លោក ហ៊ុន សែន ដកតំណែងអភិបាលរងខេត្តព្រះសីហនុពីររូប បន្ទាប់ពីបង្រ្កាបពលរដ្ឋលើទំនាស់ដីធ្លី
អភិបាលរងខេត្តព្រះសីហនុចំនួនពីររូបត្រូវបានប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន សម្រេចបញ្ចប់មុខតំណែងនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានការបង្រ្កាបលើទំនាស់ដីធ្លីដោយហិង្សាមួយកន្លែងនៅខេត្តទេសចរណ៍ជាប់មាត់សមុទ្រមួយនេះ កាលពីចុងខែមករា។ អភិបាលរងខេត្តទាំងពីររូបនេះ គឺស្ថិតក្នុងចំណោមមន្រ្តីជាន់ខ្ពស់ខេត្តនេះចំនួន៣នាក់ ដែលត្រូវបានលោក ហ៊ុន សែន ព្រមានដកតំណែង កាលពីម្សិលមិញខណៈលោកដឹកនាំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់ ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
យោងតាមអនុក្រឹត្យ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបញ្ចប់មុខតំណែងអភិបាលរងខេត្តព្រះសីហនុចំនួនពីររូប គឺលោក ស្រ៊ុន ស្រ៊ន់ និង លោក ផៃ ប៊ុនវណ្ណៈ។ លោក ផៃប៊ុន វណ្ណៈ ដែលបានដឹកនាំកម្លាំងចម្រុះ ៣០០នាក់ រាប់ទាំងកម្លាំងយោធាផង ចុះទៅអនុវត្តសាលដីកាក្នុងជម្លោះដីធ្លីនៅ ឃុំបិតទ្រាំង ស្រុកព្រៃនប់ ដើម្បីវាស់វែងដីឲ្យអ្នកស្រី ហុង សួន ភរិយារបស់ឧកញ៉ា ស៊ីវ គង់ទ្រីវ។ ជាការចុះអនុវត្តសាលដីកា ធ្វើឲ្យពលរដ្ឋរាប់រយនាក់តវ៉ា ដុតកង់ឡាននិងបិទផ្លូវ ហើយក៏មានហិង្សាបណ្តាលពលរដ្ឋម្នាក់រងរបួសដោយគ្រាប់កាំភ្លើង។
ត្បិតតែលោក ហ៊ុន សែន មិនបានបញ្ជាក់ចំៗពីមូលហេតុនេះក៏ដោយ តែនៅលើទំព័រហ្វេសប៊ុករបស់លោកបានសរសេរថា «ថ្ងៃនេះខ្ញុំបង្ខំចិត្តអនុវត្តន៍អភិក្រមទី៥គឺការវះកាត់ដោយដកអភិបាលរងខេត្តព្រះសីហនុពីររូបចេញពីតំណែង។ខ្ញុំត្រូវតែយកគ្រាប់គ្រួសនិងខ្សាច់ចេញពីស្បែកជើងទើបអាចដើរទៅមុខទៀតបាន»។ សារនេះគឺដូចគ្នានឹងអ្វីដែលលោកប្រមុខរដ្ឋាភិបាលថ្លែងនៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យ«មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ»នៅព្រឹកថ្ងៃសុក្រនេះដែរ។
បើតាម លោក ហ៊ុន សែន លោកបានប្រើអំណាចរបស់លោក ដើម្បីដកចេញពីតំណែងហើយ ឯការងារបន្ដ គឺជាភារកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ។
សូមរំឭកថា នៅក្នុងកិច្ចប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ កាលពីថ្ងៃព្រហស្បតិ៍ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ឲ្យសិក្សាពីលទ្ធភាពដកតំណែងមន្ត្រីជាន់ខ្ពស់ ៣រូប គឺអភិបាលរងពីររូប និងមេបញ្ជាការយោធា ខេត្តព្រះសីហនុ ម្នាក់ទៀត ពាក់ព័ន្ធនឹងការចុះអនុវត្តសាលដីកាលើទំនាស់ដីធ្លីនៅខេត្តទេសចរណ៍មួយនេះដែលបង្កឲ្យពលរដ្ឋរងរបួសដោយគ្រាប់កាំភ្លើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ