កម្ពុជា

CMAC៖ កម្ពុជាឈឺចាប់ពីរដង ដោយសារករណីទម្លាក់គ្រាប់បែកពីអាមេរិក

កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​
កម្ពុជា​កំពុង​ធ្វើយុទ្ធនាការ​ជំរុញអោយ​សមាជិក​អាស៊ាន​ផ្តល់សច្ចាប័ន​ចូលរួម​ក្នុងអនុសញ្ញា​មីនប្រឆាំង​មនុស្ស​ © លាងដឺលុច

ប្រជា​ពល​រដ្ឋ​កម្ពុជា​រង​ទុក្ខ​ពីរ​ដង​ក្នុង​ករណី​ទម្លាក់​គ្រាប់​បែក ​ដែល​ធ្វើ​ឡើង​ដោយ​អាមេរិក​ កាល​ពី​សម័យសង្រ្គាម​វៀត​ណាម​។ ​នេះបើ​​តាម​ប្រធាន​មជ្ឈ​មណ្ឌល​សកម្មភាពកម្ចាត់​មីន​កម្ពុជា​(CMAC) ក្រោយ​ពេល​ដែលលោក​អូបាម៉ា ​ប្រធា​នាធិបតី​អាមេរិក​ផ្តល់​ជំនួយ​៩០​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​ឡាវ ​ដើម្បី​ដោះ​គ្រាប់​មិនទាន់​ផ្ទុះ​ដែល​អាមេរិក​ទម្លាក់​។

ផ្សាយពាណិជ្ជកម្ម

លោកហេង រតនា​ នាយក​​ម​ជ្ឈ​មណ្ឌល​​សក​ម្ម​ភាពកម្ចាត់មីន​កម្ពុជា​ បាន​សរសេរ​ក្នង​ទំព័រ​ហ្វេស​ប៊ុក​របស់លោក​កាល​ពីថ្ងៃទី​០៦ ​ខែក​ញ្ញាថា​ ប្រជា​ពល​រដ្ឋ​កម្ពុជា​រង​ទុក្ខ ​និង​ឈឺ​ចាប់​ចំនួ​ន២ដង ​ពី​សហ​រដ្ឋ​អាមេរិក ករណី​ទម្លាក់​គ្រាប់​បែក​នៅ​កម្ពុជា​ក្នុង​អំឡុង​សង្គ្រាម​វៀត​ណាម​។

ក្នុង​សំណេរ​នោះ​បាន​លំអិត​ពី​ចំណុចទាំង​២ថា​ “​ភាព​ឈឺចា​ប់​លើក​ទី​១​គឺ​ដោយ​សារ​អាមេរិក​ទម្លាក់​គ្រាប់​បែកជិត៣លាន​តោន​​ គ្រាប់​បែក​ចង្កោម​ជិត​៣០លា​នគ្រាប់​​ គ្រាប់​បែក​គីមី​​ CSជា​ដើម​។ល។​ ... ទី២​គឺ​​ នៅ​ពេលដែ​លអាមេរិក​ដឹង​ខ្លួន​នឹង​ទទួល​ស្គាល​ការ​ពិត​ក្នុង​សង្គ្រាម​នៅ​ឥណ្ឌូចិ​ន.​..ខាង​ប្រទេស​វៀត​ណាម​​ និ​ងឡាវ​បាន​ទទួលជំនួយ​កើន​ឡើង​រហូត​ដល់​ជិត​១០០​លាន​ក្នុង​រយះ​ពេល​៣ឆ្នាំ​​​ ដើម្បី​ជា​ការ​ដោះ​ស្រាយ​ស្រាយ​បញ្ហាធា​នា​សុខ​សុវតិ្ថភា​ព​ដល់​ប្រជា​ជន​រប​ស់ខ្លួន​​ ​ តែ​កម្ពុជា​ទទួល​បាន​តិច​តួច​ប៉ុណ្ណោះ!​​”
 
សំណេរ​របស់​លោក​ហេង ​រតនា ​គឺ​ជា​សារ​ប្រតិតកម្ម​ភ្លាមៗ ​ទៅ​នឹង​លុយ​ជំនួយ ​ដែល​លោក​ប្រធានា​ធិប​តីអាមេរិ​កបា​នផ្ត​ល់​ទៅឲ្យប្រ​ទេស​ឡាវ​កាល​ពី​ថ្ងៃទី០​៦ ​ខែ​កញ្ញា្ ​ចំនួន​៩០លាន​ដុល្លារ​អាមេរិ​ក​សម្រាប់​ដោះ​គ្រាប់មិន​ទាន់​ផ្ទុះ ​ដែល​អាមេរិ​កទម្លាក់​។

ប្រធាន​CMAC រូប​នេះ​បាន​សរសេរ​ទៀត​ថា ​“កាក​សំណល់​សង្គ្រាម​របស់​អាមេរិក​ទាំង​នេះ​បន្ត​សម្លាប់​និង​ធ្វើ​ឲ្យរបួស​ប្រជាជ​ន​ស្លូត​ត្រង់​កម្ពុជា​យ៉ាង​អយុតិ្ត​ធម៌​បំផុត​​! ...តើ​មាន​មូល​ហេតុ​អ្វី​ដែល​អាមេរិក​រំលោភ​សិទិ្ធ​ប្រជាជន​កម្ពុជា​ម្តង​ជា​ពីរដង ​បែប​នេះ​?

នៅ​ថ្ងៃ​ទី​១០ ​ខែ​កញ្ញា ​វិទ្យុ​បារាំង​អន្តរ​ជាតិ​មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ណា​មួយ​ពី​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ កម្ពុជា​បាន​ទេ​។ ប៉ុន្តែ​បើ​តាម​ប្រភព​ព័ត៌​មាន​ពី​CMAC​បាន​ឲ្យ​ដឹង​ថា​ សហ​រដ្ឋ​អាមេរិក​ គឺ​ជា​ប្រទេស​ផ្តល់​ជំនួយ​ធំទី២​ ដើម្បី​ការ​ដោះ​មីន​ក្នុង​ប្រទេស​កម្ពុជា ​ចំណែក​ឯ​ជប៉ុន​​​ជា​​ប្រទេស​​មួ​យ​នាំ​មុខ​​ក្នុង​​ការ​​ផ្ដល់​​ជំនួយ​ដោះមីន ហើយ​ក្រៅ​ពី​នោះ​មាន​ប្រទេស​អាឡឺម៉ង់​ជា​ដើម។ កាល​ពី​ឆ្នាំ២០១៤​កន្លង​ទៅ សហ​រដ្ឋ​អាមេរិក​ក៏បាន​ប្រកាសបន្ថែម​ជំនួយ​របស់​ខ្លួន​ពី​១លាន​ដុល្លារ​អាមេរិក ក្នុងមួយ​ឆ្នាំ​ទៅ​២.៦​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។

លោក ហេង រតនា ធ្លាប់​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​ថា នៅ​ក្នុង​ឆ្នាំ​២០១៦នេះ ភ្នាក់ងារ​បរទេស​មួយ​ចំនួន ​បាន​កាត់​បន្ថយ​ជំនួយ​ផ្នែក​ថវិកា​នៅ​ក្នុង​ វិស័យដោះមីន​របស់​កម្ពុជា ​ដោយ​សារ​តែ​ស្ថានការណ៍​ពិភព​លោក​ និង​គោល​នយោបាយ​របស់​ប្រទេស​ខ្លះ​មាន​ការ​ប្រែ​ប្រួល។ ចំពោះ​ឆ្នាំ២០១៦​នេះ​ កម្ពុជា​បាន​ទទួលជំនួយ​តែ​២២​លាន​ដុលា្លរ​អាមេរិក​តែ​ប៉ុណ្ណោះ។ 

យោង​តាម​អាជ្ញាធរ​មីន​កម្ពុជា​បាន​ឲ្យដឹងថា កម្ពុជា​ត្រូវ​ការ​ទឹក​ប្រាក់​ប្រមាណ​៤៥៥​លាន​ដុល្លារ​អាមេរិក ដើម្បី​សំអាតគ្រាប់​មិន​ទាន់​ផ្ទុះ​រហូត​ដល់​ឆ្នាំ​២០១៩​។ ដោយឡែក​ក្នុង​រយៈ​ពេល​៧​ខែ​ក្នុង​ឆ្នាំ២០១៦នេះ មាន​មនុស្ស​ស្លាប់ ​និង​របួស​ដោយ​សារ​គ្រប់​មីន​ចំនួន ៥៩ នាក់។ ហើយ​ផ្ទៃដី​ដែលនៅ​សេស​សល់​ទាំង​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​មាន​ចំនួន​ជាង ​២​ពាន់​ម៉ែត្រ​ក្រឡា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI