កម្ពុជា-នយោបាយ

លោក សម រង្ស៊ី ថា លោក ហុង សុខហួរ ត្រូវ​ដោះ​លែង​ដោយ​សារ​សម្ពាធអន្ដរជាតិ តែបក្ស​កាន់​អំណាច​បដិសេធ

លោកហុង សុខហួរ អតីតព្រឹទ្ធសមាជិកគណបក្ស សម រង្សី
លោកហុង សុខហួរ អតីតព្រឹទ្ធសមាជិកគណបក្ស សម រង្សី rfi

ភ្លាមៗ​ក្រោយ​ការ​ដោះ​លែង លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​​ភ្លើង​ទៀន នៅ​ថ្ងៃ​ទី​២៥​ខែ​តុលា​ម្សិលមិញ លោក សម រង្ស៊ី បាន​ចាត់​ទុក​ការ​ដោះ​លែង​នេះ ថា​កើត​ឡើង​ដោយ​សារ​តែ​មាន​សម្ពាធ​ពី​អន្តរជាតិ។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បដិសេធ​។ លោក សុខ ឥសាន អ្នកនាំ​ពាក្យ​គណបក្សប្រជាជនកម្ពុជា បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា ការ​ដោះលែងលោក ហុង សុខហួរ គឺ​ជា​មនោសញ្ចេតនា​យោគយល់​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះ​លោក ហុង សុខហួរ ទេ។ 

ផ្សាយពាណិជ្ជកម្ម

លោក សុខ ឥសាន គូសបញ្ជាក់ថា សម្ពាធ​អន្តរជាតិ​គ្មាន​ឥទ្ធិពល​មក​លើ​រដ្ឋាភិបាល​កម្ពុ​ជា​ទេ។ លោក​បាន​ព្រលយ​ទៀត​ថា ប្រសិន​បើ​លោក សម រង្ស៊ី និយាយ​ពី​សម្ពាធ​អន្ដរ​ជាតិ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ខ្លាច នោះ​លោក ហុង សុខហួរ ទំនង​ជា​មិន​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​​ទី​២៥​តុលា​ឡើយ។

បើ​តាម​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ការ​ដោះ​លែង​លោក ហុង សុខហួរ ធ្វើ​ឡើង​ផ្អែក​លើ​ច្បាប់ តាម​រយៈ​ការ​សូមទោស​ដែល​មាន​ខ្លឹមសារ​ទទួល​ស្គាល់​នូវ​ពាក្យ​សម្ដី​ខ្លួន​ផ្ញើ​ជូន​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ខ្លឹម​នៃ​សំបុត្រ​នេះ គឺ​ជា​អ្វី​ដែល​ជំរុញ​ឲ្យ​លោកនាយករដ្ឋមន្ត្រី ប្រើ​ប្រាស់​មនោស​សញ្ចេតនា​ និង​ក្រមសីលធម៌​នយោបាយ​ផ្ទាល់​ខ្លួន ឈាន​ទៅ​ដល់​ការ​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រព្រះ​រាជទាន​លើក​លែង​ទោ​ស​​ឲ្យ​លោក ហុង សុខហួរ​។ នេះ​បើ​តាម​លោក សុខ ឥសាន។

ចំណែក​លោក ហុង សុខហួរ អតីត​ព្រឹទ្ធសមាជិក​គណបក្ស​ភ្លើង​ទៀន បាន​ថ្លែង​ក្រោយ​ការ​​ចេញ​ពី​ពន្ធនាគារ​នៅ​យប់​ថ្ងៃ​ទី​២៥​តុលា​ថា លិខិត​សូមទោស​របស់​លោក​ផ្ញើ​ទៅ​កាន់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​ជា​កាយ​វិការ​គួរ​សម។

តែ​បើ​តាម​សំណេរ​ខ្លី​របស់​លោក សម រង្ស៊ី ក្នុង​ទំព័រ​ហ្វេស​បុក សម្ពាធ​អន្តរជាតិ ចាប់ផ្តើម​មាន​ប្រសិទ្ធ​ភាព​លើ​រដ្ឋាភិបាល​កម្ពុជា ព្រោះ​ក្នុង​ចំណោម​អ្នក​ទោស​នយោបាយ​រាប់សិប​នាក់ លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​មកពីគ​ណបក្ស​ភ្លើង​ទៀន ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​មុនគេ។

បន្ថែម​ពី​លើ​នេះ ទាំង​លោក សម រង្ស៊ី និង​លោក ហុង សុខហួរ ហាក់បី​ដូចជា​មាន​សង្ឃឹម​ថា នឹង​មាន​ការ​ដោះ​លែង​សហការី​១៥​នាក់​ផ្សេង​ទៀត​ បូក​រួម​ទាំង​លោក អ៊ុំ សំអាន អតី​ត​​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​។ ប៉ុន្តែ​លោក សុខ ឥសាន ចាត់​ទុក​ក្ដី​សង្ឃឹម​នេះថា គ្រាន់​តែ​ជា​ក្ដី​ស្រមៃ​នៃ​មន្ត្រី​គណបក្ស​ប្រឆាំង​គ្នា​ឯង​តែ​ប៉ុណ្ណោះ។ ឆ្លើយ​នឹង​សំណួរ​ថា​តើអាចនឹងមាន​ការ​​ដោះលែងមន្ដ្រី​បក្ស​ប្រឆាំង​នៅ​សេស​សល់ ក្នុងកាលៈទេសៈ​ន​យោ​បាយ​បែប​នេះ​ទៀត​ទេ? លោក សុខ ឥសាន ស្នើ​ឲ្យ​រង់​ចាំ​មើល​ស្ថានភាព​វិវត្តន៍​ជាក់​ស្ដែង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI