កម្ពុជា-សេដ្ឋកិច្ច

លោក​ ហ៊ុន​ សែន​៖​ ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពហុ​ភាគី​នៅ​លើ​ពិភព​លោក ​កំពុង​រង​ការ​គំរាម​កំហែង​

អន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់
អន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៧ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ @ក្រសួងពាណិជ្ជកម្ម

អន្តរកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​លើក​ទី​៧ ​ស្តីពី​កិច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​ថ្នាក់​តំបន់​ ត្រូវ​បាន​​រៀប​​ចំ​ឡើង​​នៅឯ​ខេត្ត​​សៀមរាប​ នា​​ថ្ងៃ​​សៅរ៍​​នេះ​ ដោយ​មាន​ការ​ចូល​រួម​​ពី​​តំណាង​​ប្រទេសជា​ដៃគូ​សេដ្ឋកិច្ច​ទាំង​១៦ ​នៅក្នុង​​តំបន់​​អាស៊ី​។ ​ក្រៅ​​ពី​​សម្ដែង​ការ​​ស្វាគមន៍​​ក្នុង​​នាម​​ជា​​ម្ចាស់​​ផ្ទះ​​រៀប​ចំ​​កិច្ច​​ប្រជុំ​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ​សែន ​បាន​​ថ្លែង​​ថា​ ​ប្រព័ន្ធ​​ពាណិជ្ជ​កម្ម​​ពហុ​​ភាគី​​នៅ​​លើ​​ពិភព​លោក​ កំពុង​​ស្ថិត​​ក្នុង​​ស្ថាន​ភាព​​តាន​តឹង​ និង​​កំពុង​​ប្រ​ឈម​​នឹង​​ការ​​គំរាម​​កំហែង​​។​

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​រដ្ឋមន្រ្តី មកពីបណ្តាប្រទេសទាំង១៦ ស្តីពីកិច្ចព្រម​ព្រៀង​ភាព​ជាដៃ​គូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ប្រមុខ​រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានថ្លែងថា ក្នុងពិភពលោកទាំងមូល ប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលមាន​លក្ខណៈ​សេរី​ និង បើកចំហ កំពុងស្ថិតក្នុងស្ថានភាពតានតឹង និង កំពុងប្រឈម​នឹង​ការ​គំរាម​កំហែង។​ ស្ថិតក្នុងភាពគំរាមកំហែង បើតាម លោក ហ៊ុន សែន គឺ ដោយសារ​ប្រទេស​មួយ​ចំនួន រួមទាំងបញ្ហាប្រទេសមហាអំណាចធំៗ ប្រកាន់យកគោលនយោ​បាយ​ឯកតោ​ភាគី​និងទ្វេភាគីដែលគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យគំនិតគាំពារ​និយមមាន​ការ​កើន​ឡើង ហើយអាច​ធ្វើឱ្យ​មានផលប៉ះពាល់ដល់ការធ្វើ​ពាណិជ្ជកម្ម​សេរីនៅក្នុង​តំបន់​របស់​ប្រទេសសមាជិក ACEP។

ប្រទេសជា​សមាជិកACEP ទាំង១៦ប្រទេសគឺមានសមាជិកអាស៊ានទាំង១០ បូកនឹង​ បណ្តាប្រទេសជាដៃគូ​ពាណិជ្ជកម្មចំនួន៦ទៀត រួមមាន អូស្រ្តាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាង​ត្បូង និង​នូវែលហ្សេឡង់។ ប្រជាជនសរុបទាំង ១៦ប្រទេសនេះ មានរហូតដល់ ៤៥%នៃចំនួនប្រជាជនសរុបនៅលើពិភពលោក ខណៈផលិតផល​ក្នុងស្រុក​សរុប​ជិត​៣០%​នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោកទាំងមូល។ ចំណែក​ពាណិជ្ជកម្ម​របស់​ប្រទេសជាសមាជិក ACEPគឺមាន២៨,៥% នៃពាណិជកម្មពិភពលោក ។

បើតាម លោក ហ៊ុន សែន ប្រទេសសមាជិក ACEP ត្រូវរួមគ្នាខិតខំប្រឹងប្រែង ដើម្បី​បញ្ចប់​ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ឱ្យបាន​ទាន់​ពេលវេលា ស្របពេលកម្ពុជាត្រូវធ្វើការកែទម្រង់លិខិតបទដ្ឋានច្បាប់មួយចំនួន និង ត្រូវធ្វើតាមការសម្របសម្រួលជាមួយប្រទេសជាដៃគូដទៃទៀត។

គួរឲ្យដឹងថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ ត្រូវគេ​រំពឹង​ថា នឹងបញ្ចប់ជាស្ថាពរក្នុងឆ្នាំ២០១៩ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​របស់​ថ្នាក់​ដឹក​នាំនៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល RCEP លើកទី ២ កាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ នៅប្រទេសសិង្ហបុរី ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI