កម្ពុជា

កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ការ​ប្រកួត​បាល់​ទាត់​អន្តរជាតិ​ពាន​រង្វាន់​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​ លើកទី៣

ក្រុម​បាល់ទាត់​អាយុ​ក្រោម ២៣ឆ្នាំ កម្ពុជា ពេល​ទទួល​បាន​ពានរង្វាន់​យុវជន​តំបន់​ទន្លេមេគង្គ ឆ្នាំ​២០០៩
ក្រុម​បាល់ទាត់​អាយុ​ក្រោម ២៣ឆ្នាំ កម្ពុជា ពេល​ទទួល​បាន​ពានរង្វាន់​យុវជន​តំបន់​ទន្លេមេគង្គ ឆ្នាំ​២០០៩

ទោះ​បីជា​វិស័យបាល់​ទាត់​នៅ​កម្ពុជាបាន​ធ្លាក់​ដល់​លេខរៀង ១៩៨​ លើ​ពិភពលោក ដែល​ជា​លេខ​ដ៏យ៉ាប់​យឺន​បំផុត​ បើ​ប្រៀប​ទៅនឹង​បណ្តា​ប្រទេសជិត​ខាង ក៏​ប៉ុន្តែ​ សហព័ន្ធ​កីឡា​បាល់ទាត់​នៃ​ប្រទេស​កម្ពុជា នៅ​ក្នុង​ឆ្នាំ​ ២០១៣នេះ មាន​ឱកាស​ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀបចំ​ការប្រកួត​បាល់ទាត់ អន្តរជាតិ​មួយ។ នោះ​គឺ​ការ​ប្រកួត​ពានរង្វាន់​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ នៃ​ប្រទេស​តំបន់​ទន្លេ​មេគង្គ។

ផ្សាយពាណិជ្ជកម្ម

ចាប់​ពី​ថ្ងៃទី​២​វិច្ឆិកា ដល់​១០វិច្ឆិកា ខាង​មុខ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀប​ចំការ​ការ​ប្រកួត​បាល់ទាត់​ អន្តរជាតិពានរង្វាន់យុវជនអាយុក្រោម២៣ឆ្នាំ នៃប្រទេស​តំបន់​ទន្លេមេគង្គ។​ ​ប្រទេស ៦​ នឹងចូលរួមការ​ប្រកួតនេះ ដែល​រួម​មាន ប្រទេស​ឡាវ មីយ៉ាន់​ម៉ា ថៃ វៀតណាម ម៉ាឡេស៊ី និង​កម្ពុជា។ តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ ការ​ប្រកួត​នេះ​គឺ​ជា​​ការ​សាក​សមត្ថភាព​កីឡាករ​​គ្រប់​ប្រទេស​ ក្នុង​តំបន់​ទន្លេ​មេគង្គ សម្រាប់​ត្រៀម​​ប្រកួត​កីឡាស៊ី​ហ្គេម ដែល​នឹង​មក​ដល់​នៅ​ខែ​ធ្នូ ចុង​ឆ្នាំ ២០០១៣នេះ។

កាលពី​ថ្ងៃចន្ទ សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា បាន​ឲ្យ​ដឹងនៅ​ក្នុង​សន្និសី​ទ​សារព័ត៌មាន​​ថា ការ​ប្រកួត​នេះ នឹង​ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ ដោយ​មាន​ការ​ប្រកួត​ចំនួន​ពីរ​ ជារៀងរាល់​ថ្ងៃសៅរ៍ ចាប់ពី​ម៉ោង ២រសៀល រហូត​ដល់​ម៉ោង​៦ល្ងាច។ ការ​ប្រកួតនេះ​ ក៏គ្រោង​នឹង​លក់​សំបុត្រ សម្រាប់​អ្នក​ចូលរួមទស្សនា​ផងដែរ។

ការប្រកួតនេះ​ចែក​ចេញជា ២ពូល គឺ​ពូល A មាន​ប្រទេសវៀតណាម មីយ៉ាន់ម៉ា និង​ថៃ។ ហើយ​ពូល B មាន​ប្រទេស​កម្ពុជា ឡាវ និង​ម៉ាឡេស៊ី។ ប្រទេសដែល​ក្លាយ​ជា​ជើង​ឯក នឹង​ទទួល​បាន​ទឹក​ប្រាក់ ២ម៉ឺនដុល្លារ។

គួរបញ្ជាក់ថា ​កាល​ពី​ការ​រៀបចំ​ការ​ប្រកួតយុវជន​អាយុ​ក្រោម២៣​ឆ្នាំ ប្រទេសតំបន់​ទន្លេមេគង្គ​លើក​ដំបូង នៅ​ឆ្នាំ ២០០៩ កម្ពុជាក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ក៏​ធ្លាប់​ក្លាយ​ជាជើងឯក​ការ​ប្រកួត​នេះ​ដែរ ប៉ុន្តែ​កម្ពុជា​បាន​បាត់បង់​ឱកាសនៅ​ក្នុង​ការ​ប្រកួត​លើកទី២ ក្នុង​ឆ្នាំ ២០១១ ដោយ​ពេល​នោះ​ គឺ​បាន​ទៅ​ប្រទេសមីយ៉ាន់ម៉ា។

ទោះ​ជាការ​ប្រកួត​ធំៗទាំងនេះ អាចធ្វើនៅ​ប្រទេសកម្ពុជា ប៉ុន្តែ​ មាន​មជ្ឈដ្ឋាន​ជាច្រើន ពិសេស​គឺ​ក្រុម​អ្នក​ស្រលាញ់​កីឡា​បាល់​ទាត់​ បានរិះគន់​ថា កម្ពុជា​មិន​បាន​ត្រៀម​ខ្លួន​ឲ្យ​​ល្អ​ប្រសើរ​សម្រាប់​ការ​ប្រកួត​បាល់ទាត់​ទាំងនេះទេ។ ជាក់​ស្តែង សូម្បីតែ​ហេដ្ឋារចនាសម្ព័ន្ធ ដូចជា​ពហុកីឡាដ្ឋាន​ជាដើម ហាក់​ពុំ​មាន​ស្តង់ដារ​អន្តរជាតិនោះឡើយ។
 

មួ​យ​វិញ​ទៀត ដីធ្លី​ជា​កម្មសិទ្ធិ​របស់​រដ្ឋនៅ​ជុំ​វិញ​ពហុកីឡាដ្ឋានជាតិ ទាំងស្តាត​អូឡាំពិក និង​ដីស្តាត​ចាស់ ក៏​​បានរួម​តូចទៅៗ ដោយសារតែ​ការ​កាត់ដី​​លក់​ឲ្យ​ក្រុមហ៊ុន​ឯកជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI