កម្ពុជា

អ្នកជំនាញ​​នឹង​​ជួបគ្នា​ និយាយ​​​ពី​​ការវិវត្ត​ទំនប់​ដនសាហុង នៅ​​ប្រទេស​​ថៃ​​សប្តាហ៍​​ក្រោយ

ជីវភាព​​របស់​​ប្រជាជន​​កម្ពុជា​​នៅ​​តាម​​ដង​​ទន្លេ​​មេគង្គ​​ក្បែរ​​ព្រំដែន​​ឡាវ ដែល​អាច​ត្រូវ​ប៉ះពាល់​ដោយ​ទំនប់​ដន​សាហុង។
ជីវភាព​​របស់​​ប្រជាជន​​កម្ពុជា​​នៅ​​តាម​​ដង​​ទន្លេ​​មេគង្គ​​ក្បែរ​​ព្រំដែន​​ឡាវ ដែល​អាច​ត្រូវ​ប៉ះពាល់​ដោយ​ទំនប់​ដន​សាហុង។

ក្រុម​អ្នកស្រាវជ្រាវ អង្គការ​សង្គម​ស៊ីវិល និង​តំណាង​រដ្ឋាភិបាល​មកពី​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​​នឹង​ជួប​ប្រជុំគ្នា​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យ​មើល​ការវិវត្តន៍​ថ្មីៗ​នៃ​ការសាងសង់​ទំនប់​វារីអគ្គីសនី ដន សាហុង នៅ​ប្រទេស​ឡាវ។ ទំនប់ ​ដន សាហុង ​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ពី​សង្គម​ស៊ីវិល​នៃ​បណ្តា​ប្រទេស​សមាជិក​ទន្លេ​មេគង្គ​ត្រូវ​គេ​សង្ស័យ​ថា បាន​សាងសង់​នៅ​លើ​ទីតាំង​ដ៏​សំខាន់​របស់​​ទន្លេ​មេគង្គ បង្ក​ឲ្យ​ប៉ះពាល់​ផល​ប្រយោជន៍​វិស័យ​ជលផល ប្រទេសថៃ កម្ពុជា និង​វៀតណាម និង​គំរាម​សន្តិសុខ​ស្បៀង​នៅ​តំបន់​នេះ។

ផ្សាយពាណិជ្ជកម្ម

ក្រុម​អង្គការ​សង្គម​ស៊ីវិល អ្នកស្រាវជ្រាវ និង​តំណាង​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា វៀតណាម និង​ប្រទេស​ថៃ នឹង​ជួបប្រជុំគ្នា​ថ្ងៃទី១៩កុម្ភៈ​ខាងមុខ តាមរយៈ​សិក្ខាសាលា​មួយ​នៅ​ប្រទេស​ថៃ ដើម្បី​បង្ហាញ​ពី​កា​រវិ​វ​ត្តិ​ន៍ថ្មីៗ និង​រិះរក​វិធី​ដោះស្រាយ​ទាក់ទង​ទៅនឹង​កា​សាងសង់​ទំនប់ ដន សា​ហុង នៅ​ប្រទេស​ឡាវ។ទំនប់​ដន​សា​ហុង ដែល​ប្រទេស​ឡាវ​គ្រោង​ទាញយក​វា​រី​អគ្គីសនី​ពី​ទីនោះ ត្រូវគេ​មើលឃើញថា មាន​ផលប៉ះពាល់​យ៉ាងខ្លាំង​ទៅដល់​ប្រទេស​ដែលជា​សមាជិក​ទន្លេមេគង្គ​ឯទៀត​រួមមាន កម្ពុជា វៀតណាម និង​ថៃ។

លោក យុក សេង​ឡុង ប្រធាន​កម្មវិធី​សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល ដែល​នឹងត្រូវ​ទៅ​ចូលរួម​ពិភាក្សា​នៅ​ប្រទេស​ថៃ​ពី​បញ្ហា​ទំនប់​ដន​សា​ហុង​នេះ​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ
RFI ថា ការជួបគ្នា​របស់​តំណាងផ្សេងៗមកពី​ប្រទេស​ដង​ទន្លេមេគង្គ គឺ​ចង់បង្ហាញ​ពី​ការវិវត្តន៍
ថ្មីៗបំផុត​នៃ​ការសាងសង់​ទំនប់​ដន​សា​ហុង​នៅ​ប្រទេស​ឡាវ​ដ៏​ចំរូង​ចំ​រះ។

លើសពីនេះ ជំនួប​នោះ​នឹង​ត្រូវគេ​ព្យាយាម​រកហេតុ​ផល​និង​ភស្តុតាងផ្សេងៗបន្ថែមទៀត ដែល​បង្ហាញថា​គំរោង​សំណង់​វា​រី​អគ្គីសនី​ដន​សា​ហុង បាន​ប្រព្រឹត្តិ​ឡើង​នៅលើ​ដៃ​នៃ​ទន្លេមេគង្គ ឬ​នៅលើ​ផ្នែក​សំខាន់​នៃ​ទន្លេមេគង្គ ដែល​រង​ផលប៉ះពាល់​ដល់​ប្រទេស​ឯទៀត។​ទំនប់​ដន​សា​ហុង មាន​កំពស់​ជាង៣០ម៉ែត្រ ស្ថិតនៅ​ចំងាយ​ប្រមាណ​ជា​ពីរ​គីឡូម៉ែត្រ ខាងលើ​ខ្សែរ​ទឹក​នៃ​ព្រុំដែន​ប្រទេស​ឡាវ-កម្ពុជា។ទំនប់​នេះ​ត្រូវបាន​ចាប់ផ្តើម​សាងសង់ឡើង​កាលពី​ឆ្នាំ២០០៧ ដោយ​ក្រុមហ៊ុន​វិស្វកម្ម​និង​សំណង់​ម៉ាឡេស៊ី Mega First Corporation Berhad ហើយ​បាន​​​ផ្អាក​សកម្មភាព​ម្តង​ហើយ​ដោយសារ​មានការ​តវ៉ា​ពី​ប្រទេស​តាម​ដង​មេគង្គ​ឯទៀត។

ក៏ប៉ុន្តែ​ទំនប់​នេះ​បានចាប់ផ្តើម​ឡើងវិញ​កាលពី​ឆ្នាំ២០១៣កន្លងទៅនេះ នៅពេលដែល​ប្រទេស ឡាវ​បានប្រកាស​ក្នុង​សេចក្តីជូនដំណឹង​របស់​គេ​ថា ទំនប់ ដន សា​ហុង មិនមាន​ផលប៉ះពាល់​ទៅដល់​ត្រី និង​ផ្នែកផ្សេងៗទៀត​នោះទេ ព្រោះ​មាន​ទីតាំង​ស្ថិតនៅលើ​ដៃទន្លេ មិនមែន​នៅលើទន្លេ​មេនោះ​ទេ។ នៅក្នុង​កិច្ចព្រមព្រៀង​ទន្លេមេគង្គ ឬ Mekong Agreement ឆ្នាំ១៩៩៥ កាលណា​ការសាងសង់​ទំនប់​អ្វីមួយ​នៅក្នុង​ដៃទន្លេ គេ​មិន​តម្រូវ​ឲ្យ​មានការ​សិក្សា​រួម​គ្នាន​ឡើយ។

ទោះជា​យ៉ាងនេះ​ក្តី​អង្គការក្រៅរដ្ឋាភិបាល​នៃ​ប្រទេស​ទាំងបី​ដែលមាន​ការជំទាស់​ខ្លាំង​នៅតែ​អះអាងថា​ទំនប់ ដន សា​ហុង​នៅតែ​ស្ថិតក្នុង​ភាព​សង្ស័យ​ដដែល។ សម្រាប់​ពេលនេះ គេ​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​ថា ការវិវត្តន៍​ទៅមុខ​នៃ​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី ដន សា​ហុង នឹង​ឈានដល់​កំរិតណា​នៅឡើយ​ទេ។ ក៏ប៉ុន្តែ​មន្ត្រី​ដែល​មកពី​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​អ្នកជំនាញ​នានា សង្ឃឹមថា ពួកគេ​នឹង​ទទួលបាន​ព័ត៌មានថ្មីៗ ពីគ្នា​តាមរយៈ​ជំនួប​ដែលមាន​ការស្រាវជ្រាវ​ក​ន្ល​ង​មក។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI