគ្គីសនីក្នុងតម្លៃខ្ពស់ពីស្ថាប័នឯកជនដែលបញ្ចេញម៉ាស៊ីនភ្លើងប្រើជំនួសភ្លើងរដ្ឋ
ឆ្លើយតបនឹងបញ្ហាខ្វះអគ្គីសនីប្រើប្រាស់នៅកម្ពុជា នាពេលនេះ រដ្ឋាភិបាលបានអំពាវនាវជាថ្មីទៀត ឲ្យស្ថាប័នឯកជនបញ្ចេញម៉ាស៊ីនភ្លើងផ្ទាល់ខ្លួនមកប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសន្សំសំចៃអគ្គីសនីរបស់រដ្ឋទុកសម្រាប់ប្រជាជនប្រើប្រាស់។ បើតាមអ្នកនាំពាក្យរដ្ឋាភិបាល រដ្ឋនឹងទូទាត់ថវិកាសងថ្លៃអគ្គីសនីឲ្យទៅស្ថាប័នឯកជនវិញក្នុងតម្លៃខ្ពស់ជាងថ្លៃអគ្គីសនីដែលរដ្ឋលក់ឲ្យឯកជន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងសន្និសិទសារព័ត៌មាន នៅរសៀលថ្ងៃសុក្រ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា រដ្ឋនឹងទិញអគ្គីសនីពីស្ថាប័នឯកជន ដូចជា សណ្ឋាគារធំៗ ឬអគារពាណិជ្ជកម្ម ក្នុងតម្លៃមួយខ្ពស់ជាងតម្លៃអគ្គីសនីដែលរដ្ឋលក់ទៅឲ្យឯកជនប្រើប្រាស់។ ការធ្វើបែបនេះ បើតាមរដ្ឋាភិបាល ជាការជួយសន្សំសំចៃអគ្គីសនីរបស់រដ្ឋ ទុកឲ្យពលរដ្ឋប្រើប្រាស់ ខណៈតម្រូវការកើនឡើងក្នុងរដូវក្តៅខ្លាំងនេះ។
ជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក ទី ណារិន បានឲ្យដឹងថា ក្នុងមួយថ្ងៃកម្ពុជា ប្រើអគ្គីសនីអស់២៥,៥លានគីឡូវ៉ាត់ម៉ោងនៅឆ្នាំ២០១៨ ហើយបានកើនឡើងដល់២៦ទៅ៣០លានគីឡូវ៉ាត់ម៉ោងនៅរដូវក្តៅក្នុងឆ្នាំ២០១៩នេះ។ ចំណែកបញ្ហាដែលខ្វះអគ្គីសនី ត្រូវបានលោក ទី ណារិន គឺបណ្តាលមកពីខ្វះទឹកនៅតំបន់វារីអគ្គីសនីដែលមានស្រាប់ ស្របពេលដែលតម្រូវការអគ្គីសនីកើនឡើងក្នុងរដូវក្តៅ។
នៅចំពោះមុខបញ្ហាខ្វះអគ្គីសនីនេះ លោក ទី ណារិន រដ្ឋាភិបាលកម្ពុជាបានស្វែងរកទិញអគ្គីសនីពីប្រទេសថៃ វៀតណាម និងឡាវ ខណៈកំពុងតែរង់ចាំពីការឆ្លើយតបពីប្រទេសតួគីដើម្បីនាំមកនូវនាវា ដែលផ្ទុកទៅដោយម៉ាស៊ីនភ្លើង សម្រាប់បញ្ឆេះផ្គត់ផ្គង់ថាមពលអគ្គិសនីបណ្ដោះអាសន្ននៅកម្ពុជា។
ចាប់តាំងរដូវប្រាំងចូលមក កម្ពុជាខ្វះខាតអគ្គិសនី៤០០មេហ្គាវ៉ាត់។ សូមបញ្ជាក់ជូនថា ក្នុងមួយឆ្នាំ កម្ពុជាប្រើប្រាស់ថាមពលអគ្គិសនីជាង១០ពាន់លានគីឡូវ៉ាត់ខណៈការប្រើប្រាស់ប្រចាំថ្ងៃមានចំនួនជិត២ពាន់មេហ្គាវ៉ាត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ