ក្រសួងព័ត៌មានអនុញ្ញាតឱ្យមានការផ្សាយបន្តវិទ្យុបរទេសជាខេមរភាសាឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទីបំផុតទៅ ក្រសួងព័ត៌មានបានលុបចោលនូវបម្រាម ហាមវិទ្យុFM ក្នុងស្រុកទាំងអស់មិនឱ្យផ្សាយបន្តនូវកម្មវិធីព័ត៌មានរបស់វិទ្យុបរទេសជាខេមរភាសា រួមមាន វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ វិទ្យុបារាំង RFI និងវិទ្យុអូស្ត្រាលី។ សេចក្តីសម្រេចនោះ ត្រូវបានប្រកាសកាលពីយប់ថ្ងៃទី២៩ មិថុនាតាមកញ្ចក់ទូរទស្សន៍ជាតិ។ មូលហេតុ ត្រូវបានក្រសួងព័ត៌មាន លើកឡើងថាមកពីមានសំណូមពរពីម្ចាស់ស្ថានីយវិទ្យុ។
ប៉ុន្តែក្រសួងព័ត៌មានក៏មិនភ្លេច រម្លឹកឱ្យម្ចាស់ស្ថានីយវិទ្យុទាំងអស់ គោរពនូវសេចក្តីប្រកាសរបស់ខ្លួនចុះថ្ងៃទី២១ មិថុនា។ នោះគឺការគោរពនូវបទបញ្ជា និងនីតិវិធីដោយជៀសវាងការផ្សព្វផ្សាយព័ត៌មានណាដែលនាំឱ្យប៉ះពាល់ដល់ដំណើររៀបចំការបោះឆ្នោត ដូចជា ការផ្សាយនូវការស្ទង់មតិមហាជន អំពីការបោះឆ្នោតជាដើម។
នៅព្រឹកព្រលឹមថ្ងៃអាទិត្យទី៣០ មិថុនានេះ គេអាចស្តាប់ ឮឡើងវិញហើយនូវការផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងវិទ្យុវីអូអេ តាមវិទ្យុFM នៅភ្នំពេញ និងនៅតាមបណ្តាខេត្តនានា មានដូចជា វិទ្យុសំបុកឃ្មុំ FM105 វិទ្យុFM 102 និងវិទ្យុ FM 93.5 ជាដើម។
ជាការកត់សម្គាល់ វិធានការរបស់ក្រសួងព័ត៌មាន ដែលបានបញ្ជាឱ្យបិទការផ្សាយបន្តវិទ្យុបរទេស ជាខេមរភាសា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត ដែលមានរយៈពេល ៣១ថ្ងៃ ចាប់ថ្ងៃទី២៨ មិថុនាម្សិលមិញ គឺមានប្រតិកម្មយ៉ាងខ្លាំងក្លា ពីមហាជន អង្គការវិជ្ជាជីវៈសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្សមកពីគ្រប់ទិសទី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ